ផ្លូវការ! PSG យកបានយុវជនជម្រើសជាតិហូឡង់ ពេញដោយសមត្ថភាពពី Barcelona

  • ពុធ ២៤ កក្តដា, ២០១៩ ០៨:៤០

បារាំង៖ ក្លិបបាល់ទាត់អ្នកមាននៅបារាំង Paris Saint-Germain បានប្រកាសជាផ្លូវការក្នុងការនាំចូលយុវជន ដែលពោរពេញទៅដោយទេពកោសល្យ និងសមត្ថភាពគឺខ្សែបម្រើវ័យ ១៦ឆ្នាំ Xavi Simons ជាមួយនឹងកិច្ចសន្យារយៈពេល ៣ឆ្នាំ ក្រោយពីជម្រើសជាតិយុវជនហូឡង់រូបនេះចាកចេញពី Barcelona។

គណនី Twitter ក្លិប PSG បង្ហោះកាមកដល់របស់ Xavi Simons

Xavi Simons បានចូលរួមជាមួយក្រុមថ្នាលយុវជនរបស់ Barcelona អស់រយៈពេល ៩ឆ្នាំហើយ និងត្រូវបានក្លាយជាកីឡាករដ៏លេចធ្លោម្នាក់ក្នុងក្រុមយុវជនរបស់ក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់ ថែមទៀតផង។ យ៉ាងណាមិញ Simons មិនបានសម្រេចនៅរួមរស់បន្តជាមួយជើងឯក La Liga និងបានពនេចរមកកាន់ទឹកដីបារាំងជាមួយ PSG ក្នុងកិច្ចសន្យាដែលមានសុពលភាពដល់ឆ្នាំ ២០២២។

កីឡាករ Xavi Simons កាលលេងឲ្យយុវជន Barcelona
កីឡាករ Xavi Simons ទៅចូលរួមជាមួយ PSG

ការបង្ហោះមួយនៅលើបណ្ដាញសង្គម Simons បានរៀបរាប់ថា “បើទោះបីជាខ្ញុំមានអាយុ ១៦ឆ្នាំ ពិតមែន ប៉ុន្តែខ្ញុំមានអារម្មណ៍ស្រឡាញ់់ និងពេញចិត្តអ្នកគាំទ្ររបស់ Barca យ៉ាងខ្លាំង ដែលចង់ឲ្យខ្ញុំអភិវឌ្ឍខ្លួន និងត្រឡប់មកបង្ហាញសមត្ថភាពនៅ Camp Nou នាថ្ងៃណាមួយ។”

“ដូចដែលខ្ញុំបានចាប់ផ្ដើម ជាមួយដំណើរផ្សងព្រេងថ្មី ដែលបានបានចាកចេញពី Barcelona ក្ដី ប៉ុន្តែ ក្លិប និងអ្នកគាំទ្រនឹងស្ថិតនៅក្នុងបេះដូងខ្ញុំជានិច្ច។” Xavi Simons បន្ត។ 

កីឡាករ Xavi Simons
កីឡាករ Xavi Simons
កីឡាករ Xavi Simons

សូមបញ្ជាក់ផងដែរថា ក្រៅពី Xavi Simons ក្លិប PSG ក៏បានប្រកាសនូវសមាសភាពកីឡាករថ្មី ២រូបផ្សេងទៀតដែលរួមមាន ខ្សែបម្រើវ័យ ១៧ឆ្នាំ Hussayan Touati មកពី Lyon និងអ្នកចាំទីវ័យ ១៦ឆ្នាំ Denis Franchi មកពីក្លិបអ៊ីតាលី Falchi៕