ច្រើន​លើក​បាន​សម្រេច តែ​១​លើក​ចុង​ក្រោយ​ បែរជា​ទឹកភ្នែក​ជូន​ក្បាលជង្គង់​ហើយ

  • ពុធ ២៤ កក្តដា, ២០១៩ ០៩:៤៧

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា យានដ្ឋាន​ជួសជុល​រថយន្ត​មួយ​កន្លែង​ត្រូវ​បាន​ក្រុម​ចោរ​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​ដោះ​យក​គ្រឿង​រថយន្ត​ជា​បន្តបន្ទាប់​ជា​ច្រើន​លើក​ដែល​រថយន្ត​ទាំងនោះ គឺជា​របស់​អតិថិជន​យក​ទៅ​ទុក​ឲ្យ​ជួសជុល ។ បន្ទាប់​ពី​មាន​ចោរ​ចូល​ដោះ​គ្រឿង​ជា​ញឹកញាប់​បែប​នេះ​ហើយ មិន​ដែល​ចាប់​បាន​ម្ដងណា​សោះ​នោះ​ទើប​ម្ចាស់​យានដ្ឋាន​ដាក់​កម្លាំង​បង្កប់​ចាំ​ឃ្លាំមើល ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្រោយមក​ស្រាប់តែ​ឃើញ​ជនសង្ស័យ​៤​នាក់ ជិះ​ម៉ូតូ​ទៅ​ឈប់​ជិត​នោះ​រួច​បាន​ផ្លោះ​របង​ចូល​ទៅ​ក្នុង​យានដ្ឋាន​លួច​ដោះ​យក​គ្រឿង​រថយន្ត​ទើប​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​ចាប់ខ្លួន​បាន​ម្នាក់ ចំណែក​៣​នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកក្កដា​នេះ នៅ​យានដ្ឋាន​ជួសជុល​រថយន្ត​មួយ​កន្លែង មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ភ្លើង​ឆេះ​រទេះ​លិច សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ម្នាក់​នោះ​ឈ្មោះ ស្នា វណ្ណៈ អាយុ​២៩​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ទួល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល ។ ចំណែក​បក្សពួក​៣​នាក់​ទៀត​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ហើយ​នៅ​ក្នុង​ខណៈនោះ​នគរបាល​ដកហូត​បាន​គ្រឿង​រថយន្ត ដែល​ជនសង្ស័យ​ដោះ​រួច​មួយ​ចំនួន និង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​សេ​១២៥ សេរី​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BA-0792 ជា​មធ្យោបាយ​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​ដើរ​លួច ។

នគរ​បាន​បាន​និយាយ​ថា គ្រឿង​ដែល​ក្រុម​ជនសង្ស័យ​លួច​ដោះ​យក​នោះ គឺ​មាន​ដូច​ជា​ហ្វ្រាំង ប្រអប់​ហ្វ្រាំង កាឡេ និង​មួយ​ចំនួន​ទៀត​ដែល​មានការ​ងាយស្រួល​ដោះ​យក ហើយ​ជា​ប្រភេទ​រថយន្ត​ដឹក​កុងតឺន័រ និង​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ​ជាដើម ។ ដែល​រថយន្ត​ទាំងនោះ​ត្រូវ​បាន​ម្ចាស់​យក​ទៅ​ធ្វើការ​ជួសជុល​នៅ​ក្នុង​យានដ្ឋាន លុះ​ពេល​លួច​បាន​របស់​ណា​ដែល​លក់​ទៅ​ឲ្យ​អ្នកទិញ​គ្រឿងបន្លាស់​រថយន្ត គឺ​លក់ ហើយ​របស់​ណា​ដែល​ត្រូវ​លក់​អេ​ត​ចាយ គឺ​លក់ ជនសង្ស័យ​ហើយ​ពេល​មានការ​បាត់បង់​ម្ដង​ៗ ម្ចាស់​យានដ្ឋាន​តែងតែបាន​ចេញ​សំណង​ទៅ​ឲ្យ​អតិថិជន​របស់​ខ្លួន​ជា​បន្តបន្ទាប់ ។ ម្យ៉ាងទៀត​ការ​លួច​ដោះ​នោះ គឺ​នៅ​រៀង​រាល់ពេល​ដែល​ម្ចាស់​យានដ្ឋាន​មិន​នៅ​ជាប់រវល់​មានការ​ចេញ​ទៅ​ក្រៅ ហើយ​បិទទ្វារ​ចោល​គ្មាន​អ្នក​នៅ​មើល ។

ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​មានការ​បាត់បង់​ជា​ញឹកញាប់​បែប​នេះ​ទើប​ម្ចាស់​យានដ្ឋាន​ដាក់​អ្នក​ចាំ​ឃ្លាំមើល​ពេល​ដែល​គាត់​មិន​នៅ ដោយឡែក​នៅ​ថ្ងៃ​កើតហេតុ​គាត់​មាន​រវល់​ចេញ​ទៅ​ក្រៅ​ដូច​រាល់ដង និង​បាន​បិទទ្វារ​យានដ្ឋាន​ចោល​ទៀត ។ ខណៈនោះ​ក្រុម​ជនសង្ស័យ​បាន​នាំ​គ្នា​ផ្លោះ​របង​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​ដោះ​យក​គ្រឿង​រថយន្ត​ដូច​ពេល​មុន​ទៀត ហើយ​ត្រូវ​បាន​អ្នក​ឃ្លាំ​មើលឃើញ​ក៏​រាយការណ៍​ជូន​នគរបាល​ចុះ​ទៅ​ចាប់ខ្លួន​បាន​ម្នាក់ ហើយ​គួរ​ឲ្យ​សោកស្ដាយ​បក្សពួក​៣​នាក់​ទៀត​រត់គេច​ខ្លួន​រួច ។ បន្ទាប់​មក​នគរបាល​បាន​នាំ​ជន​នោះ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទាំង​វត្ថុ​តាង​ផង​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕