ផឹកតែបៃតងរាល់ថ្ងៃ ជួយច្រើនទាំងសុខភាព និងសម្រស់ ពិសេសគេចផុតពីមហារីក!

ជា​ច្រើន​សតវត្សរ៍មកនេះ តែ​បៃ​តង​ ត្រូវ​គេ​ទទួល​ស្គាល់​ជា​ឱសថ​បុរាណជា​ភេសជ្ជៈសុខភាព ល្បី​ឈ្មោះ​យូរ​មក​ហើយទាំង​​រស​ជាតិ​ឆ្ងុយ​ឆ្ងាញ់ ក៏​ដូច​ជា​គុណ​ប្រយោជន៍​ជាច្រើន។ បច្ចុប្បន្នតែ​បៃ​តង​ក៏​កាន់​តែពេញ​និយម​ខ្លាំង​ទៀត ទាំង​ក្មេង​ទាំង​ចាស់សុទ្ធ​តែ​ទទួល​ស្គាល់​រសជាតិ​របស់​តែ​បៃ​តង ហេតុនេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​គ្នា​យើង​ពី​អាថ៌​កំបាំងសុខភាព​របស់​តែ​បៃតង​ យើង​ភាគ​ច្រើន​មិន​ធ្លាប់​បាន​ដឹង។

១- បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ

យោង​តាម​ការ​ស្រាវ​ជ្រាវ​ខុសៗ​គ្នា គ្នា​យើង​ចូល​ចិត្ត​ផឹក​តែ​បៃ​តង​ជា​ប្រចាំ មិន​ងាយ​នឹង​ឆ្លងជំងឺ​​ដែលបង្ក​ដោយ​បាក់តេរី និង​វីរុស​​ឡើយ បើ​ធៀប​ជា​មួយ​គ្នា​យើង​​មិន​ចូលចិត្ត​​តែប្រភេទ​នេះ។ ​ច្បាស់ណាស់ថា តែ​បៃ​តង ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​យើង​កាន់​តែ​រឹង​មាំ ហើយ​មូល​ហេតុ​នៅ​ពី​ក្រោយ​រឿង​​នេះ ​ដោយ​តែ​បៃ​តង មាន​ផ្ទុក​សារ​ធាតុ​មួយ​ហៅ​ថា Catechins មាន​មុខ​ងារ​ប្រឆាំង​នឹង​បាក់តេរី​ ក៏​ដូច​ជា​វីរុស។ លើស​ពី​នេះ​សារធាតុ Catechins ក៏អាច​​ប្រឆាំង​នឹង​ជាតិ​ពុល​​បញ្ចេញ​ពពួក​មេរោគ​ទាំង​នោះ​ទៀត​ផង។ ប៉ុន្តែ នៅ​មិន​ទាន់​អស់​ពី​គុណ​ប្រយោជន៍​​នៅ​ឡើយ​ទេ ដោយ​សារតែបៃ​តងអាច​ការ​ពារ​ពី​ជំងឺ​ផ្សេងៗ បង្ក​ដោយ​មេរោគ និង​សកម្មភាព​​ពពួក​ផ្សិតដូច​ជា ក្លិន​អាក្រក់ រាក​មួល មិន​រំលាយ​អាហារ​ រាក រលាក​ពោះវៀន​ធំ ពុក​ធ្មេញ គ្រុន​ផ្ដាសាយដូច​ជា ​ក្អក​ និង​គ្រុន។

២- សារធាតុ​គីមី​ធ្វើ​ឲ្យ​រួម​​ជាលិកា (Astringency)

អត្ថប្រយោជន៍​មួយ​ទៀតពី​តែ​បៃ​តង ​គឺ​សារធាតុ​នេះ​ម្យ៉ាង ដែល​​ជួយ​ឲ្យ​សាច់​ដុំ ​និង​ជាលិកា​កន្ត្រាក់ ​ធ្វើ​ឲ្យ​សាច់​ដុំ​ នឹង​ស្បែក​ឡើង​តឹង​។ ទោះ​បី​ជា​យើង​មិន​ផឹក​តែ​ក៏​ដោយ ត្រឹម​តែ​ខ្ពុរ​មាត់​ជាមួយ​តែ​បៃ​តង អាច​ធ្វើ​ឲ្យ​អញ្ចាញ ​និង​ធ្មេញ​រឹង​មាំ​បាន ការ​ពារ​​ធ្មេញ​បាន​យូរ​អង្វែង ដោយ​គ្មាន​ការ​បារម្ភ​ពី​បាក់ ​ឬ​ខូច​ធ្មេញ​ឡើយ។

៣- ប្រឆាំងសារធាតុ​បង្កមហារីក (Anti-Carcinogenic)

ក្រៅ​ពី​ធ្វើ​ឲ្យ​ចាស់​មុន​អាយុ ពពួក​រ៉ាឌីកាល់​សេរីក៏​អាច​នាំ​ឲ្យ​មាន​ជំងឺ​មហារីក​ផ្សេងៗផង​ដែរ។ សារធាតុ Catechins ​មាន​ក្នុង​តែ​បៃ​តង អាច​បន្សាប​សារធាតុ​​គ្រោះ​ថ្នាក់​នេះ បញ្ឈប់​ការ​កកើត​សារធាតុ​នាំ​ឲ្យ​មាន​មហារីក ដូច​ជាសាធាតុ Nitrosamines។ បច្ចុប្បន្ន​នេះ​ ត្រូវ​បាន​គ្រូពេទ្យ​និង​ឱសថការី​ជា​ច្រើន ណែនាំ​ឲ្យ​គ្នា​យើង​មាន​ជំងឺ​ ប្រើ​តែ​បៃ​តង​នេះ។ តែ​នេះ ​គឺ​ជា​រុក្ខជាតិ​ល្អ​សម្រាប់​ការ​ប្រើ​នៅ​ផ្ទះ​ ដើម្បី​ការ​ពារ​ជំងឺ​មហារីក ជា​ពិសេស ចំពោះ​គ្នា​យើង​​ប្រឈម​ហានិភ័យ​ខ្ពស់​កើត​​​មហារីកលំពែង មហារីក​ពោះ​វៀន​ធំ និង​ចុង​ពោះ​វៀន​ធំ (Rectum)។

៤- កាត់​បន្ថយ​កូលេស្តេរ៉ូល

គេ​ដឹង​ថា​ តែ​បៃតង​ មាន​ប្រសិទ្ធិភាព​បន្ថយ​កម្រិត​កូលេស្តេរ៉ូល ដោយ​សារ​វា​មាន​សារធាតុ​មួយ​ហៅ​ថា Alkalinity។

៥- សុខភាព​សរសៃ​ឈាម​ និង​បេះដូង

តែ​បៃតង​ មាន​សារធាតុ​ខុស​គ្នា​ផ្សេងៗ​ជា​ច្រើន ​អាច​ការពារ​កុំ​ឲ្យ​ឈាម​ខាប់​ខ្លាំង ជួយកាត់​បន្ថយ​គ្រោះ​ថ្នាក់កើត​មាន​ជំងឺស្ទះ​សរសៃ​ឈាម (arterial sclerosis) ក៏​ដូច​ជា​ស្ទះ​សរសៃ​ឈាម​បេះ​ដូង ​និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល (Cardiac and cerebral stroke)។

៦- ប្រឆាំងជំងឺ​ទឹក​នោម​ផ្អែម

បើ​មិន​ផឹក​​តែ​ជាមួយ​ស្ករ ​ឬ​ទឹក​ដោះ​គោ​ខាប់ កាន់​តែ​ល្អ ព្រោះ​តែ​បៃ​តង ​អាច​ការពារ​ជំងឺ​ទឹក​នោម​ផ្អែម​បាន។ សារធាតុ Alkaline ធម្មជាតិ របស់​តែ​បៃតង ជួយ​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។ លើ​សពីនេះ សារធាតុ Antioxidant និង Astringent ក្នុង​តែ​បៃ​តង អាច​ធ្វើ​ឲ្យ​លំពែង​បំពេញ​មុខងារ​កាន់​តែ​ល្អ​ជាង​មុន។ ពេល​​មុខងាលំពែង​កាន់​តែ​ប្រសើរ នោះ​ការ​បញ្ចេញ​អ័រម៉ូន អាំងស៊ុយលីន ក៏​ល្អ​ដែរ ហើយ​ការ​ស្រូប​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ ក៏​កាន់​តែ​ប្រសើរ​ជាង​មុន។ និយាយរួម ផឹក​តែ​ទៀង​ទាត់ ឬ​ផឹក​ជារៀង​រាល់​ថ្ងៃ នោះ​យើង​​នឹង​អាច​ទទួល​ផល​ប្រយោជន៍​ពី​វា​បាន​ច្រើន។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ ​ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet