BREAKING NEWS: អំពើឃាតកម្មសម្លាប់ និងដុតសាកសពចោលនៅក្បែរស្ពានព្រែកព្នៅពេលនេះកម្លាំងនគរបាលតាមចាប់ជនដៃដល់បានហើយ, ទាំងឃាតក និងជនរងគ្រោះជាជនជាតិចិនដូចគ្នា

  • អង្គារ ២៣ កក្តដា, ២០១៩ ១៣:៣២

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលបានចាប់ខ្លួនជនដៃដល់បានហើយ ដែលសម្លាប់នារីរងគ្រោះរួចយកសាកសពទៅដុតបំផ្លាញចោល នៅក្បែរស្ពានព្រែកព្នៅ ក្នុងខណ្ឌជ្រោយចង្វារកាលពីពេលថ្មីនេះ។

នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ថាទាំងជនរងគ្រោះ និងជនដៃដល់ជាជនជាតិចិនដូចគ្នា ហើយជាសង្សារទៀតផង។ យ៉ាងណាក៏ដោយនៅពេលនេះជនដៃដល់ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃនាំខ្លួនយកទៅសួរនាំដើម្បីចាត់ការបន្ត។

មន្រ្តីនគរបាលជាន់ខ្ពស់ បានឲ្យដឹងផងដែរថា ការចាប់ខ្លួននេះបានធ្វើឡើងក្រោយពេលដែលជនដៃដល់ បានត្រឡប់មកពីស្រុកចិនវិញ ដោយសារតែក្រោយធ្វើសកម្មភាពរូបគេបានគេចខ្លួនទៅកាន់ប្រទេសចិនមួយរយៈ។

សូមបញ្ជាក់ថា មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោងជាង១១យប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៩ នៅឯដីឡូតិ៍មួយកន្លែងជិតស្ពានលីយ៉ុងផាត់ក្នុងសង្កាត់បាក់ខែងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយជនសង្ស័យបានដឹកមនុស្សតាមរថយន្តយកទៅដុតចោល ដោយជនរងគ្រោះគេសន្និដ្ឋានជាជំហ៊ានដំបូងថាជាមនុស្សស្រី៕