ភ័យប្រហោងពោះ! បុរសម្នាក់បាក់ឆ្អឹងខ្នង បន្ទាប់ពីដាច់ខ្សែការពារធ្លាក់ចុះពីលើអាកាសកម្ពស់ ១០០ម៉ែត្រ (មានវីដេអូ)

ប៉ូឡូញ៖ បុរសវ័យ ៣៩ឆ្នាំម្នាក់ បានធ្លាក់ចុះពីលើអាកាសកម្ពស់ ១០០ម៉ែត្រ នៅពេលលេងល្បែងលោតទម្លាក់ខ្លួនចុះមកក្រោម នៅឧទ្យានជាតិ Gdynia ក្នុងប្រទេសប៉ូឡូញ។

យោងតាមវីដេអូ បុរសរងគ្រោះត្រូវបានស្ទួចឡើងទៅលើដោយឧបករណ៍កម្សាន្ត បន្ទាប់មកក៏បានលោតទម្លាក់ខ្លួនចុះមកក្រោមដោយមានខ្សែការពារ។ ប៉ុន្ដែភ្លាមៗនោះ ខ្សែការពារដែលនៅជាប់ជើងរបស់គាត់ត្រូវបានដាច់ បណ្ដាលឲ្យគាត់ធ្លាក់ចុះមកក្រោមយ៉ាងពេញទំហឹង។ សំណាងល្អមានពោងខ្យល់នៅទ្រពីក្រោម ទើបមិនបណ្ដាលឲ្យប៉ះពាល់ដល់ជីវិត។

ទិដ្ឋភាពនៅពេលលោតទម្លាក់ខ្លួន

ប្រភពបានឲ្យដឹងថា បន្ទាប់ពីធ្លាក់ចុះមកក្រោម បុរសរងគ្រោះមានការឈឺចាប់យ៉ាងខ្លាំងត្រង់ផ្នែកឆ្អឹងខ្នងរបស់គាត់។ បុរសរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ បន្ទាប់ពីពិនិត្យរួចទើបបានដឹងថា គាត់រងរបួសបាក់ឆ្អឹងខ្នង។

ទិដ្ឋភាពពេលដាច់ខ្សែការពារ

ក្រុមការងារខាងល្បែងលោតទម្លាក់ខ្លួន Bungeeclub បាននិយាយថា «ល្បែងកម្សាន្តនេះដំណើរការបាន១៩ឆ្នាំមកហើយ មិនធ្លាប់មានហេតុការណ៍បែបនេះទេ។ ពួកយើងតែងតែត្រៀមពោងខ្យល់នៅទ្រពីក្រោមជានិច្ច។ ខាងខ្ញុំនឹងដោះស្រាយជាមួយប៉ូលិសអំពីហេតុការណ៍ដែលបានកើតឡើងនេះ»៕

សូមទស្សនាវីដេអូខាងក្រោម៖