តើស្ថានភាព Simon Yam ទៅជាយ៉ាងណាហើយ ក្រោយត្រូវគេចាក់ ច្រើនកាំបិត លើឆាកស្តែងៗ? (មានវីដេអូ)

ហុងកុង៖ ពេលនេះការវះកាត់លើកទីពីរ របស់តារាសម្តែងជើងចាស់ដ៏ល្បីSimon Yam បានទទួលជោគេជ័យហើយ បើយោងតាមការបង្ហោះរូប មួយសន្លឹករបស់ភរិយារបស់តារារូបនេះ កាលពីថ្ងៃ២១ ខែកក្កដាកន្លងទៅ បើ​មើលទៅតាមទឹកមុខ របស់តារាប្រុសរូបនេះ អាចបញ្ជាក់បានថាស្ថានភាពជំងឺ របស់លោកទទួលបានការ ធូរស្រាលច្រើនហើយ។

បន្ទាប់ពីត្រូវជនមិនស្គាល់អត្តសញ្ញាណ ចាក់អស់ជាច្រើនកាំបិត រង​របួស​ត្រូវដៃនិងពោះ តារាប្រុសរូបនេះក៏ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យHong Kong Adventist Hospital ភា្លមៗ នៅក្នុងយប់ថ្ងៃសៅរ៍នោះ។ អ្នកតំណាងរបស់តារាប្រុសរូបនេះ បានបញ្ជាក់ថា ថ្វីត្បិតស្ថានភាពជំងឺរបស់Simon Yam បានធូរស្រាលក៏ពិតមែន តែពួកយើងនៅតែព្រួយបារម្ភខ្លាំង ពីស្នាមរបួសដែលមាននៅលើដៃរបស់Yam ដែលវាអាចនឹងប្រែទៅជាអាក្រក់ ជាងមុនគ្រប់ពេល។

កាលពីថ្ងៃអាទិត្យកន្លងទៅ ភរិយារបស់តារាប្រុសរូបនេះ បានបង្ហាញខ្លួននៅក្នុងមន្ទីរពេទ្យ ហើយបានប្រាប់ដល់អ្នកកាសែតថា ការវះកាត់របស់តារាប្រុសរូបនេះទទួលបាន ជោគជ័យល្អណាស់។ បន្ទាប់ពីកើតមានរឿងបែបនេះហើយ ខាង​អ្នកគ្រប់គ្រងរបស់តារាប្រុសរូបនេះ បានជួលអង្គរក្សផ្ទាល់ខ្លួន៣នាក់ ដើម្បីការពារសុវត្ថិភាពនិង ឯកជនភាព របស់តារាប្រុសរូបនេះ។

គួរបញ្ជាក់ផងដែរថា តារាសម្តែងប្រុសជើងចាស់ដ៏ល្បី របស់ហុងកុងSimon Yam ត្រូវបានជនអនាមិក ចាក់អស់ជាច្រើនកាំបិតនៅពេលដែល រូបលោកកំពុងចូលរួមកម្មវិធីប្រម៉ូតឲ្យ ក្រុមហ៊ុនមួយនៅZhongshan ដែលស្ថិតក្នុងស្រុកGuangdong នៃប្រទេសចិនកាលពីថ្ងៃទី២០ ខែកក្កដា កន្លងទៅថ្មីៗនេះ៕

តារា​សម្តែង​Simon Yam
តារា​សម្តែង​Simon Yam និង​ភរិយា
បន្ទាប់​ពី​ត្រូវ​ជនអនា​មិក​ចាក់
បន្ទាប់​ពី​ត្រូវ​ជនអនា​មិក​ចាក់
រូប​ភាព​ដែល​ភិរិយា​របស់​លោក​បាន​បង្ហោះ