អគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាឲ្យនគរបាលចរាចរណ៍ទូទាំប្រទេស ចាប់ផ្តើមយុទ្ធនាការជំរុញការពាក់មួកសុវត្ថិភាព, អ្នកមិនពាក់មួកសុវត្ថិភាពនឹងត្រូវឃាត់តម្រូវឲ្យរកមួកសុវត្ថិភាពមកពាក់រួចទើបអនុញ្ញាតឲ្យបន្តដំណើរ

  • សៅរ៍ ២០ កក្តដា, ២០១៩ ០៧:៥៦

(ភ្នំពេញ)៖ អនុវត្តតាមការណែនាំ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិ ការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងការកាត់បន្ថយចំនួនជនរងគ្រោះដែលស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់ ចេញនូវបទបញ្ជាឲ្យនគរបាលចរា ចរណ៍ទូទាំងប្រទេស ចាប់ផ្តើមចាត់ វិធានការជំរុញការពាក់មួកសុវត្ថិភាពដល់អ្នកជិះទោចក្រយានយន្ត និងអ្នក បើកបរត្រីចក្រយានយន្តគ្រប់រូប ។

វិធានការនេះនឹងអនុវត្តនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ដោយធ្វើការឃាត់ តម្រូវ ឲ្យរកមួកសុវត្ថិភាពមកពាក់ រួចទើបអនុញ្ញាតឲ្យបន្តដំណើរ ដោយមិន ពិន័យរយៈ ពេល១ខែ គិតពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៩។

វិធានការនេះជាការឆ្លើយតបទៅនឹង កំណើនជនរងគ្រោះថ្នាក់ចរាចរណ៍ ដែលភាគច្រើនមានដល់ទៅ៧៦% ជាអ្នកជិះម៉ូតូ ក្នុងនោះមានចំនួន៧៩% មិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ ហើយដែលត្រូវរងការ ប៉ះទង្គិចក្បាល។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតអគ្គស្នងការ នគរបាលជាតិ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ ពិសេសអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរសូមគោរពច្បាប់ចរាចរណ៍ បើកបរដោយពាក់មួកសុវត្ថិភាពគ្រប់ពេល និងគ្រប់ទីកន្លែង ដើម្បីការពារភាពប៉ះទង្គិចក្បាល ឬ ការពារជីវិតអ្នកពីគ្រោះថ្នាក់ចរា ចរណ៍៕