អាថ៌កំបាំងនៅពីក្រោយទឹកសុខភាព យើងភាគច្រើនភ័ន្តច្រឡំ!

  • សុក្រ ១៩ កក្តដា, ២០១៩ ០៩:៥៩

នៅ​ពេល​និយាយ​ដល់​ទឹក​សុខភាព តិចនាំ​គ្នា​ច្រឡំ​ថា​ទឹក​ថ្នាំ ផឹក​ដើម្បី​ល្អ​ចុះ! មិន​មែន​អ៊ីចឹង​ទេ ទឹក​សុខភាព​ គឺ​សំដៅ​លើ​ទឹក​ធម្មតា មាន​លាយជាមួយ​ផ្លែឈើ បង្កើន​រសជាតិ​កាន់​តែ​ប្រសើរ ជួយឲ្យ​ផឹក​កាន់​តែ​ច្រើន។ ទឹក​សុខភាព គ្នា​យើង​សុទ្ធ​តែ​អាច​ធ្វើ​ឡើង​ដោយ​ខ្លួន​ឯង ជាមួយ​រស់​ជាតិ​ផ្លែឈើ​យើង​ចូល​ចិត្ត ដូចជា​ត្រាចំណិត​ត្រសក់ ក្រូច ឪឡឹក ឬផ្លែឈើ​ចំនួនទៀត ឬ​ក៏​អាច​លាយ​ចម្រុះ​ផ្លែ​ឈើ​ទាំង​នោះ​ក៏​បាន។ “Hello គ្រូពេទ្យ” ពេលនេះ នឹង​ប្រាប់​ពី​អាថ៌​កំបាំងពិត​នៅ​ពីក្រោយ​ទឹកសុខភាព​ ពិត​ដូច​គេ​លើក​ឡើង​អត់។

១- ​ទឹក​សុខភាព​ពិត​ជា​ល្អ​​ជាង​ទឹក​ជា​ធម្មតា​មែន​ក៏​អី?

ទឹក​សុខភាព​ ត្រូវ​បាន​អះអាង​​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម នៃ​សារធាតុ​យើង​បាន​ត្រាំដល់​ទៅ ២០% ខណៈក្នុង​អំឡុង​ពេលគ្មាន​ភស្តុតាងសម្រាប់​​យក​មក​បញ្ជាក់​នេះ​ បើ​ទោះ​បី​វា​ជា​ការ​ពិត​ក៏​ដោយ យើងនៅ​តែ​អាច​​មិន​ទទួល​បាន​អត្ថ​ប្រយោជន៍​ច្រើន​ពីទឹក​សុខភាព​ ដូច​ការ​រំពឹង​ទុក​ដែរ ព្រោះ​សារធាតុ​ចិញ្ចឹម ​២០​% ដែល​​បាន​អះអាង​ គឺ​ស្មើ​នឹង​សារធាតុ​ចិញ្ចឹម​​ត្រសក់​មួយ​ផ្លែ​ ហេតុនេះ ​ប្រហែល​ត្រូវ​ត្រាំ​ផ្លែ​ត្រសក់ ​៥ផ្លែ ​ក្នុង​ដប​ទឹក ទើបអាច​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ទាំង​អស់ពី​ត្រសក់មួយផ្លែ។ ជំនួស​មក​វិញ បើ​យើងញ៉ាំត្រសក់​មួយ​ផ្លែ​តែ​ម្តង គឺ​ស្មើនឹងផឹក​ទឹក​ត្រសក់​ត្រាំ​។

ទម្រង់​ទឹក​សុខភាព​ពេញ​និយម​ជាង​គេ ​គឺយក​ក្រូច​ឆ្មារ​ត្រាំ​ក្នុង​ទឹក ​ព្រោះ​ការ​បន្ថែម​ចំណិត​ក្រូច​ឆ្មារ​នៅ​ក្នុង​ទឹក​ ​អាច​បន្ថែម​នូវ​រសជាតិ​​មួយ​កម្រិត​ទៀត។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ ​បើ​អ្នក​ចង់​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​វីតាមីន ​C​ កម្ចាត់​ជាតិ​ពុល ​និង​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត​ពី​ក្រូច​ឆ្មារ​ យើង​ត្រូវ​ច្របាច់​​ក្រូច​ឆ្មារ​ចូល​ក្នុង​ទឹកតែ​ម្តងទៅ។ តែ​កុំ​ភ្លេច​កូរ​ឲ្យ​សព្វ​មុន​ផឹក ព្រោះ​ជាតិ​អាស៊ីដ​អាច​ធ្វើ​ឲ្យ​ធ្មេញ​សឹក​បាន។

និយាយ​ឲ្យ​ចំ ទឹក​សុខភាព​ពិត​ជា​មាន​គុណ​ប្រយោជន៍​មែន ប៉ុន្តែ​បើ​អ្នក​ចង់​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ពី​ផ្លែ​ឈើ​ ជម្រើស​ល្អ​បំផុត​​ត្រូវ​តែ​ញ៉ាំ​ផ្លែ​ឈើ​នោះតែម្តង។

២- គុណ​ប្រយោជន៍​ពិសេស​ពី​ទឹក​សុខភាព

យើង​ទាំង​អស់​គ្នា​ដឹង​រួច​មក​ហើយ ផឹក​​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ ​មាន​សារ​សំខាន់ណាស់ ព្រោះ​បើ​រាងកាយ​​មិន​ទទួល​បាន​ជាតិ​ទឹក​គ្រប់គ្រាន់​ យើង​នឹងប្រឈម​ខ្វះ​​ជាតិទឹក​ក្នុង​ខ្លួន។ បញ្ហា​កង្វះ​ជាតិ​ទឹក​ នឹង​ធ្វើ​ឲ្យ​ខូចខាត​គ្រប់​មុខ​ងារ​​ក្នុង​រាង​កាយ ​រួមមាន​ចលនា​ឈាម​រត់ ​ការ​រំលាយ​អាហារ​ ការ​កម្ចាត់​សារធាតុ​ពុល​ និង​គ្រប់​គ្រង​សីតុណ្ហភាពរាងកាយ​​ជាដើម។ ដោយ​សារ​ទឹក​សុខភាព​មាន​រសជាតិ​ឆ្ងាញ់ គឺ​អាច​​ជួយ​យើង​​ផឹក​​បានកាន់​តែ​​ច្រើន​ជាង​ទឹក​ធម្មតា ​មិន​ធ្វើ​ឲ្យរាងកាយ​ខ្វះ​​ជាតិទឹកនោះ​ឡើយ។ ​បើផឹក​​ទឹក​សុខភាព ក៏​ជួយ​ឲ្យ​យើង​ចៀស​ផុត​ពី​ការ​ផឹក​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ខ្ពស់​ ថែម​ទាំង​មាន​អត្ថ​ប្រយោជន៍​ច្រើន​ដល់​សុខភាព។ និយាយ​ឲ្យ​ពីរោះ​ស្ដាប់ ​គុណ​សម្បត្តិ​របស់​ទឹក​សុខភាព​ គឺ​​គ្រាន់​តែ​ជួយ​យើង​អាច​ទឹក​បាន​ច្រើន​ប៉ុណ្ណោះ។

បរិមាណ​ទឹក​រាងកាយ​យើង​ត្រូវ​ការ ​អាស្រ័យ​ទៅ​លើ​ទម្ងន់ ​សុខភាព​ទូទៅ​ កម្រិត​​ធ្វើ​សកម្មភាព ​និង​បរិស្ថាន​យើង​រស់​នៅ។ ដើម្បី​ឲ្យ​ដឹង​ថា យើង​​បាន​ផឹក​​ទឹក​គ្រប់គ្រាន់​ ឬអត់ ចាំបាច់ត្រូវ​តែមើល​​ពណ៌​ទឹក​នោម បើ​មាន​ពណ៌​ថ្លា​ ឬ​លឿង​តិចៗនោះ​ មានន័យ​ថា យើង​ផឹក​ទឹក​គ្រប់​គ្រាន់​ហើយ។ ត្រូវ​ចាំ​ថា អ្វី​ក៏​ដោយ​ ក៏​មិន​ត្រូវ​ឲ្យ​រាង​កាយ​ទទួល​យក​លើស​លុប​នោះ​ដែរ ទឹក​ក៏​ដូច​គ្នា ព្រោះ​​បើ​ផឹក​ទឹក​ច្រើន​ពេក​រហូត​ដល់​តម្រង​នោម​មិន​អាច​ទទួល​យក​ យើង​នឹង​ប្រឈម​​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត ដែល​ជា​​ស្ថានភាពសុខភាព​​មួយ​ ហៅ​ថា ​អ៊ីប៉ូណាត្រេមី (ជំងឺ​ជាតិ​​សូដ្យូម​ក្នុង​ឈាម​ថយ​ចុះ) ដូច្នេះ​អ្វី​ដែល​សំខាន់ ផឹក​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ជា​រឿង​​ប្រសើរ។ គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ បើ​មាន​ចម្ងល់ណា​មួយ​ពាក់​ព័ន្ធ ទឹក​សុខភាព​យើង​ចង់ទទួលទាន។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet