កម្លាំងអាវុធហត្ថខេត្តសៀមរាប ចាប់បញ្ជូនជនសង្ស័យ ១៣នាក់ និងគ្រឿងញៀន១គីឡូក្រាម ទៅតុលាការ ចាត់ការតាមច្បាប់

  • ពុធ ២៤ កក្តដា, ២០១៩ ១០:៤៨

(សៀមរាប)៖ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកសូទ្រនិគម ដឹកនាំដោយលោកវរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការងកងរាជអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំ នៅលើទឹកដីស្រុកសូទ្រនិគម ដោយឃាត់ខ្លួនបានជនសង្ស័យ ១៣នាក់ និងវត្ថុតាងសារធាតុញៀន ១គីឡូក្រាម រួចបញ្ជូនមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីសួរនាំ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ចាត់ការតាមច្បាប់។

ប្រតិបត្តិការចុះបង្ក្រាបក្រុមជួញដូរគ្រឿងញៀនដ៏ធំនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួល ដោយលោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានធ្វើការចុះបង្ក្រាបបាននៅយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្នុងភូមិសាស្ត្រ ភូមិតាញ៉ែក ឃុំតាញ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

លោកវរសេនីយ៍ទោ ធាវ ច័ន្ទដារ៉ា ប្រធានការិយាល័យប្រឆាំងគ្រឿញៀន នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានឱ្យដឹងថា ជនសង្ស័យទាំង ១៣នាក់នោះមាន ទី១៖ ឈ្មោះ ប៉ែន ធា ភេទប្រុស អាយុ ៣៤ឆ្នាំ ចាប់យកបានវត្ថុតាងថ្នាំញៀនម៉ាទឹកកក ចំនួន ១៣៥.២០០ក្រាម ជញ្ជីងថ្លឹងគ្រឿងញៀន១ និងដាវសាម៉ូរ៉ៃ ចំនួន២ដើម។ ក្រោយមកកម្លាំងសមត្ថកិច្ចបានបន្តទៅឃាត់ខ្លួនមេក្លោងលក់ថ្នាំញៀនជាអ្នកទិញថ្នាំញៀនពីឈ្មោះ ប៉ែន ធា ផ្សេងទៀត។ ទី២៖ ឈ្មោះ ជា តក់ ភេទប្រុស អាយុ១៩ឆ្នាំ ទី៣៖ ឈ្មោះ ភួយ ហៀន ភេទប្រុស អាយុ២៣ឆ្នាំ ទី៤៖ ឈ្មោះ យ៉ាត ជី ភេទប្រុស អាយុ២៣ឆ្នាំ ទី៥៖ ឈ្មោះ ហាស់ ណេត ភេទប្រុស អាយុ៣៧ឆ្នាំ ទី៦៖ ឈ្មោះ ដូ រិ ភេទប្រុស អាយុ២៤ឆ្នាំ ទី៧៖ ឈ្មោះ អាន ឡុង ភេទប្រុស អាយុ២៦ឆ្នាំ ទី៨៖ ឈ្មោះ ទួត ចៃ ភេទប្រុស អាយុ៣៤ឆ្នាំ ទី៩៖ ឈ្មោះ វ៉ៃ ស៊ីន ភេទប្រុស អាយុ២៧ឆ្នាំ ទី១០៖ ឈ្មោះ ថង វណ្ណី ភេទប្រុស អាយុ២៧ឆ្នាំ ទី១១៖ ឈ្មោះ ចុង រ័ត្ន ភេទប្រុស អាយុ៣៥ឆ្នាំ ទី១២៖ ឈ្មោះ ឆោម សាវាយ ភេទប្រុសអាយុ២៨ឆ្នាំ។

បន្ទាប់ពីសមត្ថកិច្ចបានធ្វើការសួរនាំរួចមក ក៏បាននាំយកមេក្លោងលក់ថ្នាំញៀន ឈ្មោះ ប៉ែន ធា ឱ្យសហការដើម្បីទៅបង្ក្រាបបក្សពួក មេក្លោងម្នាក់ទៀត គឺ ទី១៣៖ ឈ្មោះ ឡេះ សាលី ភេទប្រុស អាយុ៣៥ឆ្នាំ ស្ថិតនៅភូមិ២ សង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញ ចាប់យកបានថ្នាំញៀនម៉ាទឹកក ចំនួន៣០០ក្រាមថែមទៀត និងទូរស័ព្ទដៃចំនួន ២គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យ ទាំង១៣នាក់ និងវត្ថុតាងគ្រឿងញៀនជាង ១គីឡូក្រាម និងដាវសាម៉ូរ៉ៃ ព្រមទាំងទូរស័ព្ទដៃ និងឧបករណ៍សម្រាប់ជក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត បញ្ជូនមកកាន់តុលាការខេត្តនៅរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕