រថយន្ដដឹកឈើ៦គ្រឿងទៀត ត្រូវបង្ក្រាបបាននៅស្រុកសេសាន ខេត្តស្ទឹងត្រែង, រថយន្ដត្រូវដុត និងកាត់ជាកំណាត់ដើម្បីបំផ្លាញចោលនៅនឹងកន្លែង

  • ព្រហស្បតិ៍ ១៨ កក្តដា, ២០១៩ ០៨:១៤

(ស្ទឹងត្រែង)៖ ពេញមួយថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានបន្ដបើកប្រតិបត្តិការបង្ក្រាបរថយន្ដប៉ាកុង ដឹកឈើបាន៦គ្រឿងទៀត នៅស្រុកសេសាន ហើយត្រូវបានដុត និងកាត់ជាកំណាត់ ដើម្បីបំផ្លាញចោលនៅនឹងកន្លែងតែម្ដង។

សេចក្ដីរាយការណ៍ បានឲ្យដឹងថា ប្រតិបត្តិការពេញមួយថ្ងៃនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងដឹកនាំអនុវត្តដោយ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងខេត្ត។

បើតាមសេចក្ដីរាយការណ៍ រថយន្ដប៉ាកុងចំនួន០៦គ្រឿងនេះ បានរកឃើញនៅចំនួន០៥កន្លែង ដែលជាមធ្យោបាយពាក់ព័ន្ធនឹងការដឹកជញ្ជូនបទល្មើសព្រៃឈើ ហើយកម្លាំងកងអាវុធហត្ថខេត្តបានរុករកឃើញរួចប្រមូលមកដុតកំទេចចោលចំនួន០៣កន្លែង។ សមត្ថកិច្ចបានដុត នៅចំណុចភូមិ-ឃុំស្រែគរថ្មី ស្រុកសេសាន ចំនួន៤គ្រឿង និងដុតភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ចំនួន២គ្រឿង។ ដោយឡែក ឈើលេខ១-២ ចំនួនពីរគំនរមិនទាន់វាស់វែង បាន

ប្រគល់ជូនរដ្ឋបាលព្រៃឈើយកទៅរក្សាទុក។

សូមបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃនេះ កម្លាំងគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ចេញប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបនៅតាមខេត្តជាប់ព្រំដែន រួមមាន៖ ខេត្តមណ្ឌលគីរី ខេត្តរតនគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែងជាដើម រហូតមានការចាប់ខ្លួនមនុស្ស, មានដីកាកំពុងតាមចាប់អ្នកពាក់ព័ន្ធ និងរឹបអូសរថយន្តជាច្រើនគ្រឿង រហូតដុតបំផ្លាញចោលទៀតផង៕