ស្រ្តីម្នាក់ត្រូវកាត់ជើងចោល ក្រោយជាប់ជើងនៅក្នុងជណ្តើរយន្ត... សាក្សីនៅកន្លែងកើតហេតុនិយាយថា នេះជាកំហុសរបស់នាង (មានវីដេអូ)

  • អង្គារ ២៣ កក្តដា, ២០១៩ ១៤:១៤

ចិន៖ ផ្ទុះការភ្ញាក់ផ្អើល ក្រោយមានស្រ្តីម្នាក់បានជាប់ជើងនៅក្នុងជណ្តើរយន្ត បណ្តាលឱ្យត្រូវកាត់ជើងចោល។

យោងតាមប្រភពបានឱ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីពេលថ្មីៗនេះ នៅផ្សារទំនើបមួយកន្លែង ក្នុងទីក្រុងហាប៊ីន នៃខេត្តហីឡុងជាំង។

យោងតាមសម្តីក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងថា ដំបូងឡើយជនរងគ្រោះបានទៅផ្សារទំនើបជាមួយនឹងប្អូនស្រីគាត់ ហើយមិនដឹងជាមូលហេតុអ្វី ស្រាប់តែជណ្តើរយន្តនោះដំណើរការខុសប្រក្រតី បណ្តាលឱ្យជើងគាត់ជាប់នៅក្នុងជណ្តើរយន្តយកតែម្តង។

យ៉ាងណាមិញ សាក្សីនៅកន្លែងកើតហេតុបានប្រាប់អ្នកសារព័ត៌មានថា ជណ្តើរយន្តនោះកំពុងតែស្ថិតក្រោមការជុសជុល ហើយកំពុងតែបើកដំណើរការសាកល្បង ប៉ុន្តែបែរជាស្រ្តីរងគ្រោះឡើងជិះ ទើបបង្កឱ្យមានគ្រោះថ្នាក់បែបនេះកើតឡើង។

ស្រ្តីរងគ្រោះត្រូវកាត់ជើងឆ្វេងចោល ក្រោយជួបឧប្បត្តិហេតុដ៏អាក្រក់នេះ។ ចំណែកសមត្ថកិច្ចក៏កំពុងស៊ើបអង្កេតបន្ថែមជុំវិញករណីនេះផងដែរ។

គួររម្លឹកថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានឧប្បត្តិហេតុបែបនេះកើតឡើងជាញឹកញាប់នៅក្នុងប្រទេសចិន ហើយមានអ្នកខ្លះត្រូវកាត់ជើងចោល អ្នកខ្លះទៀតត្រូវស្លាប់ក៏មានដែរ។ ដូច្នេះសូមបងប្អូនទាំងអស់គ្នា មេត្តាត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ នៅពេលជិះជណ្តើរយន្តម្តងៗ ដើម្បីចៀសវាងនូវឧប្បត្តិហេតុណាមួយដែលអាចកើតឡើងជាយថាហេតុ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖