ត្រឹម​ស​ប្តា​ហ៍​ទី​២ ​ខែកក្កដា អ្នក​កើ​ត​ជំងឺ​គ្រុន​ឈាម​​ជាង​២​ម៉ឺន​នាក់​ (ស្លាប់​២៥)​​

  • សុក្រ ១៩ កក្តដា, ២០១៩ ១៥:១៥

រាជធានី​ភ្នំពេញ ៖ ស្ថានភាព​ជំងឺគ្រុនឈាម​ដែល​បាន​ផ្ទុះ​ឡើង​គួរ​ឱ្យ​កត់សម្គាល់ គិត​ចាប់ពី​ខែមករា ដល់​ស​ប្តា​ហ៍​ទី​២​នៃ​ខែកក្កដា ឆ្នាំ​២០១៩ នេះ អ្នក​កើត​ជំងឺគ្រុនឈាម​មាន​ចំនួន ២១.១៣០នាក់ ស្លាប់​២៥​នាក់ ។ ចំនួន​នេះ​បាន​បង្ហាញ​ថា​អត្រា​ស្លាប់មាន​០,១២% ក្នុង​នោះ​ខេត្ត​ចំនួន​៩​កំពុង​ប្រឈម​ឡើង​និង​ចុះ ចំណែក​ខេត្ត​១៦​ទៀត​មានការ​ថយ​ចុះ ។ នេះ​បើ​តាម​របាយការណ៍​របស់ក្រសួងសុខាភិបាល ។

តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា ខេត្ត​ដែលកំពុង​ប្រឈម​ឡើង​-​ចុះ​នៃ​ជំងឺគ្រុនឈាម​នេះ​ មានខេត្តព្រៃវែង ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្ត​កែប ខេត្តកំពត ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ ។ ជាមួយ​គ្នា​នេះ ក្រសួងសុខាភិបាល​ក៏​បាន​ត្រៀម​ថ្នាំ​អា​បេ​ត ថ្នាំ​បាញ់​មូស សេរ៉ូម​សម្រាប់​ព្យាបាល និង​ចែកចាយ​រួច​ជា​ស្រេច​ទៅ​ដល់​មន្ត្រី​ក្រុមការងារ​នៅ​ទូ​ទាំង​២៥​រាជធានី​-​ខេត្ត ។

តួលេខ​អ្នក​កើត​ជំងឺគ្រុនឈាម​មានការ​កើនឡើង​ប្រហែល​៥​ដង បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១៨​ដែល​មាន​អ្នកជំងឺ​គ្រុនឈាម​តែ​៣.៩២៦ករណី និង​ស្លាប់​៧​នាក់ ។ ស្ថានភាព​ជំងឺ​នេះ​បាន កើនឡើង​ក្នុង​រាជធានី​-​ខេត្ត នៅ​ឆ្នាំ​២០១៩​នេះ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៨ ប៉ុន្តែ​មិនមែន បាន​ន័យ​ថា ជំងឺគ្រុនឈាម​មាននៅ​គ្រប់កន្លែងទូ​ទាំង​ប្រទេស​នោះ​ទេ គឺ​កើត​មាន​រាយ​ប៉ាយ​ដុំ​ៗ​តាម​ភូមិ​មួយ ឬ​ភូមិ​ពីរ នៃ​ភូមិសាស្ត្រ​ឃុំ​-​សង្កាត់​នីមួយ​ៗ ។ ជំងឺគ្រុនឈាម​កើត​លើ​មនុស្ស​គ្រប់​វ័យ ទាំង​ក្មេង​ទាំង​ចាស់​ប្រុស​ស្រី តែ​ក្នុង​ក្រុម​អាយុ​ពី​៥-១៤​ឆ្នាំ ឈឺ​ច្រើន​ជាងគេ និង​អត្រា​ស្លាប់​ខ្ពស់​លើ​ក្រុម​អាយុ​ក្មេង​តិច​ជាង​៥​ឆ្នាំ​(​មាន​៩​នាក់​ស្លាប់​) ។

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន បាន​ថ្លែងថា ដើម្បី​ទប់ស្កាត់​និង​គ្រប់គ្រង​ហានិភ័យ​បណ្តាល​មក​ពី​ការ​រាត​ត្បាត​នៃ​ជំងឺគ្រុនឈាម​ជា​បន្ត​ទៀត​ឲ្យ​បាន​ទាន់​ពេលវេលា លោកស្រី​សំណូមពរ​ឲ្យ បន្តចូលរួម​សហការ​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​ជា មួយ​ក្រសួងសុខាភិបាល តាម​រយៈ​មន្ទីរ​សុខាភិ​បាល​ទូ​ទាំង​២៥​រាជធានី​-​ខេត្ត បង្កើន​សកម្មភាព​ផ្សព្វផ្សាយ​អប់រំ​សុខភាព​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​(​ទូរទស្សន៍ វិទ្យុ សារព័ត៌មាន អប់រំ​តាម សហគមន៍ សាលារៀន វត្ត​អារាម និង​អប់រំ​ចល័ត​)ស្តី​ពី​វិធានការ​បង្ការ​ជំងឺគ្រុនឈាម ពិសេស​អាជ្ញាធរ​ដែនដី និង​ក្រសួង​ពាក់ព័ន្ធ សូម​ជួយ​ចាត់ វិធានការ​សម្អាត​ការដ្ឋាន​សំណង់ និង​សម្បក​កង់​រថយន្ត ឬ​ម៉ូតូ ទុក​ចោល​ពាស​វាល​ពាស​កាល​ដើម្បីកុំ​ឲ្យ​មាន​កន្លែង​ទឹក​ដក់​ដែល​ជា​ជម្រក​មូស​ខ្លា ។

ជា​ថ្មី​ម្តងទៀត លោកស្រី​វេជ្ជបណ្ឌិត​បាន​ជំរុញ​ដល់​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ ពិនិត្យ​ឡើង​វិញ​នូវ​អត្រា​គ្របដណ្តប់​ដាក់​អា​បេ​ត​ការពារ​កុំ​ឲ្យ​កើត​ដង្កូវទឹក និង​ប៊ី​ធី​អាយ​(BTI)​សម្រាប់​សម្លាប់​ដង្កូវទឹក ហើយ​ត្រូវ​ធានា​ថា អត្រា​គ្របដណ្តប់​អា​បេ​ត ឬ​ប៊ី​ធី​អាយ នៅ​តាម​ភូមិ​នីមួយ​ៗ​បាន​លើស​ពី​៩៥% បើ​ភូមិ​ណា​មិន​សម្រេច​បាន​៩៥% ត្រូវ​ដាក់​ឡើង​វិញ​ទាំងស្រុង ។

លោកស្រី​បាន​ផ្តាំផ្ញើ និង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ឲ្យ​ចូលរួម​យ៉ាងសកម្ម អនុវត្ត​វិធានការ​ការពារ​ជំងឺគ្រុនឈាមដោយ​អនុវត្ត​វិធានការ​ទប់ស្កាត់​ការ​ចម្លងជំងឺ​គ្រុនឈាម តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ស្ដី​ពី​ស្ថានភាព​ជំងឺគ្រុនឈាម​ដែលបាន​ចេញផ្សាយ​ជា​សាធារណៈ​កន្លង​មក​ថ្មី​ៗ​នេះ ។

ទន្ទឹម​នឹង​នេះ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន ក៏​បាន​អំពាវនាវ​ដល់​អង្គការ​សុខភាព​ពិភព​លោក អង្គការ​មិនមែន​រដ្ឋាភិបាល សហគមន៍​ជាតិ​-​អន្តរជាតិ​ទាំងអស់ បន្ត​ជួយ​ឧបត្ថម្ភ​គាំទ្រ និង​សហការ​ជាមួយ​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​នៃ​ក្រសួងសុខាភិបាល ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត ជា​ពិសេស​ក្នុង​ដូ​វ​ភ្លៀង​ឆ្នាំ​២០១៩​នេះ ៕