បើមានសញ្ញាទាំងនេះ រាងកាយខ្វះជាតិស្ករហើយ ប្រញាប់បំពេញភ្លាម!

  • ច័ន្ទ ២២ កក្តដា, ២០១៩ ០៨:២០

ញ័រខ្លួន វិលមុខ ឈឺក្បាល អស់កម្លាំង ឡេះឡះ បែកញើស បេះដូង​លោត​ញាប់ ស្បែក​ស្លេក​ស្លាំង ជា​សញ្ញា​នៃ​ការ​ខ្វះជាតិ​ស្ករ​ក្នុង​ឈាម។ បើ​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម ត្រូវ​ធ្វើ​ដូច​ម្តេច?

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ថា ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាមអាច​បណ្តាល​មក​ពី​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម ញ៉ាំ​អាហារ​តិច​ពេក ហាត់​ប្រាណ​ទាំង​មិន​ញ៉ាំ​អាហារ ផឹកស្រា ឬ​ញ៉ាំ​អាហារ​មាន​ជាតិ​កាបូអ៊ីដ្រាត​មិន​គ្រប់​គ្រាន់។

បើ​យើង​មាន​សញ្ញា​ដូច​រៀបរាប់​ខាង​លើ​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ និងបំពេញ​ជាតិ​ស្ករ​ឡើង​វិញ​ភ្លាម កាល​ណា​ទុក​យូរ ខ្លួន​យើង​កាន់​តែ​ចុះ​ខ្សោយ បណ្តាល​ឲ្យ​សន្លប់ និង​ប៉ះពាល់​ដល់​ខួរ​ក្បាល។ លោក​វេជ្ជបណ្ឌិត​ បន្ថែម។

ជំងឺ​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម កើត​ឡើង​​ដោយ​សារ​​កម្រិត​គ្លុយកូស​ក្នុង​ឈាម​ធ្លាក់​ចុះតិច​ជាង​កម្រិត​ធម្មតា។ តើ​អ្វី​ទៅ​ជា​គ្លុយ​កូស? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ពន្យល់​ថា គ្លុយកូស គឺ​ជា​សារធាតុ​ស្ករ​ដែល​បាន​មក​ពី​ចំណី​អាហារ វា​ជា​ប្រភព​ផ្តល់​ថាមពល​ដ៏​សំខាន់​សម្រាប់​រាងកាយ​មនុស្ស​យើង។

ចំពោះ​អ្នក​ជំងឺ​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ណែនាំ​​ឲ្យ​ញ៉ាំ​អាហារ​ដែល​ផ្ទុក​កាបូអ៊ីដ្រាត ព្រោះ​អាហារ​ទាំង​នោះ​សម្បូរ​គ្លុយកូស ដែល​មាន​នៅ​ក្នុង បាយ នំប៉័ង ដំឡូងបារាំង ទឹកដោះគោ ផ្លែឈើ ទឹកផ្លែឈើ និង​បង្អែម​គ្រប់​ប្រភេទ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet