អាហារល្អៗជួយ​បេះដូង គួរញ៉ាំ​ជាប្រចាំ!

សុខ​ភាព​បេះ​ដូង​គឺ​ជា​រឿង​សំខាន់ ត្រូវ​ចេះ​ថែរក្សា​ឲ្យ​បាន​ល្អ ហើយ​វិធី​សាស្ត្រ​ថែរក្សា​សុខភាព​បេះដូង ក្រៅ​ពី​ហាត់​ប្រាណ គ្រូពេទ្យ​ក៏​ណែ​នាំ​អាហារ​ល្អៗ​ជា​ច្រើន ដែល​សុទ្ធ​សឹង​ជួយ​បេះដូង​ឲ្យ​មាន​សុខភាព​ល្អ។ “Hello គ្រូពេទ្យ” នឹង​លើក​យក​អាហារ ៣​ប្រភេទ ល្អ​ខ្លាំង​សម្រាប់​បេះដូង។

១- ត្រី​សាល​ម៉ុន (Salmon)

សាលម៉ុន ជា​ត្រី​អំបូរ​ទឹក​ត្រជាក់​ សម្បូរ​ទៅ​ដោយ​អាស៊ីដ​ខ្លាញ់​អូម៉េហ្គា ៣ (Omega-3 fatty acids) ប្រសិទ្ធភាព​ខ្ពស់​ ជួយ​បញ្ចុះ​សម្ពាធ​ឈាម។ មុខងារ​អាស៊ីដ​ខ្លាញ់​​អូម៉េហ្គា ៣ គឺ​ការពារ​កុំ​ឲ្យ​ឈាម​កក ហេតុ​នេះ​វា​អាច​ធ្វើ​ឲ្យ​ចរន្ត​ឈាម​រត់​បាន​ល្អ និង​ប្រយោជន៍​មួយ​ទៀត អាច​ជួ​យ​កាត់​បន្ថយ​កម្រិត​ខ្លាញ់​ Triglycerides (ខ្លាញ់​មិន​ល្អ) ក្នុង​ឈាម ដែល​ជា​ភ្នាក់ងារ​បង្ក​ឲ្យ​កើត​ជំងឺ​បេះ​ដូង​សរសៃ​ឈាម។ ពេទ្យ​ក៏​បាន​ប្រាប់​ផង​ដែរ ត្រី​សាល់ម៉ុន មាន​ផ្ទុក​សារធាតុ Carotenoid astaxanthin ដែល​គេ​ស្គាល់​ថា ជា​អ្នក​ប្រឆាំង​អុក​ស៊ីត​កម្មយ៉ាង​ខ្លាំង​ក្លា​មួយ។ យោង​តាម សមាគមបេះ​ដូង​ពិភព​លោក យើង​គួរ​តែ​ញ៉ាំ​ត្រី​សាលម៉ុន​យ៉ាង​តិច​ ២ ដង/​សប្តាហ៍ និង​ញ៉ាំ​ម្តង​ឲ្យ​បាន​ចន្លោះ​ ១០០ ក្រាម។ សាច់​ត្រី​សាលម៉ុន មាន​រស់​ជាតិ​ឆ្ងាញ់ ក្នុង​ចំណោម​មុខ​ម្ហូប​ផ្សេងៗ ហើយ​ក៏​ស្រួល​ក្នុង​ការ​ចម្អិន​ផង​ដែរ។ បើ​យើង​មិន​ចូល​ចិត្ត​ញ៉ាំ​ត្រី​សាលម៉ុន អាច​ប្តូរ​ទៅ​ញ៉ាំ​ត្រី​មាន​ខ្លាញ់​ប្រភេទ​ផ្សេង​វិញ​បាន រួម​មាន ត្រី​ធូណា ត្រី Sardines ត្រីសាមបាក់ ជា​ដើម ព្រោះ​ត្រី​ទាំង​អស់​នេះ ក៏​ជួយ​ដល់​សុខ​ភាព​បេះ​ដូង​ដូច​គ្នា។

២- គ្រប់​ធញ្ញជាតិ Oatmeal

រាល់​ព្រឹក​គួរ​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​ឲ្យ​បាន​មួយ​ចាន ព្រោះ​សម្បូរ​ប៉ូតាស្យូម អាស៊ីដ​ហ្វូលិក អាស៊ីដ​ខ្លាញ់​​អូម៉េហ្គា ៣។ អាហារ​មួយ​ប្រភេទ​នេះក៏​សម្បូរ​ទៅ​ដោយ​សារ​ធាតុ​រ៉ែ និង​វីតាមីន ខណៈ​សំបក​របស់​វាស្រោប​ទៅ​ដោយ​ពពួក​បេតាគ្លុយខេន (Beta-glucan) ជា​ជាតិ​សរសៃ​សម្រាប់​បញ្ចុះ​ខ្លាញ់ LDL ដែល​ជា​ខ្លាញ់​មិន​ល្អ ជួយ​សម្អាត​សរសៃ​ឈាម​អាកទែ​ផង​ដែរ។ ហេតុ​នេះយើង​គួរ​ញ៉ាំ​គ្រប់​ធញ្ញជាតិ​នេះ​ដើម្បី​រាង​កាយ​ទទួល​បាន​បេតាគ្លុយខេន (beta-glucan) គ្រប់​គ្រាន់ និង​ដើម្បី​កម្ចាត់​ខ្លាញ់​មិន​ល្អ​ចេញ​ពី​រាង​កាយ​។ សមាគម​ឱសថ​ និង​ចំណី​អាហារអាមេរិក FDA ក៏​បាន​បញ្ជាក់​ផង​ដែរ គ្រប់​ធញ្ញជាតិ ជា​ប្រភេទ​អាហារ​ជំនួយ​ដល់​សុខភាព ពិសេស​សុខភាព​សរសៃ​ឈាមបេះ​ដូង។ អ្នក​ជំនាញ លើក​ឡើង​ថា ក្រៅ​ពី​ជួយ​បញ្ចុះ​ជាតិ​ខ្លាញ់ ក៏​ជា​ភ្នាក់​ងារ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក យ៉ាង​មាន​ប្រសិទ្ធភាព។ សារធាតុ បេតាគ្លុយខេន (beta-glucan)​ ក៏​មាន​នៅ​ក្នុង​ពពួក​ផ្សិត ស្រូវ​សាលី និង​សារាយ​សមុទ្រ​ផង​ដែរ។

៣- កូន​ស្ពៃ​ពួយ​ឡេង Spinach

កូន​ស្ពៃ​ពួយ​ឡេង ជា​បន្លែ​មួយ​ប្រភេទ មាន​គុណ​ប្រយោជន៍​ច្រើន​ជាង​គេ ក្នុង​ចំណោម​បន្លែ​ផ្សេងៗ។ ក្នុង​បន្លែ​ស្ពៃ​នេះ សម្បូរ​ទៅ​ដោយ​វីតាមីន សារជាតិ Phytochemicals lutein ប៉ូតាស្យូម និង​សារធាតុ​រ៉ែ។ សារធាតុ​ទាំង​អស់​នេះ ដើរ​តួ​យ៉ាង​សំខាន់ សម្រាប់​ជំនួយ​ភ្នែក ប្រឆាំង​ជំងឺ ​ការពារ​យើង​ពី​ជំងឺ​សរសៃ​ឈាម​បេះ​ដូង​បាន។​

ការ​សិក្សា​លើ​មនុស្ស​ប្រុស​ចំនួន ១៥.០០០​នាក់ ត្រូវ​គេ​ធ្វើ​ឡើង ដោយ​លទ្ធផល​បង្ហាញ​ថា គ្នា​យើង​ញ៉ាំ​បន្លែ​បាន​យ៉ាង​តិច​ ២ ដង/ថ្ងៃ អាច​កាត់​បន្ថយ​ការ​បង្ក​ជំងឺ​បេះ​ដូង​រហូត​ដល់​ ២៥% បើ​ប្រៀប​ជា​មួយ​អ្នក​មិន​ញ៉ាំ​បន្លែ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet