សត្វផ្សោតឈ្មោល១ក្បាលទម្ងន់ជាង១០០គីឡូក្រាម ងាប់ដោយសារជាប់មង នៅក្នុងតំបន់អភិរក្សខេត្តក្រចេះ

  • អង្គារ ២៣ កក្តដា, ២០១៩ ១៤:៤៣

(ក្រចេះ)៖ សត្វផ្សោត១ក្បាល ទម្ងន់ជាង១០០គីឡូក្រាម បានងាប់ដោយសារជាប់មងអ្នកនេសាទ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងតំបន់អភិរក្ស ស្ថិតនៅក្នុងភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី ទីរួមខេត្តក្រចេះ។

អង្គការមូលនិធិសកល សម្រាប់អភិរក្សធនធានធម្មជាតិហៅកាត់ថា WWF-Cambodia បានបង្ហាញសារសោកស្តាយ ចំពោះសត្វផ្សោតឈ្មោលទំងន់១០៤គីឡូក្រាម មានប្រវែងសរុប១.៩៨ម៉ែត្រ និងចន្លោះពី១៥-១៨ឆ្នាំ បានងាប់ដោយសារជាប់មង របស់អ្នកនេសាទនៅក្នុងតំបន់អភិរក្ស។

អង្គការ WWF បានបន្តថា សពសត្វផ្សោតត្រូវបានយកមករក្សាទុក នៅក្នុងទូរទឹកកកនៅឯការិយាល័យ WWF ប្រចាំខេត្តក្រចេះ ដើម្បីទុកធ្វើកោសល្យវិច្ច័យ ក្រុមការងារស្រាវជ្រាវរួម ដែលមានរដ្ឋបាលជលផល និងអង្គការ WWF បានធ្វើការសន្និដ្ឋាន ជាបឋមថាសត្វផ្សោតនោះ ស្លាប់ដោយសារជាប់មង ព្រោះមានស្នាមមង នៅកន្ទុយរបស់វា ហើយផ្សោតនោះជាផ្សោតឈ្មោលមានទំងន់១០៤ គីឡូក្រាម។

អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិបញ្ជាក់ថា សត្វផ្សោតដែលងាប់នេះ ត្រូវបានគេកត់សម្គាល់ជាសត្វផ្សោតទី៥ ហើយដែលបានត្រូវគេប្រទះឃើញងាប់តាំងពីខែមករា ឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន ហើយចំនួនកូនផ្សោតដែលកើត ក្នុងកំឡុងពេលដូចគ្នានេះ គឺមានចំនួន៩ក្បាល។

អង្គការ WWF សង្កត់ធ្ងន់ថា ការដាក់ម៉ងនៅក្នុងតំបន់អភិរក្ស គឺជាកត្តាចំបងដែល ធ្វើឲ្យងាប់សត្វផ្សោតទន្លេមេគង្គ។ អង្គការនេះ បានអំពាវនាវកុំឱ្យមានការនេសាទខុសច្បាប់ ក្នុងតំបន់អភិរក្ស ដើម្បីការពារសត្វផ្សោតទន្លេមេគង្គ ដែលជាបេតិកភណ្ឌមានជីវិត ដ៏មានតម្លៃរបស់ប្រទេស៕