ជំងឺប៉េស្តជ្រូកអាហ្រិ្វក (ASF) ឆ្លងមកមនុស្សយើងទេ? Dj Nana អាចស្រាយចម្ងល់នេះបាន! (មានវីដេអូ)

  • ពុធ ២៤ កក្តដា, ២០១៩ ០៩:១៨

ភ្នំពេញ៖ អាហារ គឺជាកត្តាសំខាន់សម្រាប់ការរស់នៅ ការបរិភោគអាហារដែលល្អ នឹងនាំឲ្យគុណភាពជីវិតលោកអ្នកកាន់តែប្រសើរឡើង។ សាច់ជ្រូក ជាប្រភេទសាច់ដែលប្រជាជនកម្ពុជាពេញនិយមក្នុងការចម្អិនទទួលទាន ការជ្រើសរើសទិញសាច់ជ្រូកដែលល្អយកមកធ្វើអាហារ គួរតែជាសាច់ដែលមកពីកសិដ្ឋានចិញ្ចឹមជ្រួកដែលមានមាត្រដ្ឋានការចិញ្ចឹមត្រឹមត្រូវ។ បច្ចុប្បន្ននេះមានព័ត៌មានដែលទាក់ទងជាមួយនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិក ឬត្រូវបានហៅថា ASF បានរាតត្បាតនៅក្នុងប្រទេសចិន វៀតណាម ដែលធ្វើឲ្យអ្នកចិញ្ចឹមជ្រូករងផលប៉ះពាល់យ៉ាងខ្លាំង។

សត្វជ្រូកដែលគេចិញ្ចឹម

តើអ្នកប្រើប្រាស់ទាំងអស់គួរយល់ដឹងពីជំងឺប៉េស្តជ្រូកអាហ្រិ្វកតាមរយៈអ្វី?

តាមរយៈការយល់ដឹងពីរោគសញ្ញា និងអការៈជម្ងឺនេះ អ្នកក៏ក្លាយជាផ្នែកមួយក្នុងការចូលរួមការពារមិនឲ្យរីករាលដាល និងបង្កឲ្យមានការខូចខាត។

ASF ជាជម្ងឺដែលកើតពីវីរុសនៅក្នុងរាង្គកាយជ្រូក ដោយមានដើមកំណើតនៅទ្វីបអាហ្វ្រិក រួចរាតត្បាតទៅអឺរ៉ុប ឆ្នាំមុននេះរាតត្បាតចូលប្រទេសចិន ហើយឆ្នាំនេះមកដល់ប្រទេសវៀតណាមហើយ។ ជម្ងឺនេះធ្វើឲ្យជ្រូកងាប់ភ្លាមៗ ទើបយើងរាប់ជាជម្ងឺដែលបង្កឲ្យមានការខាតបង់យ៉ាងខ្លាំងក្លាដល់អ្នកចិញ្ចឹមជ្រូក។

វីរុសមានភាពធន់៖ អាចរស់នៅក្នុងបរិស្ថានបានយូរ និងឆ្លងទៅជ្រូកយ៉ាងឆាប់រហ័ស តាមរយៈពីសម្លៀកបំពាក់ យានយន្ត ឬក្នុងអាហារដែលមានវីរុសនេះ ទោះបីជាបានចម្អិនរួចក៏ដោយ ប៉ុន្តែវីរុសនៅតែអាចរស់នៅបាន។ 

វិធីធ្វើការរបស់អ្នកចិញ្ចឹមជ្រូក៖ ដោយសារតែជំងឺនេះមិនមានវ៉ាក់សាំងបង្ការ ឬថ្នាំព្យាបាលទេ ដូច្នេះវិធីសាស្ត្រក្នុងការការពារជំងឺត្រូវតែប្រើប្រព័ន្ធជីវៈសុវត្ថិភាព ឬ Biosecurity ដែលជាប្រព័ន្ធគ្រប់គ្រងកសិដ្ឋាន ដោយត្រូវត្រួតពិនិត្យ ទាំងបុគ្គលិក យានយន្ត និងវត្ថុទាំងអស់ ត្រូវលាងសម្អាត និងឆ្លងកាត់ការសម្លាប់មេរោគគ្រប់ពេលមុនចូលកសិដ្ឋាន។

ខណៈពេលនេះប្រទេសកម្ពុជាយើង មានការភ្ញាក់ផ្អើលទៅនឹងជម្ងឺប៉េស្តជ្រូកខ្លាំងណាស់ គ្រប់ស្ថាប័ន ទាំងរដ្ឋ ទាំងឯកជន និង សមាគមន៍អ្នកចិញ្ចឹម បានរួមដៃគ្នាក្នុងការជួយការការពារជម្ងឺនេះយ៉ាងពេញទំហឹង ដោយមានការរៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់អ្នកចិញ្ចឹមជ្រូកនៅទូទាំងប្រទេស ដោយអញ្ជើញអ្នកឯកទេសដែលមានជំនាញច្បាស់លាស់ក្នុងការធ្វើបទបង្ហាញ និងផ្តល់ចំណេះដឹង ព្រមទាំងមានការតាមដានស្ថានភាពយ៉ាងខ្ជាប់ខ្ជួន។

សត្វជ្រូកដែលគេចិញ្ចឹម
សត្វជ្រូកដែលគេចិញ្ចឹម
សត្វជ្រូកដែលគេចិញ្ចឹម

Dj Nana ចង់ពន្យល់អ្នកបន្ថែមទៀតតាមរយៈវីដេអូខាងក្រោម៖

បើសិនអ្នកបរិភោគអាហារ ដែលមានមេរោគនេះចូលទៅ តើអ្នកនឹងមានផលប៉ះពាល់ដែរ ឬទេ?

ជម្ងឺនេះមិនឆ្លងមកមនុស្សទេ! សូមកុំមានការភ័យខ្លាចចំពោះជម្ងឺនេះ ព្រោះវីរុសនេះឆ្លងចំពោះតែជ្រូកប៉ុណ្ណោះ ដែលមិនបង្កផលប៉ះពាល់ ឬ ចម្លងដល់មនុស្សនោះទេ។ អ្នកនៅតែអាចទទួលទានសាច់ជ្រូកបានតាមធម្មតា ដោយគ្រាន់តែយកមកចម្អិនឲ្យឆ្អិនត្រឹមត្រូវ។ សម្រាប់វិធីសាស្រ្តនៃការជ្រើសរើសទិញសាច់ជ្រូក គួរតែទិញពីកន្លែងដែលមានអនាម័យ និងទុកចិត្តបាន។

តើអ្នកធ្លាប់បានឃើញរូបភាព ឬឃ្លីបវីដេអូដែលបានចែកចាយតាមបណ្តាញសង្គមខ្លះៗមកទេ?

ការពិតនោះជំងឺដែលបណ្តាលមកពីការញ៉ាំអាហារដែលគ្មានអនាម័យ ជារឿយៗតែងតែឆ្លងមេរោគផ្សេងៗ ជាពិសេសមេរោគបាក់តេរី ដែលមានជាប់នៅពេលផលិត ឬពេលរក្សាទុកមិនបានត្រឹមត្រូវ ធ្វើអោយអាហារឆាប់ខូច និងការចម្អិនដែលមិនត្រឹមត្រូវតាមលក្ខណៈអនាម័យ រួមទាំងការចម្អិនមិនឆ្អិនល្អ។

ក្នុងនាមជាអ្នកបរិភោគ អ្នកអ្នករួមចំណែកជួយឲ្យស្ថានភាពនេះប្រសើរឡើងវិញបានយ៉ាងដូចម្តេចខ្លះ?

ជម្ងឺនេះមិនបានចម្លងដល់មនុស្ស ហើយអ្នកនៅតែអាចបរិភោគសាច់ជ្រូកបានដោយមិនព្រួយបារម្ភឡើយ ប៉ុន្តែដើម្បីកាត់បន្ថយហានិភ័យនៃការរីករាលដាលជម្ងឺនេះ អ្នកគួរតែបញ្ឈប់ការនាំចូល ឬទទួលទានអាហារដែលមិនស្គាល់ប្រភពច្បាស់លាស់ ឬមកពីក្រុមប្រទេសដែលមានហានិភ័យ ហើយលើសពីនេះទៀតអ្នកគួរតែទុកដាក់កាកសំណល់អាហារឱ្យបានត្រឹមត្រូវ។ អ្វីដែលសំខាន់មួយទៀតនោះគឺ កុំចែកចាយនូវព័ត៌មានមិនពិត ព្រោះបុគ្គលមួយចំនួន បានចែកចាយព័ត៌មានមិនពិតតាមរយៈបណ្តាញសង្គមដែលយករូបភាពសត្វជ្រូកឈឺ ឬងាប់យកមកកាត់ត ក្នុងគោលបំណងដើម្បីឲ្យមានការយល់ច្រឡំ រហូតដល់មានការចែករំលែកតៗគ្នា។ 

សូមឲ្យបងប្អូនគិតឲ្យបានច្បាស់លាស់មុននឹងចែកចាយ សូមបងប្អូនមេត្តាតាមដានព័ត៌មានដែលប្រកាសចេញពីប្រភពច្បាស់លាស់ពីស្ថាប័នរដ្ឋ ឬក៏អង្គភាពដែលអាចទុកចិត្តបាន “សាច់ជ្រូក នៅតែមានសុវត្ថិភាព ក្នុងការទទួលទាន ដោយពុំចាំបាច់ព្រួយបារម្ភ”