វិនិយោគិនចិនល្បីឈ្មោះ Charles Xue មកខ្មែរ៤ខែ ដើម្បីវិនិយោគលើដីរាប់ពាន់ហិកតានៅខេត្តព្រះសីហនុ!

  • អង្គារ ២៣ កក្តដា, ២០១៩ ១៤:៣៤

ភ្នំពេញ៖ នាពេលថ្មីៗនេះ វិនិយោគិនចិនល្បីល្បាញមួយរូបគឺលោក Charles Xue ដែលត្រូវបានគេស្គាល់ថាជាអ្នកវិនិយោគចាស់វស្សាល្បីល្បាញខាងវិនិយោគ និងបង្កើតក្រុមហ៊ុនតម្លៃខ្ទង់ពាន់លានដុល្លារនៅចិន កំពុងតែស្នាក់នៅក្នុងប្រទេសកម្ពុជាប្រមាណជា ៤ ខែ ដើម្បីធ្វើការសិក្សារដោយផ្ទាល់ និងស្វែងយល់ពីសក្ដានុពលនៃប្រទេសកម្ពុជាយើង។

កន្លងមកលោក Charles ធ្លាប់ល្បីល្បាញខាងវិនិយោគលើក្រុមហ៊ុនបច្ចេកវិទ្យា តែក្រោយពីស្នាក់នៅកម្ពុជាយើងមួយរយៈមកគាត់បានលើកឡើងថា គាត់មានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើវិស័យអចលនទ្រព្យនៅកម្ពុជាយើង ជាពិសេសនៅខេត្តព្រះសីហនុតែម្ដងដោយគាត់បានលើកឡើងថាមួយរយៈក្រោយនេះគាត់បានវិនិយោគទៅលើដីធ្លីជាច្រើនពាន់ហិកតានៅក្រុងព្រះសីហនុ។

វិនិយោគិនចិនល្បីឈ្មោះ Charles Xue

បើតាមការអះអាងរបស់លោក Charles Xue កន្លងមកគាត់បានវិនិយោគដីប្រមាណជា១ពាន់ហិកតានៅឧទ្យានជាតិរាម និងដីរហូតដល់ទៅ ៤ ពាន់ហិកតាទៀត នៅជិតព្រលានយន្តហោះ ក្បែរផ្លូវជាតិលេខបួន ហើយដីដែលគាត់ដាក់ទុនវិនិយោគនោះ ជាដីមិនមានមនុស្សនៅ ល្អសម្រាប់អភិវឌ្ឍ។

ទស្សនៈវិស័យរបស់លោក Charles ក្នុងការមកវិនិយោគដើម្បីអភិវឌ្ឍដីនៅក្រុងព្រះសីហនុនេះ ដោយហេតុចង់ប្រែក្លាយខេត្តមួយនេះឱ្យដូចជាទីក្រុងធំៗនៅបណ្ដាប្រទេសអភិវឌ្ឍដទៃទៀត ជាមួយនឹងគម្រោងអភិវឌ្ឍមានច្រើនបែបដូចជា គម្រោងសង់ផ្ទះវីឡា ផ្ទះសម្រាប់សម្រាកលំហែកាយ ផ្ទះឈើបែបធម្មជាតិជាដើម។

សម្រាប់គោលដៅលក់ទៅលើគម្រោងទាំងនោះផងដែរ លោក Charles Xue ក៏បានលើកឡើងដែរថា មិនមែនអភិវឌ្ឍសម្រាប់តែជនជាតិបរទេសនោះទេ ដោយនឹងមានគម្រោងដែលមានតម្លៃសមរម្យសម្រាប់ប្រជាជននៅក្នុងស្រុកទិញបាន ហើយបើតាមការបង្ហើបខ្លះៗបន្ថែម លោក Charles Xue និយាយថាអាចមានតម្លៃក្រោម ១០ ម៉ឺនដុល្លារ។

វិនិយោគិនចិនល្បីឈ្មោះ Charles Xue

ជាមួយគ្នានេះផងដែរ លោក Charles Xue ក៏បានបង្ហាញពីមូលហេតុធំៗមួយចំនួនជាហេតុធ្វើឱ្យគាត់សម្រេចចិត្តវិនិយោគវិស័យដីធ្លី ដោយដំបូងឡើយគាត់មើលឃើញពីស្ថិរភាពនៃប្រទេសកម្ពុជាយើង ទាំងនយោបាយ ទាំងសេដ្ឋកិច្ចដោយអាចរក្សាកំណើន ៧% បាន ហើយការរីកចម្រើននៃវិស័យឧស្សាហកម្ម និងវិស័យផ្សេងៗទៀត។

បន្ថែមទៀត គាត់ជឿថានឹងមានមនុស្សជាច្រើននឹងចូលរួមជាមួយនឹងគម្រោងនេះ ជាពិសេសជនជាតិចិនតែម្ដង ដោយហេតុតែប្រជាជនចិនចូលចិត្តមាត់សមុទ្រណាស់ ក៏ព្រោះតែប្រទេសដ៏ធំមួយនេះមានឆ្នេរសមុទ្រមិនសូវវែងនោះទេ ខណៈដែលប្រជាជនមានចំនួនច្រើនសន្ធឹកសន្ធាប់នោះ។

គូសបញ្ជាក់ថា លោក Charles Xue ជាវិនិយោគគិនចាស់វស្សាមួយរូប ដែលបានវិនិយោគលើក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន ហើយលោកក៏ជាមិត្តភក្តិរបស់បិតាវិនិយោគជប៉ុន Masayoshi Son ផងដែរ។ សម្រាប់គម្រោងលើកនេះគ្រាន់តែជាការចាប់ផ្ដើមរបស់គាត់ក្នុងការវិនិយោគនៅប្រទេសកម្ពុជា ហើយការវិនិយោគលើវិស័យផ្សេងនឹងបន្តកើតមានឡើង៕