៦ខែឆ្នាំនេះ កម្ពុជាជួយសង្គ្រោះមនុស្សចេញពីអំពើជួញដូរ និងអាជីវកម្មផ្លូវភេទ ២៦៣នាក់ ខណៈកុមារអាយុក្រោម១៥ឆ្នាំ មាន៧០នាក់

  • អង្គារ ២៣ កក្តដា, ២០១៩ ១៥:១៩

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានបង្ហាញឲ្យឃើញថា នៅឆមាសទី១ ឆ្នាំ២០១៩នេះ សមត្ថកិច្ចបានជួយសង្គ្រោះជនរងគ្រោះ ចេញពីអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ចំនួន២៦៣នាក់ ដែលកើន១៥៧នាក់ ស្មើនឹង១៤៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

របាយការណ៍នេះ ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំក្រុមការងារអន្ដរក្រសួង ស្ថាប័នចំនួន៦ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ ស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆមាសទី១ ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង។

របាយការណ៍បានបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះទាំង២៦៣នាក់នោះ មានអាយុក្រោម១៥ឆ្នាំ ៧០នាក់ អាយុ១៥-១៧ឆ្នាំ ៣១នាក់ និងពី១៨ឆ្នាំឡើង១៦២នាក់ (ប្រគល់ឲ្យមន្ទីរសង្គមកិច្ច៧២នាក់ និងប្រគល់ទៅគ្រួសារ១៩១នាក់)។

របាយការណ៍ដដែលបានបន្ថែមទៀតថា ក្នុងចំណោមការបង្ក្រាបបានសរុបចំនួន៧៨ករណី ពីសំណាក់អគ្គស្នងការដ្ឋាននគរបាលជាតិ, កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត១៩ រយៈពេល១ឆមាសនេះ ត្រូវបានបែងចែកជាពីរប្រភេទ គឺអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

*ទី១៖ អំពើជួញដូរមនុស្ស៖ បង្ក្រាបបាន១២ករណី/១៨ករណី (ថយ៦ករណី ស្មើនឹង ៣៣%) ឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់/២៨នាក់ ថយ១២នាក់ ស្មើនឹង៤២.៨៥% (ស្រី០៨នាក់ ជនបរទេស ០១នាក់ សញ្ជាតិអាមេរិក)។ សង្គ្រោះជនរងគ្រោះចំនួន ១០៧នាក់/៣២នាក់ កើន៧៥នាក់ ស្មើនឹង ២៣៤.៣៧%) ក្នុងនោះមាន អាយុក្រោម១៥ឆ្នាំ ១៩នាក់ អាយុពី១៥-១៧ឆ្នាំ ២០នាក់ និងពី១៨ឆ្នាំឡើង៦៨នាក់ (ប្រគល់ឲ្យមន្ទីរសង្គម កិច្ច១៤នាក់ និងឲ្យគ្រួសារ៩៣នាក់)។

*ទី២៖ អំពើធ្វើអាជីវកម្មផ្លូវភេទ៖ បង្ក្រាបបាន៦៦ករណី៤៤ករណី កើន២២ករណី ស្មើនឹង៥០% ឃាត់ខ្លួនជនសង្ស័យ ចំនួន៨១នាក់/៥៧នាក់ កើន២៤នាក់ ស្មើនឹង៤២.១០% (ស្រី១៤នាក់ អនីតិជន០៩នាក់ ជនបរទេស១៣នាក់ សញ្ជាតិចិន១២នាក់ និងអាមេរិកម្នាក់)។ សង្គ្រោះជនរងគ្រោះ ចំនួន១៥៦នាក់/៧៤នាក់ កើន៨២នាក់ ស្មើនឹង១១០.៨១% ក្នុងនោះមាន អាយុក្រោម១៥ឆ្នាំ ៥១នាក់ អាយុ១៥-១៧ឆ្នាំ ១១នាក់ អាយុពី១៨ឆ្នាំឡើង ៩៤នាក់ (ប្រគល់ឲ្យមន្ទីរសង្គមកិច្ច ៥៨នាក់ និងប្រគល់ទៅគ្រួសារ៩៨នាក់)៕