សមត្ថកិច្ចចុះបង្ក្រាបទីតាំងធ្វើអាជីវកម្ម របស់ជនជាតិចិនមួយកន្លែង នៅខណ្ឌដូនពេញ ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ

  • សៅរ៍ ២០ កក្តដា, ២០១៩ ០៩:២៩

(ភ្នំពេញ)៖ សមត្ថកិច្ចចម្រុះ ដែលមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ បានចុះពិនិត្យ និងបង្ក្រាបទីតាំងធ្វើអាជីវកម្មរបស់ជនជាតិចិនមួយកន្លែង នៅបណ្ដោយមហាវិថីព្រះនរោត្តម ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយម្ចាស់អាជីវកម្មខាងលើ បាននាំយកទំនិញជាកញ្ចប់ធំៗ និងនិងទឹកប៊ីដុងមួយចំនួន យកមកប្រកបអាជីវកម្ម ដោយពុំមានច្បាប់ត្រឹមត្រូវ។

ប្រតិបត្តិការនៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ដឹកនាំដោយលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងមានការចូលរួមពី នាយិការទីចាត់ការអន្តរវិស័យរាជធានីភ្នំពេញ, ប្រធានអង្គភាពច្រកចេញចូលតែមួយ រាជធានីភ្នំពេញ និងតំណាងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ តំណាងសាខាកាំកុងត្រូល។

សមត្ថកិច្ចបានបញ្ជាក់ថា ជាលទ្ធផលក្រុមការងារចម្រុះបាន ពិនិត្យឃើញថា៖

*ទី១៖ ស្លាកយីហោមិនត្រឹមត្រូវ ដោយមានខ្លឹមសារស្ដាប់មិនបាន «បណ្ដុំរថយន្តទំនើបអន្តរជាតិពាន់លាន» និងអក្សរមិនត្រឹមត្រូវតាមសេចក្តីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ

*ទី២៖ ទីតាំងប្រកបអាជីវកម្មនេះពុំទាន់មានច្បាប់អនុញ្ញាតនោះទេ (ចំនួន២ទីតាំង)

*ទី៣៖ ទីតាំងនេះពុំទាន់បានចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម

*ទី៤៖ ក្រុមការងារបានបើកកញ្ចប់ទំនិញ និងពិនិត្យសារធាតុទឹកនៅក្នុងប៊ីដុង រួមមាន៖ ជញ្ជីងថ្លឹងទំនិញមួយគ្រឿង, ម្សៅទឹកដោះគោ៥កេស, សាច់បាក់យ៉ុង៤កេស, ដំណាប់ស្វាយ៥កេស, ដំណាប់ម្នាស់៥កេស, ដំណាប់ប៊ីរី៥កេស, ដំណាប់ប៊ីរីមានគ្រាប់១០កេស, ដំណាប់ស្វាយមានគ្រាប់១០កេស, ដំណាប់ផាសិន១០កេស, យ៉ាអួ១០កេស, គ្រាប់ស្ករខ្មៅ១០កេស, ម្សៅមី០២កេស, គ្រឿងផ្សំប៊រធ្វើនុំ០២កេស និងស្ករទឹក០៥ប៊ីដុង។

បន្ទាប់ពីបានត្រួតពិនិត្យរួចមកក្រុមការងារបានសម្រេច ដូចខាងក្រោម៖ ម្ចាស់អាជីវកម្មត្រូវរុះស្លាកពាណិជ្ជកម្ម ក្នុងរយៈពេលចំនួន០៥ថ្ងៃ ហើយត្រូវទៅចុះបញ្ជីពាណិជ្ជកម្មឲ្យបានត្រឹមត្រូវ និងសុំច្បាប់អនុញ្ញាតទីតាំងមុននឹងបើកដំណើរការអាជីវកម្ម។

សមត្ថកិច្ចសម្រេចបិទទីតាំងអាជីវកម្មនេះទាំងស្រុង (២ទីតាំង) ដោយរក្សាទុកទំនិញខាងលើទាំងអស់ នៅក្នុងទីតាំងដដែល រង់ចាំថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ មន្ត្រីជំនាញកាំកុងត្រូលយករថយន្តឡាបូចល័ត មកត្រួតពិនិត្យលទ្ធផលដើម្បីរកសារធាតុគីមីហាមឃាត់៕