បុរសជនជាតិឥណ្ឌាបីនាក់ ត្រូវបានមេខ្យល់បោកយកមកធ្វើការនៅចំការដូងប្រេង ក្នុងទីក្រុងគូឡាឡាំពួ ត្រូវបានវ៉ៃធ្វើបាបនិងដាក់ច្រវ៉ាក់

  • ច័ន្ទ ១៥ កក្តដា, ២០១៩ ១៦:៤២

គូឡាឡាំពួ៖ បុរសជនជាតិឥណ្ឌាបីនាក់ ត្រូវបានមេខ្យល់នាំមកទីក្រុងគូឡាឡាំពួ ដោយសន្យាថានឹងផ្ដល់ការងារឲ្យធ្វើនៅចំការប្រេងដូង។ ប៉ុន្ដែពួកគេទាំងបី ត្រូវបានគេបង្ខំឲ្យធ្វើការ១២ម៉ោងក្នុងមួយថ្ងៃ ដោយមិនមានម៉ោងសម្រាកទាំងអស់ និងដាក់ច្រវ៉ាក់ពួកគេទៀតផង។

បុរសឥណ្ឌាទាំងបីបានប្រាប់ប្រភពថា ពួកគេបានធ្វើដំណើរមកដល់ទីក្រុងគូឡាឡាំពួតាំងពីខែកញ្ញា ឆ្នាំ២០១៨មកម៉្លេះ ដោយប្រើប្រាស់សេវាកម្មមួយសម្រាប់រកការងារធ្វើ។ មេខ្យល់បានមកទទួលពួកគេនៅព្រលានយន្តហោះ រួចបន្ដដំណើរមកកាន់ចំការដូងប្រេងនេះ។

បុរសឥណ្ឌាទាំងបីបានបន្ដទៀតថា មេខ្យល់បានដកហូតលិខិតឆ្លងដែននិងទូរស័ព្ទរបស់ពួកគេភ្លាមៗនៅពេលមកដល់ចំការដូងប្រេងភ្លាម។ មេខ្យល់បានសន្យាផ្ដល់ប្រាក់ខែចំនួន ១៤៦ដុល្លារក្នុងមួយខែ ប៉ុន្តែពួកគេមិនដែលបានទទួលប្រាក់ខែទេ។

ប៉ូលិសបានឲ្យដឹងថា ម្នាក់ក្នុងចំណោមជនរងគ្រោះ ត្រូវបានដាក់ច្រវ៉ាក់ និងវ៉ៃដៃជាច្រើនដង បណ្ដាលឲ្យមានរបួសធ្ងន់។ ជនរងគ្រោះម្នាក់រត់គេចចេញរួច បានមកប្ដឹងប៉ូលិសនៅតំបន់នោះ កាលពីថ្ងៃសៅរ៍សប្តាហ៍មុនកន្លងទៅនេះ។ បន្ទាប់មកប៉ូលិសក៏បានចុះទៅដល់កន្លែងកើតហេតុ ចាប់ឃាត់ខ្លួនបុរសជនសង្ស័យម្នាក់ នៅអាហារដ្ឋានមួយកន្លែងជិតចំការដូងប្រេង។ ប៉ូលិសសន្និដ្ឋានថា បុរសនោះជាអ្នកធ្វើបាបបុរសឥណ្ឌាទាំងបី ដោយប្រើទារុណកម្ម មិនផ្ដល់អាហារ និងបង្ខំឲ្យធ្វើការលើសម៉ោង។ បុរសឥណ្ឌាទាំងបីត្រូវបានជួយសង្គ្រោះ និងជនសង្ស័យកំពុងឃុំខ្លួនដើម្បីដោះស្រាយ៕

បុរសឥណ្ឌាម្នាក់កំពុងមានរបួសនិងជាប់ច្រវ៉ាក់