សមត្ថកិច្ច និងសន្តិសុខរោងចក្រ ហុងវ៉ា ឃាត់ខ្លួនស្ត្រីម្នាក់ ជំនាញបុកហោប៉ៅយកលុយ នៅខណ្ឌដង្កោ

  • ពុធ ២៤ កក្តដា, ២០១៩ ១៥:១២

(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ១ បានសហការជាមួយកម្លាំងសន្តិសុខរោងចក្រកាត់ដេរ ហុងវ៉ា ដោយឃាត់ខ្លួនស្រ្តីម្នាក់ ដែលជាមុខសញ្ញាជំនាញខាងបុកលូកហៅប៉ៅ និងកាបូបយកលុយនៅតាមទីប្រជុំជន និងផ្សារនានា នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។

ការឃាត់ខ្លួនស្ត្រីខាងនេះ បានធ្វើឡើងនៅវេលាម៉ោង១១៖៤០នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ នៅមុខរោងចក្រកាត់ដេរហុងវ៉ា ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ខណៈកំពុងធ្វើជាដើរបុកស្រ្តីកម្មការិនី ផ្នែកអនាម័យរោងចក្រម្នាក់ រួចបន្លំលូកកាបូបយកកាតការងារ ដែលគាត់ទុកលុយក្នុងនោះ ប៉ុន្តែបានសម្រេច ហើយគេចខ្លួនមិនរួច ដោយត្រូវបានស្ត្រីរងគ្រោះឃើញទាន់ស្រែកឆោរឡោ។

ស្ត្រីសង្ស័យមានឈ្មោះ ទូច ស្រីអូន អាយុ៣៣ឆ្នាំ មានទីលំនៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ស្នាក់នៅផ្ទះជួល ក្នុងភូមិប៉ប្រកខាងជើង សង្កាកាកាប១ ខណ្ឌពោធិ៍សែនជ័យ។ រីឯស្រ្តីរងគ្រោះឈ្មោះ អ៊ិន សុខលីម អាយុ៥៧ឆ្នាំ មុខរបរកម្មការិនីផ្នែកអនាម័យ នៅរោងចក្រកាត់ដេរ ហុង វ៉ា មានទីលំនៅក្នុងភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ ដកហូតលុយចំនួន៣០០ដុល្លារ និង១៦ម៉ឺនរៀល ដែលគាត់ទុកក្នុងកាតការងារនោះត្រូវបានដកហូតបានមកវិញមិនបាត់បង់ឡើយ។

កម្មការិនីចំណាស់រូបនេះ បានរៀបរាប់ប្រាប់ភ្នាក់ងារ Fresh News ថា គាត់តែងតែទុកលុយនៅក្នុងកាតការងារពាក់ជាប់កជានិច្ច លុះដល់ពេល សម្រាកពីការងារទើបដោះកាតចេញពីកដាកើចូលទៅក្នុងកូនកាបូបស្ពាយ។ ដោយឡែកនៅមុនពេលកើតហេតុគាត់ បានចេញពីក្នុងរោងចក្រ ទៅខាងមុខ ដែលមានការលក់ដូរ ដើម្បីរកទិញម្ហូបស្រាប់តែស្រ្តីសង្ស័យម្នាក់នោះដើរមកបុកគាត់ទាំងកម្រោល និងបន្លំលូកយកកាតការងារ នៅក្នុងកាបូបស្ពាយរបស់គាត់។

ប្រភពដដែលបានបន្តថា ពេលនោះគាត់មិនបានដឹងថាកាតដាក់លុយត្រូវស្រ្តីសង្ស័យលូកយកបាត់ទេ ដោយនឹកស្មានថាគ្រាន់ តែដើបុកជាធម្មតាប៉ុណ្ណោះ ប៉ុន្តែនៅពេលដើរផុតបន្តិចគាត់ក្រឡេកមើលឃើញស្រ្តីនេះកាន់កាត១ នៅនឹងដៃហើយដោយមានការសង្ស័យ គាត់បើកមើលកាតក្នុងកាបូបស្រាប់តែបាត់។ ទើបគាត់ដឹងថាស្ត្រីសង្ស័យលួចកាតរបស់គាត់ទើបគាត់ក៏ស្រែកឆោរឡោបង្កការភ្ញាក់ផ្អើល ខណៈនោះក្រុមសន្តិសុខយាមរោងចក្រ និងនគរបាលប៉ុស្តិ៍ចោមចៅ១ ជួយចាប់ខ្លួនបាននាំយកទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់តែម្ដង៕