ក្តុកក្តួលចិត្ត! អ្នកទិញចង់ស្រក់ទឹកភ្នែក ក្រោយដឹងថា បុរសជាអ្នកដឹកជញ្ជូនអាហារ ជាមនុស្សពិការជើង តស៊ូឡើងយកមកឲ្យខ្លួនដល់ជាន់ទី១៤! (មានវីដេអូ)

ម៉ាឡេស៊ី៖ មិនខុសពីពាក្យថា «ជីវិតគឺជាការតស៊ូ» នោះទេ។ ព្រោះបើទោះបីជា ខ្លួនឯងធ្លាក់ក្នុងស្ថានភាពក្រលំបាកតោកយ៉ាក ពិការ យ៉ាងណាក៏ដោយ ក៏ត្រូវតែមានការតាំងចិត្ត និងខិតខំធ្វើអ្វីៗសព្វគ្រប់បែបយ៉ាងទាំងអស់ ដើម្បីរកប្រាក់ចិញ្ចឹមជីវិតទើបជាការប្រសើរ។

ជាក់ស្តែង កាលពីថ្មីៗនេះ រឿងរ៉ាវរបស់បុរសជាអ្នកដឹកជញ្ជូនអាហារម្នាក់ នៅឯប្រទេសម៉ាឡេស៊ី បាននឹងកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង លើបណ្តាញសង្គម ក្រោយគេដឹងថា គាត់ជាមនុស្សពិការជើង ប៉ុន្តែមានឆន្ទៈមោះមុតតស៊ូក្នុងជីវិត ជាមួយនឹងការងារដ៏នឿយហត់មួយនេះ ដោយមិនមានការត្អូញត្អែរ និងទទួលការសរសើរយ៉ាងខ្លាំង។

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Baliami Conmigo រស់នៅក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បានសរសេរបង្ហោះចែកចាយរឿងរ៉ាវមួយនេះ កាលពីថ្ងៃអាទិត្យ កន្លងទៅនេះថា នៅក្នុងយប់ថ្ងៃនោះ លោកបានកុម្ម៉ង់មាន់បំពងចំនួន២ ពីខាង Foodpanda (ក្រុមហ៊ុនដឹកជញ្ជូនអាហារ) ដើម្បីឲ្យខាងពួកគេដឹកយកមកឲ្យលោកដល់ផ្ទះ។

លោក Amri ជាអ្នកដឹកជញ្ជូនអាហារ

យ៉ាងណាមិញ នៅពេលដែលអ្នកដឹកជញ្ជូនប្រុសម្នាក់ បានមកដល់គោលដៅ ពោលគឺ មកដល់ចំណុចផ្ទះរបស់លោក Baliami បុរសជាអ្នកដឹកជញ្ជូនអាហារនោះ ក៏បានទូរស័ព្ទមកសួរលោកបញ្ជាក់បន្ថែម ព្រោះចង់ដឹងថា តើលោកស្នាក់នៅជាន់ទីប៉ុន្មានឲ្យប្រាកដ ដើម្បីគេឡើងយកអាហារទៅឲ្យលោកដល់មុខផ្ទះតែម្តង។

លោក Baliami ក៏ប្រាប់វិញថា លោកស្នាក់នៅផ្ទះជាន់ទី១៤។ ខណៈឯអ្នកដឹកជញ្ជូនអាហារក៏តបវិញថា ឲ្យលោក Baliami រង់ចាំបន្តិចទៀតសិន ព្រោះថាឥឡូវខ្លួនឡើងមកដល់ជាន់ទី១៣ហើយ។

ក្រោយមក នៅពេលដែលអ្នកដឹកជញ្ជូនមកដល់មុខផ្ទះ លោក Baliami ក៏បានបើកទ្វារដើម្បីទទួលយកអាហារកុម្ម៉ង់របស់លោកនោះ។ ប៉ុន្តែផ្ទុយទៅវិញ វាបែរជាធ្វើឲ្យរូបលោកហាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំង និងក្តុកក្តួលក្នុងចិត្តជាពន់ពេក ស្ទើរតែឈរសម្រក់ទឹកភ្នែក ក្រោយឃើញស្ថានភាពរបស់បុរសចំណាស់ដែលជាអ្នកដឹកជញ្ជូនអាហារនោះ តាមការពិតទៅគាត់គឺជាមនុស្សពិការជើងម្ខាង និងដើរកាន់ឈើច្រត់ តស៊ូឡើងយកមកឲ្យលោកដល់មុខផ្ទះបែបនេះ។

អ្វីដែលរឹតតែធ្វើឲ្យលោក Baliami សឹងតែរកពាក្យអ្វីនិយាយមិនចេញទៀតនោះ គឺថាបុរសពិការជើងដែលជាអ្នកដឹកជញ្ជូនអាហារនោះ ប្រកបដោយការគោរពយ៉ាងខ្លាំង និងបានធ្វើការសុំទោសដល់លោក ចំពោះការ Delivery ហាក់មានការយឺតយ៉ាវនេះទៀតផង។ ឯលោក Baliami ក៏បានឲ្យលុយធីបបន្ថែមដល់គាត់វិញ ដើម្បីជាការលើកទឹកចិត្តផងដែរ។

លោក Baliami ក៏បានសរសេររៀបរាប់ទៀតដែរថា «មានមនុស្សបែបនេះជាច្រើន ដែលខិតខំធ្វើការងារយ៉ាងលំបាក ដើម្បីរកប្រាក់ផ្តត់ផ្គង់ក្នុងគ្រួសារ។ ពួកគេជាមនុស្សដែលមានតម្រូវការខ្លាំងជាងពួកយើងឆ្ងាយណាស់ ខណៈដែលពួកយើងវិញ គិតតែពីខ្ជះខ្ជាយពេលវេលា មានជម្រើសអីចេះអីចុះ ហើយខ្ជិលធ្វើអ្វីគ្រប់សព្វទៅវិញ។ តើពួកយើងខ្មាសខ្លួនឯងដែរទេ?» ។

លោក Amri ជាអ្នកដឹកជញ្ជូនអាហារ

ជាមួយគ្នានេះ បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា បន្ទាប់ពីវីដេអូឃ្លីបមួយនេះ ល្បីសុះសាយខ្លាំងនៅលើបណ្តាញសង្គមនោះ នៅទីបំផុតបុរសពិការជើងដែលជាអ្នកដឹកជញ្ជូនអាហាររូបនោះ ត្រូវបានគេស្គាល់ឈ្មោះថា លោក Amri

នៅក្នុងបទសម្ភាសន៍មួយ ជាមួយនឹងសារព័ត៌មានក្នុងស្រុក លោក Amri បាននិយាយថា លោកពិតជាមិននឹកស្មានថា អ្នកទិញនោះលួចថតលោក រួចយកទៅបង្ហោះចែកចាយ រហូតធ្វើឲ្យឃ្លីបវីដេអូមួយនេះ ល្បីខ្លាំងបែបនេះទាល់តែសោះ។

លោកបានប្រាប់ថា លោកបានបាក់ជើងខាងស្តាំ ដោយសារតែលោកបានជួបនឹងគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីប្រមាណជា២២ឆ្នាំមុន។ លោកថា ឥឡូវលោកមានវ័យ៤២ឆ្នាំហើយ ហើយវាពិតជាលំបាកខ្លាំងណាស់ នៅក្នុងការស្វែងរកការងារធ្វើ ម្យ៉ាងលោកថែមទាំងជាមនុស្សពិការទៀត។ ប៉ុន្តែមិនថាយ៉ាងណា លោកក៏ទទួលបានឱកាស ចូលធ្វើការខាងអ្នកដឹកជញ្ជូនអាហារនេះ និងធ្វើបានរយៈពេល៤ខែហើយ។

បើទោះបីជា គ្រួសាររបស់លោកមានការព្រួយបារម្ភពីស្ថានភាព និងការងារមួយនេះរបស់លោកក្តី ប៉ុន្តែបុរសកូន៣រូបនេះ ពោលគឺលោក Amri បាននិយាយថា លោកនឹងតស៊ូធ្វើអ្វីៗតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីរកប្រាក់ជួយដល់គ្រួសារ។

ជាចុងក្រោយលោក Amri បានបន្ថែមថា លោកពិតជារំភើបចិត្តខ្លាំងណាស់ ប្រសិនបើរឿងរ៉ាវរបស់លោកមួយនេះ អាចជួយជំរុញលើកទឹកចិត្តដល់ជនពិការដទៃ ដែលមានស្ថានភាពស្រដៀងនឹងលោក ដើម្បីកុំឲ្យពួកគេអស់សង្ឃឹមក្នុងជីវិត និងត្រូវមានការតស៊ូ។ លោកក៏បានអរគុណដល់អតិថិជន និងសាធារណៈជនទូទៅ ដែលបានគាំទ្រដល់លោកផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖