អាយុថ្លៃ! ទារិកាទើបនឹងកើត ត្រូវម្តាយយកទៅចោល សំណាងបានសត្វឆ្មាមួយក្បាលឃើញ.... ជួយសង្គ្រោះទាន់ពេល (មានវីដេអូ)

  • អង្គារ ២៣ កក្តដា, ២០១៩ ១៣:០៧

ម៉ាឡេស៊ី៖ ទារិកាទើបនឹងកើតម្នាក់ ត្រូវបានម្តាយយកទៅបំបោះបង់ចោល នៅទីដុតសំរាមមួយកន្លែង ប៉ុន្តែសំណាងល្អត្រូវបានគេប្រទះឃើញ និងជួយសង្គ្រោះទាន់ពេលវេលា។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃច័ន្ទ ទី២២ កក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ ស្ថិតនៅក្នុងតំបន់ Jalan Dusun Muda ទីក្រុង Kota Bharu រដ្ឋ Kelantan ប្រទេសម៉ាឡេស៊ី។

លោក Mohd Norazam Che Wahab

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ទារិការងគ្រោះខាងលើនេះ ត្រូវបានប្រទះឃើញដោយអ្នកភូមិរស់នៅក្នុងតំបន់ នៅទីតាំងដុតសំរាមក្បែរចិញ្ចើមផ្លូវ កាលពីវេលាម៉ោង ៨នឹង១០នាទីព្រឹក ហើយពួកគេជឿជាក់ថា ទារិការងគ្រោះទំនងជាទើបនឹងកើត ព្រោះតែឃើញមានស្នាមប្រឡាក់ឈាមលើរាងកាយ និងថែមទាំងមានជាប់ទងសុកមកជាមួយថែមទៀត។

សាក្សីដែលបានប្រទះឃើញហេតុការណ៍ដំបូងគេនេះ លោក Mohd Norazam Che Wahab អាយុ ៣១ឆ្នាំ បាននិយាយថា លោកបានដឹងថាមានទារិការងគ្រោះនៅកន្លែងនោះ ក៏ដោយសារតែបានសត្វឆ្មាចិញ្ចឹមរបស់លោករត់ទៅទីនោះ។

លោក Mohd Norazam Che Wahab

«ភ្លាមៗនោះ ស្រាប់តែឆ្មារបស់ខ្ញុំរត់ទៅទីតាំងមួយនោះ ហើយខ្ញុំក៏បានដេញតាមវាផងដែរ ព្រោះតែខ្ញុំបារម្ភខ្លាចក្រែងថាវាវង្វេងផ្លូវ។ ប៉ុន្តែឆ្មារបស់ខ្ញុំវាបានរត់ទៅឈប់នៅកន្លែងដុតសំរាមមួយ ហើយនៅពេលនោះខ្ញុំក៏ស្រាប់តែបានឮសូរសំឡេងទារកយំល្វើយៗ។ ដំបូងខ្ញុំគិតថា ប្រហែលជាសំឡេងកូនឆ្មាទេ ប៉ុន្តែនៅពេលដែលខ្ញុំទៅកាន់តែជិត ទើបខ្ញុំភ្ញាក់ផ្អើលខ្លាំង ព្រោះតែប្រទះឃើញកូនង៉ែតនៅកន្លែងនោះ» លោក Mohd Norazam និយាយ។

ទារិការងគ្រោះ

លោក Mohd Norazam បានបន្តថា ភ្លាមៗនោះដែរ លោកក៏បានរត់ស្រែកហៅអ្នកជិតខាង ដើម្បីឲ្យមកមើលនិងលើកកូនង៉ែតនេះឡើង។ ឯអ្នកជិតខាងក៏បានរាយការណ៍ដំណឹងមួយនេះ ទៅអាជ្ញាធរមានសមត្ថកិច្ចផងដែរ។

លោក Mohd Norazam បានអះអាងថា នៅក្នុងថ្ងៃកើតហេតុនោះ មានអ្នកជិតខាងម្នាក់បានបង្ហើបថា គេបានប្រទះឃើញរថយន្តមួយគ្រឿងមកឈប់នៅក្បែរកន្លែងនេះ (កន្លែងយកទារិកាមកចោល) ផងដែរ ប៉ុន្តែមិនបានចាប់អារម្មណ៍ឲ្យបានដិតដល់។

អ្នកភូមិនាំគ្នាមកមើល

គួរឲ្យដឹងផងដែរថា ទារិការងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ Raja Perempuan Zainab II Hospital ក្នុងទីក្រុង Kota Bharu ។ គេសង្ឃឹមថា ទារិការងគ្រោះនឹងស្ថិតនៅក្នុងស្ថានភាពសុខភាពល្អ និងមានសុវត្ថិភាព។

ជុំវិញនឹងករណីនេះ បច្ចុប្បន្នប៉ូលិសក៏កំពុងតែបើកការស៊ើបអង្កេត ដើម្បីស្វែងរកមុខជនល្មើសដែលប្រព្រឹត្តនូវសកម្មភាពមួយនេះ មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖