តោះ!! ទៅស្គាល់កីឡាករ ១០ រូបដែល Real Madrid ទិញចូលថ្លៃបំផុតនៃប្រវត្តិសាស្ត្រក្លិប ភាគច្រើនស្មានលេខ ១ ខុស

  • អង្គារ ២៣ កក្តដា, ២០១៩ ១៦:១៧

អេស្ប៉ាញ៖ Real Madrid គឺជាក្លិបធំមួយនៅលើពិភពលោក និងជាម្ចាស់ជើងឯកពានរង្វាន់ UEFA Champions League ច្រើនជាងគេផងដែរ។ បងប្អូនច្បាស់ជាដឹងថា Real Madrid គឺជា ក្លិបមួយដែលចំណាយលុយច្រើនក្នុងការ ទិញកីឡាករល្អៗចូល។ ថ្ងៃនេះ ខ្មែរឡូត សូមណែនាំ ប្រិយមិត្ត នូវកីឡាករថ្លៃបំផុតទាំង ១០ រូបដែល Real Madrid ធ្លាប់ចំណាយប្រាក់ក្នុងការទិញយកមកចូលរួម។

១. Gareth Bale

កីឡាករ Gareth Bale

ប្រិយមិត្តភាគច្រើនច្បាស់ជាស្គាល់ច្បាស់នូវ ខ្សែប្រយុទ្ធជម្រើសជាតិវេល Gareth Bale។ Bale ត្រូវបាន Real Madrid ទិញពី Spurs កាលពីរដូវកាល ២០១៣-២០១៤ ក្នុងតម្លៃខ្លួន ១០១លានអឺរ៉ូ ដែលតម្លៃខ្លួននេះបានធ្វើឲ្យ Bale កំពុងឈរលេខរៀងទី១ ជាកីឡាករដែល Real Madrid ទិញចូលថ្លៃបំផុត។ យ៉ាងណាមិញ នៅក្នុងអំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅរដូវកាលនេះ ខ្សែប្រយុទ្ធជួរមុខ Gareth Bale មានភាគរយខ្ពស់ចាកចេញពី Real Madrid ក្រោយលោក Zidane បង្ហើបថាគេនឹងចាកចេញ។

២. Eden Hazard

កីឡាករ Eden Hazard

ការផ្ទេរ Hazard មកកាន់កីឡដ្ឋាន Santiago Bernabeu គឺជារឿងគួរឲ្យចាប់អារម្មណ៍មួយនារដូវកាលនេះ។ Real Madrid បានចំណាយប្រាក់ ១០០លានអឺរ៉ូ ក្នុងការទិញយកខ្សែប្រយុទ្ធជម្រើសជាតិប៊ែលហ្សិក Hazard ពីក្លិបតោខៀវ Chelsea។ Hazard គឺជាខ្សែប្រយុទ្ធមួយរូបដែលពោរពេញទៅដោយសមត្ថភាព និងទេពកោសល្យ មុននឹងមកកាន់ Real Madrid រូបគេទើបតែជួយ Chelsea ឈ្នះពានរង្វាន់ UEFA Europa League 2018-2019 ផងដែរ។ រង់ចាំមើលទាំងអស់គ្នាថា តើការលេងរបស់ Hazard នៅ Real Madrid សាកសមនឹងតម្លៃខ្លួនរបស់គេដែរឬទេ?

៣. Cristiano Ronaldo

កីឡាករ Cristiano Ronaldo

និយាយទៅដល់ឈ្មោះ Ronaldo មានប្រិយមិត្តភាគច្រើនណាស់ដែលស្គាល់ឈ្មោះមួយនេះ។ បច្ចុប្បន្ន Ronaldo កំពុងតែលេងឲ្យក្លិបសេះបង្កង់ Juventus ប៉ុន្តែកីឡាករលំដាប់កំពូលម្នាក់នេះ កំពុងតែឈរចំណាត់ថ្នាក់លេខ ៣ ជាកីឡាករដែល Real Madrid ទិញចូលថ្លៃបំផុត។ Real Madrid បានទិញ Ronaldo ពីបិសាចក្រហម Manchester United មកកាន់ទឹកដីអេស្ប៉ាញក្នុងតម្លៃខ្លួន ៩៤លានផោន កាលពីរដូវកាល ២០០៩-២០១០ ដែលតម្លៃខ្លួននេះ គឺជាតម្លៃខ្លួនថ្លៃបំផុតនៅលើលោកកាលពីពេលនោះ។ 

៤. Zinedine Zidane

លោក Zidane កាលនៅជាកីឡាករ

អ្នកចាត់ការទូទៅរបស់ Real Madrid បច្ចុប្បន្នលោក Zinedine Zidane ក៏ធ្លាប់ជាកីឡាកររបស់ក្លិបមួយនេះផងដែរ ដោយលោកត្រូវបាន Real Madrid ទិញយកពី Juventus ជាមួយតម្លៃខ្លួន ៧៧,៥លានផោន ក្នុងរដូវកាល ២០០១-២០០២។

៥. James Rodriguez

កីឡាករ James Rodriguez

James Rodriguez ត្រូវបាន Real Madrid នាំចូលអំឡុងក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Carlo Ancelotti កាលពីរដូវកាល ២០១៤-២០១៥ ជាមួយតម្លៃខ្លួន ៧៥លានអឺរ៉ូ ពីក្លិបបារាំង Monaco ក្រោយរូបគេបង្ហាញទម្រង់លេងបានយ៉ាងល្អជាមួយក្រុមជម្រើសជាតិកូឡាប៊ី នៅក្នុងព្រឹត្តិការណ៍ World Cup 2014។ ប៉ុន្តែអ្វីៗបានប្ដូរផ្លាស់ ក្រោមការដឹកនាំរបស់លោក Zidane កីឡាករមុខស្រស់ James មិនសូវមានឱកាសចូលលេងនោះទេ នឹងត្រូវដាក់ឲ្យក្លិប Bayern Munich ខ្ចីជើងពីររដូវកាលមកហើយ។ ខណៈដែលរដូវកាលថ្មីនេះ អនាគតរបស់ James កំពុងតែស្ថិតនៅក្នុងភាពស្រពិចស្រពិលជាមួយ Real Madrid។

៦. Kaka

កីឡាករ Kaka

ម្ចាស់ពានរង្វាន់ Ballon d’or ឆ្នាំ ២០០៧ កីឡាករ Kaka ត្រូវបាន AC Milan យល់ព្រមលក់ឲ្យ Real Madrid ក្នុងតម្លៃខ្លួន ៦៧លានអឺរ៉ូ កាលពីរដូវកាល ២០០៩-២០១០។ ខុសពីកាលនៅជាមួយ AC Milan ខ្សែបម្រើប្រយុទ្ធ ជម្រើសជាតិប្រេស៊ីល Kaka ហាក់មិនទទួលបានជោគជ័យនោះទេក្នុងការលេងនៅ Real Madrid។

៧. Luka Jovic

កីឡាករ Luka Jovic

ខ្សែប្រយុទ្ធកណ្ដាល Luka Jovic ត្រូវបាន Real Madrid ទិញពីក្របខណ្ឌ Bundesliga ក្លិប Eintracht Frankfurt កាលពីពេលថ្មីៗនេះ ពោលគឺនៅក្នុងទីផ្សារដោះដូរកីឡាករលើកនេះតែម្ដង។ សម្រាប់តម្លៃខ្លួនក្នុងការផ្លាស់មក លេងនៅទឹកដីអេស្ប៉ាញវិញគឺ ៦០លានអឺរ៉ូ ដែលបានធ្វើឲ្យរូបគេឈរជាកីឡាករទី ៧ ដែល Real Madrid ទិញចូលថ្លៃបំផុត។

៨. Luis Figo 

លោក Luis Figo កាលនៅជាកីឡាកររបស់ Real Madrid

ជារឿងដ៏ភ្ញាក់ផ្អើលមួយក្នុងរដូវកាល ២០០០-២០០១ ដែលអតីតវីរបុរសព័រទុយហ្គាល់ Luis Figo យល់ព្រមផ្ទេរពី Barcelona មកចូលរួមជាមួយ Real Madrid។ ចំពោះតម្លៃខ្លួនក្នុងផ្ទេរកាលពីពេលនោះវិញគឺ ៦០លានអឹរ៉ូ ដែលជាទំហំទឹកប្រាក់មួយដ៏ច្រើនកាលពីពេលនោះ។

៩. Eder Militao 

កីឡាករ Eder Militao

Militao គឺជាខ្សែការពារកណ្ដាលមួយរូបដែលបានបង្ហាញទម្រង់លេងបានយ៉ាងល្អនៅ Porto និងបានទាក់ចិត្តអ្នកចាត់ការទូទៅលោក Zidane នាំចូលរូបគេសម្រាប់ត្រៀមរដូវកាល ២០១៩-២០២០ ខាងមុខនេះ។ ចំពោះតម្លៃខ្លួនក្នុងផ្លាស់ពី Porto វិញគឺ ៥០លានអឺរ៉ូ។

១០. Ferland Mendy

កីឡាករ Ferland Mendy

កីឡាករជម្រើសជាតិបារាំង Mendy គឺជាតួអង្គសំខាន់នៅតំបន់ការពារខាងឆ្វេងរបស់ Lyon កាលពីរដូវកាលមុន។ ប៉ុន្តែអ្វីៗត្រូវបានប្ដូរផ្លាស់ គឺរូបគេនឹងមកបង្ហាញខ្លួននៅក្របខណ្ឌ La Liga ជាមួយក្លិបយក្ស Real Madrid សម្រាប់រដូវកាលក្រោយនេះ។ Mendy មានតម្លៃខ្លួន ៤៥លានអឺរ៉ូ ក្នុងការផ្លាស់មកលេងនៅក្លិបមានមូលដ្ឋាននៅទីក្រុង Madrid មួយនេះ៕