ថ្មីចែស! ខឹងប្រពន្ធរវល់តែពីកូនៗៗ មិនគិតគូរផ្តល់ក្តីសុខឲ្យខ្លួន ប្តីអន់ចិត្តលោតពីលើផ្ទះជាន់ទី៥ (មានវីដេអូ)

  • អង្គារ ២៣ កក្តដា, ២០១៩ ១៥:២៩

ចិន៖ បុរសជនជាតិចិនម្នាក់ ត្រូវបានជួយសង្គ្រោះជីវិត ក្រោយប៉ុនប៉ងធ្វើអត្តឃាតលោតពីលើផ្ទះ ដោយសារតែ ខឹងនឹងប្រពន្ធគិតតែពីមើលថែកូនប្រុសតូចអាយុ ១ឆ្នាំ ហើយមិនដែលមកអើពើនឹងខ្លួនដែលជាប្តី។

រូបភាពផ្សេងៗក្នុងយប់កើតហេតុ

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា បុរសជាប្តីខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក Li បច្ចុប្បន្នរស់នៅក្នុងទីក្រុង Wenling ខេត្ត Zhejiang ប្រទេសចិន បានលោតពីលើផ្ទះជាន់ទី៥របស់ខ្លួន កាលពីយប់ថ្ងៃសៅរ៍កន្លងទៅនេះ បន្ទាប់ពីរូបលោកខឹងអន់ចិត្តនឹងប្រពន្ធ ដែលមិនគិតគូរ ឬខ្វល់ខ្វាយពីខ្លួន ពោលគឺនាងគិតតែពីមើលថែ ថ្នាក់ថ្នមកូនប្រុសតូច ដែលមានអាយុ១ឆ្នាំ។

ប្រភពដដែលបន្តថា ជាសំណាងល្អ ដែលបុរសជាប្តីអាយុថ្លៃរូបនេះមិនស្លាប់ ព្រោះតែបានធ្លាក់មកទើរនៅលើយ៉រផ្ទះអ្នកជិតខាងត្រឹមជាន់ទី៣។ ប៉ុន្តែអ្វីដែលរឹតតែធ្វើឲ្យផ្អើលដល់គេឯងនោះ លោក Li ខឹងចិត្តយ៉ាងខ្លាំង ហើយក៏បានស្ទុះរត់ទៅអាងទឹកដែលនៅក្បែរនោះ ដើម្បីព្យាយាមប៉ុនប៉ងលោតសម្លាប់ខ្លួនជាថ្មី (ចូលក្នុងអាងទឹកនោះ) ខណៈដែលប្រពន្ធរបស់លោក ក៏បានរាយការណ៍ដំណឹងនេះទៅមន្រ្តីប៉ូលិស ដើម្បីឲ្យចុះមកជួយធ្វើអន្តរាគមន៍ និងបានមកជួយសង្គ្រោះទាន់ពេលវេលាផងដែរ។

រូបភាពផ្សេងៗក្នុងយប់កើតហេតុ

ស្រ្តីជាប្រពន្ធឈ្មោះ Chen បានប្រាប់ប៉ូលិសថា ប្តីរបស់នាងតែងតែចូលចិត្តផឹកស្រា ហើយមុននឹងប្តីរបស់នាងប៉ុនប៉ងធ្វើអត្តឃាតនេះ អ្នកទាំងពីរក៏បានឈ្លោះប្រកែកគ្នាផងដែរ។ នាងថា នៅពេលដែលប្តីរបស់នាងលោតពីលើផ្ទះទៅនោះ នាងក៏មិនបានទៅមើលឡើយ ព្រោះតែនាងមិនអាចទុកកូនប្រុសតូចឲ្យនៅម្នាក់ឯងបាន ដែលជាហេតុជំរុញឲ្យប្តីរបស់នាងរឹតតែខឹងនាងកាន់តែខ្លាំង និងងើបស្ទុះរត់ទៅអាងទឹកគេ ដើម្បីលោតសម្លាប់ខ្លួនទៀត។

លោក Li បានស្រែកយំថា «ប្រពន្ធខ្ញុំមិនខ្វល់ពីខ្ញុំ អីចឹងខ្ញុំគួរតែស្លាប់ទៅ។ ខ្ញុំលោតសម្លាប់ខ្លួន តែចង្រៃវាមិនស្លាប់ ដូច្នេះខ្ញុំមានតែត្រូវលោតចូលក្នុងអាងទឹក ព្រោះខ្ញុំមិនចេះហែលទឹកទេ» ។ លោក Li ថា តាំងពីប្រពន្ធខ្លួនមានកូនមក គឺនាងលែងខ្វល់ពីលោកតែម្តង។

រូបភាពផ្សេងៗក្នុងយប់កើតហេតុ

យ៉ាងណាមិញ បើតាមការឲ្យដឹងបន្ថែមពី Chen ជាប្រពន្ធវិញ បាននិយាយថា ចាប់តាំងពីគ្រួសារនាងទទួលបានចំណងដៃកូនប្រុសមួយមក ប្តីរបស់នាង ពោលគឺ លោក Li បែរជាតែងតែប្រចែប្រច័ណ្ឌនឹងកូនប្រុសខ្លួនឯងជារឿយៗ ហើយថែមទាំងបានចោទប្រកាន់នាងថា មួយថ្ងៃៗគិតតែពីផ្តល់ក្តីសុខ ឬមើលតែកូនៗៗ ទាំងដែលប្តីខ្លួនឯងលែងអើពើមើល។

គួរឲ្យដឹងផងដែរថា ក្រោយកើតហេតុ លោក Li ក៏ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។ ឯស្ថានភាពរបស់លោកវិញ ក៏មិនសូវជាធ្ងន់ធ្ងរ គួរឲ្យព្រួយបារម្ភនោះឡើយ។

ជុំវិញនឹងរឿងរ៉ាវដ៏គួរឲ្យហូសចិត្តមួយនេះ អ្នកលេងបណ្តាញសង្គមជាច្រើន ក៏បានសម្ដែងការខឹងសម្បា និងរិះគន់យ៉ាងខ្លាំង ទៅលើសកម្មភាពមិនគួរគប្បីរបស់បុរសជាប្តី និងបានសម្ដែងក្តីអាណិតអាសូរដល់នារីជាប្រពន្ធយ៉ាងខ្លាំង។

អ្នកលេងបណ្តាញសង្គមខ្លះនិយាយថា នាងហាក់បីដូចជាកំពុងតែចិញ្ចឹមកូនប្រុស២នាក់យ៉ាងអីចឹង (ព្រោះតែប្តីម៉ាកអីចឹងៗ)។ តើគាត់ក្លាយជាឪពុកគេបានដោយរបៀបណាទៅ បើគ្រាន់តែកូនខ្លួនឯងសោះហ្នឹង ខឹងអន់ចិត្តនឹងប្រពន្ធដែលនោះ? ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

រូបភាពផ្សេងៗក្នុងយប់កើតហេតុ