តម្រា រំពឹងថា រឿង «បឹងអតីត» នឹងលក់ចេញឆាប់រហ័ស ជាងសៀវភៅមុនៗ!

ភ្នំពេញ៖ តម្រា កំពុងមានសុទិដ្ឋិថា ចំណងជើងទីបី នៃសមិទ្ធិផលបោះពុម្ពផ្សាយរបស់ខ្លួន «បឹងអតីត» នឹងលក់ដាច់លឿនជាងសៀវភៅមុនៗ អាស្រ័យដោយគំនិតរឿងដ៏ថ្មី និងទាក់ទាញ។

«បឹងអតីត» ជាប្រភេទប្រលោមលោកមនោសញ្ចេតនា លាយឡំនឹងអាថ៌កំបាំងជ្រៅ ដែលជាស្នាដៃថ្មីសន្លាងរបស់អ្នកនិពន្ធយុវវ័យ ស៊ុយ លីនប៉ាវ រួមជាមួយអ្នកនិពន្ធ ឆោម សុពៅ អ្នកទាំងពីររួមគ្នារចនាមាតិកាក្នុងសៀវភៅកម្រាស់ ២០០ ទំព័រនេះ ឲ្យកាន់តែមានរូបភាពពិសេស។

កញ្ញា ទូច បុប្ផា នាយិកា តម្រា បានឲ្យដឹងត្រួសៗថា បើមើលលើចំណងជើង និងសាច់រឿង «បឹងអតីត» នេះយើងដឹងថា តម្រា មានការសម្រិតសម្រាំងខ្លឹមសារ ដើម្បីធ្វើយ៉ាងណាមិនឲ្យអ្នកអានប្រចាំរបស់ខ្លួនខកបំណងឡើយ។ យើងមានសុទិដ្ឋិនិយមថា វានឹងលក់ចេញលឿនជាង «អាគមបរព្រៃ» ទៅទៀត។  

កញ្ញា ទូច បុប្ផា នាយិកាតម្រា

«បឹងអតីត» ជាប្រលោមលោកនិយាយអំពីអាថ៌កំបាំងនៃបឹងធម្មជាតិដ៏ស្អាតមួយ ដែលត្រូវបានបោះបង់ជាង ៣០ ឆ្នាំមកហើយ រហូតដល់តួឯកប្រុសរបស់យើងបានមករកទីតាំងថតរឿង ហើយជួយជាមួយតួស្រីនៅទីនោះ។

ជាមួយ Tag Line ថា៖ «គេប្រាប់បងថា អូនជាខ្មោច តែបងដឹងមិនពិត….!» យុវអ្នកអានជាច្រើនកំពុងអន្ទះសារចង់បានសៀវភៅមួយនេះមកគ្រប់គ្រង។

តម្រា ទើបនឹងបញ្ចេញសៀវភៅពេលវេលារបស់ខ្លួនកាលពីដើមខែមិថុនា ហើយរហូតដល់ពេលនេះ គេបានបញ្ចេញលក់អស់ពីស្តុកជាង ២០០០ ក្បាល ដែលជាតួលេខធំសម្បើមមួយសម្រាប់ទីផ្សារអំណាននៅកម្ពុជា។

កាលពីដើមឆ្នាំនេះ តម្រា ធ្លាប់បានប្រកាសទទួលយកស្នាដៃអ្នកនិពន្ធនានាមកពិភាក្សាធ្វើយ៉ាងណាឲ្យការបោះពុម្ពកាន់តែសម្បូរបែបឡើងនៅក្នុងប្រទេសយើង៕

រឿងប្រលោមលោក «បឹងអតីត»