ហេតុផលពិត ម៉េចបានទឹកក្រូចឆ្មារ ជាឱសថសម្រកទម្ងន់ធម្មជាតិដ៏អស្ចារ្យ!

  • អង្គារ ១៦ កក្តដា, ២០១៩ ០៨:២៦

ទឹកក្រូចឆ្មារ ត្រូវគេជឿថាជាឱសថសម្រកទម្ងន់តាមបែប​ធម្មជាតិដ៏អស្ចារ្យ ថែមទាំងជួយរាង​កាយ​មាន​សុខភាព​ល្អ កាត់បន្ថយ​ជាតិ​ពុល​បាន​យ៉ាង​ច្រើន។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​គុណប្រយោជន៍​ដ៏អស្ចារ្យពីទឹកក្រូចឆ្មារ យើង​គួរ​បញ្ចូលក្នុងរបបអាហារ។

១- ទឹកក្រូច​ឆ្មារម្រកទម្ងន់

ទោះ​បី​ជា​អ្នក​ជំនាញ​ចំណីអាហារ ​បាន​បញ្ជាក់​ថា​ ទឹក​ក្រូច​ឆ្មារ មិនមាន​​ឥទ្ធិពល​ផ្ទាល់​លើ​ការ​សម្រក​ទម្ងន់​ក៏​ពិត​មែន ប៉ុន្តែគេ​ជឿ​ថា ទឹក​ធម្មជាតិ​ប្រភេទ​នេះ ជាកត្តា​ជួយ​ជំរុញក្នុង​ផែនការ​សម្រក​ទម្ងន់បាន​ជោគជ័យ ដោយ​សារ​​ជា​របស់​ធម្មជាតិ​ គ្មាន​សារធាតុ​បន្ថែម​អ្វី​ឡើយ ហេតុនេះ​គឺ​ល្អ​សម្រាប់​រាងកាយ​យើង។

ក្រៅ​ពី​នេះ ទឹកក្រូច​ឆ្មា​​រមិន​មានផ្ទុក​កាឡូរីឡើយ បើ​ផឹកទឹក​ក្រូច​ឆ្មារ​ជំនួស​ទឹក​ក្រូច យើងអាច​​កាត់​បន្ថយ​កាឡូរីបាន​ប្រមាណ​ ១៨០​ កា​ឡូរី​ ឯណោះ។ វិធីគិត​ងាយៗ បើ​យើង​ចំណាយសកម្មភាពដុត ឬ​កាត់​បន្ថយ ៣៥០០​ កាឡូរី គឺ​ស្មើ​នឹង​យើង​បាន​​ដុត​ខ្លាញ់​ប្រមាណ​ ១ ផោន ស្មើនឹងជាង ៤៥០ ក្រាម​ឯណោះ។ ហេតុ​នេះ​យើង​អាច​និយាយ​បាន​ថា​ ទឹក​ក្រូចឆ្មារ ជួយ​ជំរុញ​ការ​សម្រកទម្ងន់​​បាន តាម​រយៈ​ការ​បន្ថយកម្រិតកាឡូរី​ មានន័យថា ផឹក​កាន់​តែ​ច្រើន ជួយ​​ស្រក​ទម្ងន់​កាន់​តែ​ឆាប់។

២- ជួយសម្អាតកាកសំណល់ក្នុងខ្លួន

កាក​សំណល់​នៅ​ជាប់​តាម​ពោះ​វៀន ​អាច​ធ្វើឲ្យ​យើង​​ប្រឈម​​កើត​ជំងឺ​មហារីក​ពោះ​វៀន ព្រម​ទាំង​ឡើង​ទម្ងន់​ខ្លាំងទៀត​ផង។ ផឹក​ទឹកក្រូច​ឆ្មារឲ្យ​បាន​ញឹក​ញាប់​ អាច​ជួយ​លាង​សម្អាត​កាកសំណល់​ចេញ​បានរាង​កាយ​បាន​ច្រើន។ លើស​ពី​នេះ​ទៀត​ អាចជួយ​ឲ្យ​ពោះ​វៀន​ដំណើរ​ការ​ល្អ​ដោយ​សារ​ទឹកក្រូច​ឆ្មារ​ ម្ល៉ោះ​យើង​ក៏មិន​ងាយ​រាករូស​ ឬ​ក្តៀន​លាមកដែរ។

៣- ជួយបន្ថយការស្រេក​ឃ្លាន

រួម​ជាមួយ​នឹង​ការ​សម្អាត​ពោះ​វៀន ទឹក​ក្រូចឆ្មារ ក៏​ជួយ​បន្ថយ​ការ​ឃ្លាន​ផង​ដែរ ដោយ​សារ​ក្រូច​ឆ្មារ​មាន​សារធាតុ​សរសៃ​ពិចទីន (Pectin)។ កាល​ពី​មុន​ គេផឹកកាហ្វេ ​ឬ​តែ​ ដើម្បី​កាត់​បន្ថយ​ការឃ្លាន តែ​ឥឡូវ យើង​គួរ​ងាក​មក​ផឹក​ទឹក​ក្រូច​ឆ្មារ​វិញ។

៤- ជួយជម្រុញមេតាបូលីស

តាម​វិទ្យាសាស្ត្រ ផឹក​​ទឹកក្រូច​​ច្រើន ​ជួយ​ធ្វើ​មេតាបូលីសកាន់​តែ​ល្អ។ ដូច​នេះ​ ​គួរ​ផឹក​​ទឹក​ក្រូច​ឆ្មារ​ក្តៅ​ ពេល​ព្រឹក​មួយ​កែវ និង​ទឹក​ក្រូច​ក្តៅ ​ពេល​រសៀល​មួយ​កែវ​ដើម្បី​កុំ​ឲ្យ​ខ្វះ​ជាតិ​ទឹក ​និង​ស្រក​ទម្ងន់​ក្នុង​ពេល​តែ​មួយ​នេះ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet