ស្នងការនគរបាលខេត្តព្រះសីហនុ ព្រមានមន្ត្រីនគរបាលទូទាំងខេត្ត មិនឱ្យយករថយន្ត ន.ប ឬរថយន្តស៊ីរ៉ែន ទៅបម្រើឱ្យវិស័យឯកជនជាដាច់ខាត

  • ច័ន្ទ ១៥ កក្តដា, ២០១៩ ១៥:៥៥

(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានព្រមានដល់មន្ត្រីនគរបាលទូទាំងខេត្ត មិនត្រូវយករថយន្តដែលមានស្លាកលេខនគរបាល រថយន្តស៊ីរ៉ែន និងរថយន្តអន្តរាគមន៍ទៅប្រើប្រាស់ ឬទៅបើកនាំផ្លូវក្នុងវិស័យឯកជន ឬឱ្យមានជនបរទេសប្រើប្រាស់ ជាពិសេសកងកម្លាំងនគរបាល មិនត្រូវចេញទៅស៊ីឈ្នួល ការពារតាមក្លឹបកម្សាន្ត ខារ៉ាអូខេ ឬការពារវិស័យឯកជនជាដាច់ខាត។

ការព្រមានបែបនេះរបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោក បានអញ្ជើញដឹកនាំបើកកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពី «ការគ្រប់គ្រងប្រើប្រាស់ក្របខណ្ឌមន្ត្រីនគរបាលជាតិ ការគ្រប់គ្រងប្រើប្រាស់អាវុធជាតិផ្ទុះ និងមធ្យោបាយ»។

នៅក្នុងឱកាសនេះដែរ លោកស្នងការ បានជំរុញឱ្យមន្ត្រីនគរបាលទាំងអស់ ត្រូវអនុវត្តតាមអភិក្រមទាំង ៥ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមមានទី១៖ ឆ្លុះកញ្ចក់, ទី២៖ ងូតទឹក, ទី៣៖ ដុសក្អែល, ទី៤៖ ព្យាបាល និងទី៥៖ វះកាត់ (មន្ត្រីត្រូវបម្រើប្រជាពលរដ្ឋ)។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានណែនាំបញ្ជាក់បន្ថែមអំពីខ្លឹមសារសេចក្តីណែនាំទាំង១០ចំណុច របស់ក្រសួងមហាផ្ទៃ ដែលបានដាក់ចេញយ៉ាងច្បាស់លាស់អំពីតួនាទី ភារកិច្ចរបស់កង កម្លាំងនគរបាលជាតិ ការប្រើប្រាស់កម្លាំងប្រើប្រាស់អាវុធ និងមធ្យោបាយឱ្យបានសមស្រប តាមភារកិច្ចដែលថ្នាក់លើប្រគល់ជូន ហើយវិន័យកងកម្លាំត្រូវស្លៀកពាក់ឱ្យសមស្រប កងកម្លាំងត្រូវកាត់សក់ កាត់ខ្លី មានសីលធម៌ និងការនិយាយស្ដីសមរម្យ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានជំរុញឱ្យកងកម្លាំងតម្រួតបទបញ្ជារចេញ ល្បាតមើលសកម្មភាពនានាដោយយកចិត្តទុកដាក់បំផុត គ្រប់ផែនទាំងអស់ និងអធិការនគរបាលក្រុង-ស្រុក ត្រូវធ្វើការប្រជុំផ្សព្វផ្សាយដោយមានលោកស្នងការរង ទទួលអធិការក្រុងស្រុកចុះប្រជុំអំពី សេចក្តីណែនាំនេះបន្ត ឱ្យដល់មន្ត្រីក្រោមឱវាទឱ្យបានយល់ដឹង និងអនុវត្តឱ្យបានម៉ឺងម៉ាត់។

លោកឧត្តមសេនីយ៍ត្រី អ៊ឹម វលក្ខណ៍ ស្នងការរង ជាប្រធានសេនាធិការ បានឡើងអានសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ លេខ ០១៩សណន ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ ស្តីពី «ការគ្រប់គ្រងប្រើប្រាស់ក្របខណ្ឌមន្ត្រីនគរបាលជាតិ ការគ្រប់គ្រងប្រើប្រាស់អាវុធជាតិផ្ទុះ និងមធ្យោបាយ» ដែលមានខ្លឹមសារ ១០ចំណុច បានចែងយ៉ាងច្បាស់អំពីតួនាទីភារកិច្ច របស់កងកម្លាំងនគរបាលជាតិ ក្នុងការបំពេញការងារប្រចាំថ្ងៃ បម្រើប្រជាពលរដ្ឋដោយមានស្មារតីទទួលខុសត្រូវខ្ពស់៕