ជាស្វាមី និងប៉ាៗល្អ គួរតែធ្វើរឿងទាំងនេះ ពេលម៉ាក់ៗពពោះ និងសម្រាល!

ជា​ស្វាមី​ល្អ បងប្អូន​បុរស​ៗ​គួរតែ​មាន​ការ​ស្វែងយល់ និង​ដឹង​ពី​ចិត្ត​ភរិយា​អំឡុង​ពេល​ពពោះ និង​បន្ទាប់ពី​សម្រាល ព្រោះ​នេះ​ជា​រឿង​សំខាន់​បំផុត។ ដូចនេះ​យើង​ជា​ស្វាមី និង​ប៉ា​ល្អ​ម្នាក់​គួរ​ដឹង​រឿង ៦ យ៉ាង​ខាងក្រោម នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកគ្រូពេទ្យ មួន រ៉ានី បម្រើ​ការ​នៅ​មណ្ឌល​សុខភាព​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ​ខេត្ត​កំពង់ចាម​៖

១- អំឡុង​ពេល​ពពោះ

– កិច្ចការ​ផ្ទះ៖ ស្វាមី​ល្អ​ត្រូវ​ដឹង​ពី​ទុក្ខធុរៈ​ដ៏​លំបាក​នេះ​របស់​ប្រពន្ធ ព្រោះ​នាង​កំពុងតែ​ពពោះ ដូចនេះ​កិច្ចការ​លាង​ដុស​បន្ទប់​ទឹក ឬ​បោក​គក់​មិន​ល្អ​សម្រាប់​អ្នក​មាន​ពោះពុងឡើយ។ មួយ​វិញ​ទៀត ការ​ជួយ​សម្រួល​ការងារ​អស់​ទាំងនេះ ធ្វើឲ្យ​ប្រពន្ធ​មាន​អារម្មណ៍​ល្អ និង​មាន​ពេល​សម្រាក​បាន​គ្រប់គ្រាន់ ហើយ​ពេល​ម៉ាក់​ៗ​មាន​សុខភាព​ល្អ កូន​ក្នុង​ពោះ​ក៏​ល្អ​ដូចគ្នា។
– កុំ​ត្អូញ​ពី​ម្ហូប៖ មនុស្ស​ស្រី​ពពោះ​ខ្លះ ចាញ់​កូន​ធុំក្លិន​ផ្សែង ឬ​ក្លិន​ខ្ទឹម​មិន​បាន​ផង ដូចនេះ​ម្ហូប​ខ្លះ​ក៏​ធ្វើ​បាន ខ្លះ​ក៏​ធ្វើ​មិន​បាន។ ដូចនេះ​បើ​ប្រពន្ធ​ធ្វើ​ឲ្យ​ញ៉ាំ​ហើយ រសជាតិ​ឆ្ងាញ់​មិន​សូវ​ឆ្ងាញ់​កុំ​រអ៊ូរទាំ ព្រោះ​អាច​បំផ្លាញ​ទឹក​ចិត្ត​ភរិយា​បាន ហើយ​បើ​អាហារ​ខ្លះ​ដែល​ពិបាក​ចម្អិន គួរ​បបួល​ម៉ាក់​ៗ​ទៅ​ញ៉ាំ​ខាងក្រៅ​ទៅ។
– ដើរ​ផ្សារ៖ អំឡុង​ពេល​ពពោះ​ម៉ាក់​ៗ និង​កូន​ក្នុង​ផ្ទៃ​មាន​តម្រូវ​ការ​ច្រើន ដូចនេះ​កុំ​បណ្ដោយ​ឲ្យ​គាត់​ដើរ​ម្នាក់​ឯង។ ស្វាមី​ល្អ ត្រូវ​កំដរ​ម៉ាក់​ៗ​ដើរ​រក​ទិញ​សម្ភារៈ និង​កាន់​អីវ៉ាន់ជំនួស​ព្រោះ​មាន​របស់​ខ្លះ​ធ្ងន់ ដែល​កម្លាំង​ស្ត្រី​មិន​ដល់។

២- ក្រោយ​សម្រាល

– បោក​គក់៖ នេះ​ក៏​នៅតែ​ជា​រឿង​សំខាន់​ដែល​ប៉ាៗ​ល្អ គួរ​ធ្វើ​ជំនួស​ម៉ាក់​ៗ ដោយសារ​តែ​ស្ត្រី​ជាប់​រវល់​មើល​ថែ និង​បំបៅ​កូន។ ម្យ៉ាង​ការងារ​ធ្ងន់​បែប​នេះ មិន​សម​នឹង​អ្នក​ទើប​សម្រាល​កូន​ឡើយ។
– ជួយ​មើល​កូន៖ ម៉ាក់​ៗ​បន្ទាប់ពី​សម្រាល​កូន​ អត់​ងងុយ​ច្រើន​មើល​ថែ​កូន​ទាំង​យប់​ថ្ងៃ ហើយ​បើ​កូន​បៅ​ទឹកដោះគោ​ទៀត​រឹតតែ​មាន​ពេល​គេង​តិច។
– ធ្វើ​ម្ហូប៖ ប្រសិនបើ​អ្នក​មិន​នៅ​តែ​ពីរ​នាក់​ប្ដី​ប្រពន្ធ គួរតែ​ដឹង​ពី​សុខទុក្ខ​នេះ ព្រោះ​ការ​ធ្វើ​ម្ហូប​ត្រូវ​ចំណាយ​ពេល​ច្រើន។ តែ​បើ​ប៉ា​ៗ​មិន​ចេះ អាច​រៀប​បន្លែបន្លុក​ឲ្យ​រួច​រាល់ ដើម្បី​ឲ្យ​ម៉ាក់​ៗ​មក​ឆ្លៀត​ដក​ឃ្លា​មក​ចម្អិន​មួយ​ភ្លែត។
– លាង​ដុស​សម្ភារៈ​ផ្សេងៗ៖ ប្រសិនបើ​កូន​បៅ​ទឹកដោះ​គោ ត្រូវ​ជួយ​លាង​ដប និង​ស្រុះ​ទឹក​ក្ដៅ​ឲ្យ​បាន​ត្រឹមត្រូវ មិន​តែ​ប៉ុណ្ណោះ​ចាន​ឆ្នាំង កែវ រៀបចំ​ផ្ទះ​សម្បែង ក៏​គួរតែ​ជួយ​ទុក​ដាក់​ជំនួស​ប្រពន្ធ​ដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet