ហេតុតែចង់មានវត្តមានម្ដាយនៅថ្ងៃបញ្ចប់ការសិក្សា និស្សិតប្រុសម្នាក់យករូបថតម្ដាយមកថតជាមួយ ព្រោះម្ដាយបានស្លាប់បាត់ទៅហើយ

  • សុក្រ ១៩ កក្តដា, ២០១៩ ០៩:៤៤

ហ្វីលីពីន៖ និស្សិតប្រុសជនជាតិហ្វីលីពីនម្នាក់បានបាត់បង់ម្ដាយមុនថ្ងៃដែលខ្លួនបញ្ចប់ការសិក្សា ដូច្នេះគាត់ក៏បានយករូបម្ដាយមកថតជាមួយ ដើម្បីឲ្យមានអារម្មណ៍ថា មានវត្តមានរបស់ម្ដាយនៅជាមួយគាត់។

ថ្មីៗកន្លងទៅនេះ និស្សិតប្រុសម្នាក់ឈ្មោះ Paulo John ដែលទើបតែបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម បានបង្ហោះរូបថតចំនួន៣សន្លឹកនៅលើបណ្ដាញសង្គម Twitter។ និស្សិតប្រុសនោះបានសរសេររៀបរាប់ថា  «ជូនចំពោះម៉ាក់ដ៏ស្រស់ស្អាតបំផុតសម្រាប់កូន! ម៉ាក់, កូនច្បងរបស់ម៉ាក់បានបញ្ចប់ការសិក្សាហើយ។ ខ្ញុំសង្ឃឹមថាម៉ាក់នឹងសប្បាយចិត្តនៅលើឋានសួគ៌។ ខ្ញុំបានបញ្ចាប់ការសិក្សាហើយ នេះជាអ្វីដែលម៉ាក់ចង់បាន។ ខ្ញុំស្រលាញ់ម៉ាក់ខ្លាំងណាស់។» 

និស្សិតប្រុសជាមួយនឹងរូបម្ដាយ

លោក Paulo John បានប្រាប់ប្រភពឲ្យដឹងថា នេះគឺជាក្ដីស្រមៃរបស់គាត់ដែលចង់បញ្ចប់ការសិក្សាដោយមានវត្តមានម្ដាយនៅក្បែរខ្លួន។ ប៉ុន្ដែពិតជាគួរឲ្យសោកស្ដាយទៅវិញ ដោយសារម្ដាយរបស់គាត់បានស្លាប់បាត់បង់ជីវិតដោយសារជំងឺរលាកសួតក្នុងឆ្នាំ២០១៦។

លោក Paulo John បានបន្ដថា «យ៉ាងហោចណាស់រូបនេះធ្វើឲ្យខ្ញុំមានអារម្មណ៍ថា មានវត្តមានម៉ាក់របស់ខ្ញុំនៅថ្ងៃបញ្ចប់ការសិក្សា។ ខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្តណាស់នៅពេលដែលបានយករូបម៉ាក់មកថតជាមួយនៅថ្ងៃបញ្ចាប់ការសិក្សា។»

អ្នកប្រើប្រាស់បណ្ដាញសង្គម Twitter ជាច្រើនបានកោតសរសើរចំពោះក្ដីស្រលាញ់ដែលគាត់មានចំពោះម្ដាយ និងការខិតខំប្រឹងប្រែងរៀនដល់ចប់ផងដែរ៕ 

និស្សិតប្រុសជាមួយនឹងរូបម្ដាយ
និស្សិតប្រុសជាមួយនឹងរូបម្ដាយ