ទោះឈឺជុះក៏លែងចង់ចេញ ក្រោយក្រឡេកឃើញ កូនកាមេរ៉ាបង្កប់ក្នុងច្រាសដុសបង្គន់បែបនេះ!

  • សុក្រ ១៩ កក្តដា, ២០១៩ ១៦:៤២

ម៉ាឡេស៊ី៖ ការកើនឡើងនៃកាមេរ៉ាលួចលាក់បង្កប់ បានធ្វើឲ្យយើងរស់នៅក្នុងការភ័យខ្លាច ដោយមនុស្សថោកទាបមួយចំនួន បានលួចលាក់ដាក់បង្កប់នៅកន្លែងណាមួយ ក្នុងគោលបំណងថតយករូបភាព ឬវីដេអូ ពីរូបរាងកាយរបស់យើងដោយមិនឲ្យយើងដឹង។

កូនកាមេរ៉ាបង្កប់ក្នុងច្រាសដុសបង្គន់

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ហ្វេសប៊ុកផេកមួយបានបង្ហោះថា មានមនុស្សម្នាក់បានរកឃើញកូនកាមេរ៉ាតូចមួយ បានលាក់បង្កប់នៅក្នុងច្រាសដុសបង្គន់ នៅក្នុងហាង Tealive outlet មួយកន្លែង ដែលស្ថិតក្នុងកូនក្រុង Muar ប្រទេសម៉ាឡេស៊ី។

តាមរយៈព័ត៌មានដែលបានបង្ហោះនោះ ក៏បានធ្វើការព្រមានទៅដល់សាធារណៈជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងសង្កេតរកមើលឲ្យបានល្អិតល្អន់ ក្រែងមានកាមេរ៉ាលួចលាក់បង្កប់។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍ខាងលើនេះ បានកើតឡើងអំឡុងម៉ោង ១១យប់ ថ្ងៃទី១៧ ខែកក្កដា នៅពេលដែលអតិថិជនម្នាក់ចូលទៅក្នុងបន្ទប់ទឹក ហើយសង្កេតឃើញច្រាសដុសបង្គន់មួយ ហាក់មិនប្រក្រតី គួរឲ្យសង្ស័យ ក៏ឆែកមើល ទើបឃើញមានបង្កប់កាមេរ៉ាតូចមួយនៅក្នុងនោះ។

កូនកាមេរ៉ាបង្កប់ក្នុងច្រាសដុសបង្គន់

ភ្លាមៗនោះ ហេតុការណ៍នេះ ក៏បានរាយការណ៍ទៅដល់អ្នកគ្រប់គ្រងហាង ហើយពួកគេក៏បានរារាំងអតិថិជនផ្សេងទៀតភ្លាម មិនឲ្យចូលទៅកន្លែងកើតហេតុឡើយ។ បន្ទាប់ពីធ្វើការត្រួតពិនិត្យបន្ថែមទៀតរួចមក ពួកគេមិនបានរកឃើញកាមេរ៉ាបង្កប់ផ្សេងទៀតឡើយ ហើយក៏បានសម្រចចិត្តដាក់ពាក្យប្តឹងទៅកាន់ប៉ូលីស។

ក្រុមប៉ូលិសបានធ្វើការឆែកទៅលើកាមេរ៉ាបង្កប់ ដែលរកឃើញនោះ តែនៅក្នុងមេម៉ូរីកាត មិនមានរូបអ្វីនោះទេ គឺមានតែសំឡេងតែប៉ុណ្ណោះ។

យោងតាមវីដេអូពីកាមេរ៉ាសុវត្តិភាពនៅក្នុងហាង បានបង្ហាញឲ្យឃើញថា មានមនុស្សគួរឲ្យសង្ស័យម្នាក់ ដែលបានចូលទៅក្នុងបន្ទប់ទឹកនោះ ប៉ុន្តែដោយសារមិនមានភស្តុតាងជាក់លាក់សម្រាប់ចោទប្រកាន់ ខាងហាងក៏សម្រេចមិនបញ្ចេញរូបជនសង្ស័យនោះទេ។

គួរឲ្យដឹងថា តាមរយៈព័ត៌មានដែលបានបង្ហោះនេះ គឺមានគោលបំណងចង់ក្រើនរម្លឹក ទៅកាន់មនុស្សផ្សេងទៀតឲ្យមានការប្រុងប្រយ័ត្ន នៅពេលប្រើប្រាស់បន្ទប់ទឹកសាធារណៈនៅខាងក្រៅ ហើយត្រូវតែឆែកមើលឲ្យបានច្បាស់លាស់ចំពោះរបស់ណាមួយដែលគួរឲ្យសង្ស័យ៕  

កូនកាមេរ៉ាបង្កប់ក្នុងច្រាសដុសបង្គន់
ពាក្យបណ្ដឹងទៅកាន់ប៉ូលិស