អាណិតណាស់! ព្រោះតែការពារម្ចាស់ កូនឆ្កែ២ក្បាល ខំប្រឹងតស៊ូប្រយុទ្ធនឹងពស់វែកអាសិរពិស មិនឲ្យវារចូលក្នុងផ្ទះបាន រហូតទាល់តែងាប់ខ្លួន និងខ្វាក់ភ្នែក (មានវីដេអូ)

ហ្វីលីពីន៖ កូនឆ្កែ២ក្បាល ត្រូវបានមហាជន អ្នកលេងបណ្តាញសង្គមជាច្រើន បានដាក់រហស្សនាមឲ្យថាជា Hero ឬកូនឆ្កែវីរបុរសដ៏អស្ចារ្យ ក្រោយបានតស៊ូប្រយុទ្ធនឹងពស់វែកអាសិរពិសមួយក្បាល មិនឲ្យវារចូលក្នុងផ្ទះបាន រហូតទាល់តែងាប់ខ្លួន និងខ្វាក់ភ្នែក។

ហេតុការណ៍នេះ បានកើតឡើងនៅទីតាំងផ្ទះមួយកន្លែង ស្ថិតក្នុងទីក្រុង Kidapawan ប្រទេសហ្វីលីពីន កាលពីថ្ងៃសុក្រ កន្លងទៅនេះ។

កូនឆ្កែទាំងពីរប្រយុទ្ធជាមួយនឹងពស់វែក

បើយោងតាមប្រភពសារព័ត៌មាន នៅក្នុងថ្ងៃកើតហេតុនោះ ត្រូវបានគេដឹងថា មានក្មេងស្រីតូចអាយុទើបតែ១ឆ្នាំម្នាក់ ឈ្មោះថា Skye បាននឹងកំពុងតែគេងនៅក្នុងផ្ទះ។ ប៉ុន្តែអ្វីដែលគួរឲ្យព្រួយបារម្ភ និងភ័យខ្លាចនោះ គឺថាស្រាប់តែលេចមុខពស់វែកមួយក្បាល ចេញពីសួនច្បារមុខផ្ទះ បំណងចង់វារចូលទៅក្នុងផ្ទះ។

ជាក់ស្ដែង តាមរយៈវីដេអូឃ្លីប ថតជាប់ដោយកាមេរ៉ាសុវត្ថិភាពនៅផ្ទះកើតហេតុនោះ បានបង្ហាញឲ្យឃើញថា កូនឆ្កែសម្បុរខ្មៅមួយក្បាលឈ្មោះ Miley អាយុ៤ឆ្នាំ និងមួយក្បាលទៀតសម្បុរ.សឈ្មោះ Moxie បានសហការគ្នាប្រយុទ្ធ ឬស្ទុះទៅខាំពស់វែកមួយក្បាលនោះយ៉ាងញក់ញី ពេញទីបរិវេណមុខផ្ទះ ព្រោះតែវាការពារមិនឲ្យពស់វារចូលទៅក្នុងផ្ទះបានឡើយ។ រយៈពេលប្រមាណជាជាង ២នាទីក្រោយមក ពស់វែកមួយក្បាលនោះ ក៏បានឈប់រើសបម្រាស និងងាប់បាត់ផងដែរ។

កូនឆ្កែទាំងពីរប្រយុទ្ធជាមួយនឹងពស់វែក

យ៉ាងណាមិញ អ្វីដែលគួរឲ្យស្តោកស្តាយបំផុតនោះ មិនយូរប៉ុន្មាន កូនឆ្កែដ៏សែនឆ្លាត Miley ក៏ត្រូវបានងាប់ដូចគ្នា ក៏ព្រោះតែវាបានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារត្រូវពស់អាសិរពិសនោះចឹក។ ចំណែកឯ កូនឆ្កែសម្បុរ.ស Moxie វិញ អាចរួចជីវិតពីការប្រយុទ្ធមួយនេះ។ ប៉ុន្តែគួរឲ្យអាណិតត្រង់ថា វាត្រូវខ្វាក់ភ្នែកខាងឆ្វេង ដោយសារតែត្រូវពស់ចឹកផងដែរ។

គ្រួសារលោក Jaime

ជុំវិញនឹងរឿងរ៉ាវខាងលើនេះ ឪពុករបស់ក្មេងស្រី Skye លោក Jaime Selim បាននិយាយថា នៅក្នុងថ្ងៃកើហេតុនោះ រូបលោករួមនឹងភរិយា Pauie គឺកំពុងតែនៅកន្លែងធ្វើការងារ។ ឯកូនស្រីរបស់លោកគឺកំពុងតែគេងនៅក្នុងផ្ទះ ខណៈឯអ្នកបម្រើ (ឈ្នួលមើលកូនង៉ែត) ក៏កំពុងតែនៅក្នុងផ្ទះដូចគ្នា។ ដូច្នេះហើយ ទើបបានជាពេលកើតហេតុភ្លាមៗ ឈ្នួលរបស់លោកមិនបានដឹងរឿងនេះឡើយ។

លោកបន្តថា នៅពេលដែលលោកនិងប្រពន្ធចេញពីធ្វើការត្រលប់ទៅផ្ទះវិញ ទើបគេប្រាប់ពីអ្វីដែលបានកើតឡើងនេះ ហើយលោកក៏បានបើកកាមេរ៉ាសុវត្ថិភាពមើល និងស្ទើរតែភាំងស្មារតីពេលដឹងការពិត។ ប៉ុន្តែទោះយ៉ាងណា លោកគឺពិតជាមានមោទកភាពចំពោះឆ្កែទាំងពីររបស់លោកជាខ្លាំង។

ជាចុងក្រោយលោក Jaime និយាយថា «ខ្ញុំពិតជាមិនដឹងថា ត្រូវអរគុណឆ្កែទាំងពីររបស់ខ្ញុំបែបណាឲ្យគ្រប់គ្រាន់នោះទេ ចំពោះសកម្មភាពដ៏ល្អរបស់ពួកវា ជួយការពារកូនស្រីតូច Skye របស់ខ្ញុំ។ ពួកយើងពិតជាសោកស្តាយចំពោះបាត់បង់ Miley និងនឹកដល់វាជារៀងរហូត» ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

កូនឆ្កែ Miley ងាប់