បើកូនតូចមានអាការទាំងនេះ ត្រូវនាំទៅមន្ទីរពេទ្យភ្លាម!

មិនថាអាការៈនេះនឹងកើតឡើងចំពោះកូនតូច ឬកូនធំនោះទេ លោកឪពុកអ្នកម្តាយត្រូវចេះសង្កេតមើលថា តើខុសប្រក្រតីដែរ ឬទេ? និងអាការៈបែបណា ដែលត្រូវនាំកូនទៅមន្ទីពេទ្យភ្លាមតែម្តង។ តើអាការៈគ្រោះថ្នាក់ទាំងនោះមានអ្វីខ្លះ សូមលោកឪពុកអ្នកម្តាយតាមដានជាបន្ត។

១ – ក្តៅខ្លួនលើស ៣៨,៥ អង្សាសេលសៀស (អង្សា C )៖ បើកូនក្តៅខ្លួនតិចៗ ចូរឱ្យញ៉ាំថ្នាំបញ្ចុះកំដៅ ឬយកក្រណាត់សើមជូតខ្លួនឱ្យត្រជាក់ និងឱ្យញ៉ាំទឹកឱ្យច្រើនដើម្បីសម្រាលអាការៈ តែបើកូនចាប់ផ្តើមឡើងកម្តៅខ្ពស់ ញ៉ាំអាហារមិនបាន ក្តៅខ្លួនយូរថ្ងៃ ធ្វើយ៉ាងណាក៏កម្តៅមិនថយចុះដែរនោះ ចាំបាច់ត្រូវតែនាំទៅមន្ទីរពេទ្យ ដើម្បីពិនិត្យអាការគ្រុនផ្តាសាយធំ និងអាការជំងឺគ្រុនឈាមភ្លាម។

២ – អាការៈឈឺចាប់បែបខ្លាំងៗ៖ ដូចជា ចុកពោះ ឈឺក្បាល បើមានអាការៈចុកពោះបែបចុកឡើងកោងខ្លួន ក្តាប់ដៃណែនប្រឹងបាតជើងឡើងក្រញ៉ង់ មិនញ៉ាំអាហារ បន្ទោបង់ខុសប្រក្រតី ត្រូវប្រញាប់នាំទៅជួបគ្រូពេទ្យជាបន្ទាន់ ព្រោះអាចកើតអាការៈរលាកពោះវៀន ឬរលាកខ្នែងពោះវៀន តែបើមានអាការៈឈឺក្បាល អាចសង្កេតមើលអាការតាមរយៈ នៅស្ងៀមស្រងូតស្រងាត់ មិនស្រស់ស្រាយ ញ៉ាំអាហារមិនបាន និយាយមិនច្បាស់ ដើរមិនប្រក្រតី អាការៈបែបនេះអាចធ្ងន់ធ្ងរដល់ថ្នាក់រលាកស្រោមខួរបាន។

៣ – ក្អួតចង្អោរ៖ បើកូនមានអាការៈក្អួតចង្អោរញឹកញាប់ និងច្រើនឡើងរឿយៗនោះ អាចធ្វើឱ្យខ្វះជាតិទឹកបាន បេះដូងនឹងលោតញាប់ និងមានសម្ពាធធ្លាក់ចុះទាប អាចធ្វើឱ្យគាំងក្រលៀនដែលជារឿងមួយគ្រោះថ្នាក់ណាស់ ហើយបើកូនមានអាការៈរួមផ្សេងទៀតដូចជា ឈឺក្បាល កម្តៅខ្លួនឡើងខ្ពស់ ប្រកាច់ អាការបែបនេះកូនអាចមានឆ្លងមេរោគក្នុងខួរក្បាល ឬរលាកស្រោមខួរបាន។

៤ – ដកដង្ហើមខុសប្រក្រតី៖ បើកូនមានអាការៈក្អកដូចមានស្លេស្ម ដកដង្ហើមខុសចង្វាក់ ដកដង្ហើមលឿន ដើមទ្រូងផត បេះដូងលោតញាប់ ខ្លួនឡើងពណ៌ស្វាយ នៅស្ងៀម អាការបែបនេះកូនអាចមានសភាវគាំងប្រព័ន្ធដកដង្ហើម ដែលធ្វើឱ្យស្លាប់បាន។

៥ – កន្ទាលត្រអាក៖ បើជាកន្ទាលត្រអាកទូទៅនឹងកើតតិចៗ និងបំបែកខ្លួន តែបើជាកន្ទាលត្រអាកដែលឡើងក្រាស់ៗ កើត ២ – ៣ ថ្ងៃហើយក៏នៅតែមិនបាត់ និងថែមទាំងមានអាការៈរួមផ្សេងទៀតដូចជា ក្តៅខ្លួន ហើម ដកដង្ហើមមិនស្រួល ក្អួត អាការបែបនេះត្រូវប្រញាប់នាំទៅជួបគ្រូពេទ្យ ព្រោះអាចឆ្លងមេរោគនៅក្នុងឈាម។

អាការទាំង ៥ ដែលបានរៀបរាប់មកនេះ គឺជាអាការៈដែលហាក់ដូចជាធ្ងន់ធ្ងរ ក្រែងលោបើឪពុកម្តាយសង្កេតឃើញថាកូនមានអាការៈបែបនេះ ត្រូវប្រញាប់នាំកូនទៅមន្ទីពេទ្យជាបន្ទាន់កុំបង្អង់យូរ៕

អត្ថបទផ្ដល់សិទ្ធិដោយ Royalausnzcambodia