អាណិត​ស្ទើរ​ខ្លោចចិត្ត​ខំប្រឹង​ទាំង​ញើស​ទាំង​ឈាម​តែ​បែរជា​ជួប​រឿង​បែប​នេះ

  • ពុធ ២៤ កក្តដា, ២០១៩ ១៣:១៨

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​អ្នកលក់​ផ្លែ​ឈើ​ម្នាក់ ខណៈ​ជិះ​ម៉ូតូ​ទៅ​ទិញ​ផ្លែ​ឈើ​នៅ​ផ្សារ​នាគ​មាស ដើម្បី​យក​ទៅ​លក់​បន្ត ក៏​ត្រូវ​បាន​ជនសង្ស័យ​២​នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប ស្ពាយ​ដែល​មាន​លុយ​ជាង​១​ពាន់​ដុល្លារ​យក​ទៅ​បាត់ បង្ក​ឲ្យ​មានការ​ផ្អើល​ឆោឡោ​នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ ទុល​មុខ​នឹង​ស្ថានីយប្រេងឥន្ធនៈ PTT ផ្លូវ​២១៧ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ។

ស្ត្រី​ជា​ជន​រង​គ្រោះ​មានឈ្មោះ គៀន សុ​ភី អាយុ​៤១​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ត្រពាំង​សិលា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោ​ធ៍​សែន​ជ័យ។ សម្ភារ​ក្នុង​កាបូប​ដែល​ជនសង្ស័យ​ឆក់​យក​ទៅ​បាត់​មាន​លុយ​ជាង​១​ពាន់​ដុល្លារ ទូរ​សព្ទ័​ដៃ​ម៉ាក OPPO មួយ​គ្រឿង អត្តសញ្ញាណ​វ​បណ្ណ​១​សន្លឹក និង​កាត់​គ្រី​ម៉ូតូ​១​សន្លឹក។

តាម​សម្តី​ស្ត្រី​រង​គ្រោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​បាន​ជិះ​ម៉ូតូ​សណ្តោងរ៉ឺ​ម៉ក​ដឹក​ផ្លែ​ឈើ​ចេញពីផ្ទះ​គោលបំណង​ទៅ​ផ្សារ​នាគ​មាស ដើម្បី​ទិញ​ផ្លែ​ឈើ​យក​ទៅ​លក់​បន្ត លុះ​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​មាន​បុរស​ជា​ជនសង្ស័យ​ចំនួន​២​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ា​កមក​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​ជាប់​នៅ​ចង្កេះ របស់​គាត់​យក​ទៅ​បាត់។

ភ្លាម​ៗ​នោះ​ដែរ​រូប​គាត់​ជា​ជន​រង​គ្រោះ​បាន​ស្រែ​កថា​ចោរ​ៗ និង​ជិះ​ម៉ូតូ​ដេញ​តាមតែ​មិន​ទាន់​នោះ​ទេ ។ ក្រោយ​ពេល​កើតហេតុ​រូប​គាត់​បាន​សួរនាំ​បងប្អូន​ប្រជាពលរដ្ឋ​អោយ​ជួន​រូប​គាត់​ទៅ​ដាក់​ពាក់​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​ទី​២​តែ​ប៉ុណ្ណោះ។

ស្ត្រី​ជា​ម្ចាស់​កាបូប​មានការ សោកស្តាយ​ជា​ពន់ពេក ព្រោះ​លុយ​នៅ​ក្នុង​កាបូប​នេះ​ជាដើម​ទុន​រកស៊ី​របស់​គាត់​ទាំងអស់ ម្យ៉ាងទៀត​លុយ​មួយ​ចំនួន​ទុក​សម្រាប់​បង់​ធនាគារ​ដែល​គាត់​ជំពាក់​គេ​មិន​ទាន់​បាន​បង់​ផង ត្រូវ​ចោរឆក់​យក​ទៅ​បាត់៕