នោះ! កីឡាករជួរមុខមួយរូបនៅ Serie A ថាលោក Sarri ទៅចូលរួមជាមួយ Juventus គឺជាអំពើក្បត់

  • អង្គារ ១៦ កក្តដា, ២០១៩ ០៩:៤៩

អ៊ីតាលី៖ ខ្សែប្រយុទ្ធជួរមុខរបស់ Napoli កីឡាករ Lorenzo Insigne បានចេញមុខរិះគន់ជាសាធារណៈទៅ អតីតអ្នកចាត់ការទូទៅរបស់ខ្លួនលោក Muarizio Sarri ដែលទៅចូលរួមជាមួយក្លិបសេះបង្កង់ Juvnetus នារដូវកាលថ្មី។ 

កីឡាករ Lorenzo Insigne

Sarri ធ្លាប់ដឹកនាំក្លិប Napoli ឲ្យឈរនៅចំណាត់ថ្នាក់កំពូលទាំង ៣ នៅក្របខណ្ឌ Serie A មុនលោកចាកចេញទៅដឹកនាំ ក្លិបតោខៀវ Chelsea កាលពីរដូវកាលមុន។ យ៉ាងណាមិញ នៅរដូវកាលថ្មីខាងមុខ លោក Sarri បានត្រឡប់មកកាន់ទឹកដីអ៊ីតាលីវិញ ក្នុងការដឹកនាំក្លិបជើងឯកក្របខណ្ឌកំពូល Juventus។ 

កីឡាករ Lorenzo Insigne និងលោក Sarri កាលធ្វើការជាមួយគ្នានៅ Napoli

“ខ្ញុំនិយាយម្ដងហើយ ម្ដងទៀត សម្រាប់យើងនៅ Napoli នេះគឺជាអំពើក្បត់” Insigne ថ្លែងអំឡុងកម្មវិធីសំណួរ-ចម្លើយ។

Insigne បន្តថា “ពេលនេះ ពួកយើងត្រូវតែផ្ដោតលើខ្លួនឯង និងព្យាយាមយកឈ្នះគាត់។ ការឈ្នះពានគឺជាសុបិនមួយរបស់ពួកយើង ហើយយើងទាំងអស់គ្នានឹងព្យាយាមធ្វើវាម្ដងទៀត” ។ 

កីឡាករ Lorenzo Insigne

Insigne និយាយដូច្នេះដោយសារតែក្លិបសេះបង្កង់ Juventus បានគ្រងតំណែងជាម្ចាស់ជើងឯកក្របខណ្ឌកំពូល របស់អ៊ីតាលី អស់រយៈពេល ៨រដូវកាលហើយ ពោលគឺតាំងពីរដូវកាល ២០១១-២០១២ មកម្ល៉េះ។

សូមបញ្ជាក់ដែរថា Lorenzo Insigne គឺជាកីឡាករចាស់វស្សាមួយរូបរបស់ក្លិប Napoli ដោយគេបានចូលរួមជាមួយ Napoli តាំងពីឆ្នាំ ២០១០ ដោយចូលលេងលើទីលានបាន ២៣៣ដង និងអាចរកគ្រាប់បាល់បាន ៥៨គ្រាប់៕ 

ប្រភព៖ Fox Sports Asia