សប្បាយក្លាយជាទុក្ខ! ក្មេងស្រីអភ័ព្វម្នាក់ស្លាប់បាត់បង់ជីវិត ក្រោយដួលរលំស្លាយទឹករអិល.... ម្តាយយំឱបកូន (មានវីដេអូ)

  • ព្រហស្បតិ៍ ២៥ កក្តដា, ២០១៩ ១០:៣៥

ចិន៖ ក្មេងស្រីអភ័ព្វម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងសង្វេគ ខណៈពេលនាងកំពុងតែជិះស្លាយទឹករអិល ស្រាប់តែវាដួលរលំយកតែម្តង។

យោងតាមប្រភពបានឱ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីពេលថ្មីៗនេះ នៅក្នុងសួនទឹកកម្សាន្តមួយកន្លែង នៅក្នុងតំបន់រមណីយដ្ឋាន Fengda International Hot Spring Holiday Resort ក្នុងប្រទេសចិន។

ជនរងគ្រោះមានអាយុ៨ឆ្នាំបានស្លាប់ ក្រោយស្លាយទឹករអិលដួលរលំពីលើនាង។

នៅក្នុងសកម្មភាពដ៏ក្តុកក្តួលនេះ ក៏មានមនុស្សនៅទីនោះបានថតជាប់វីដេអូ ដែលម្តាយនាងបានយំឱបកូនស្រីនិងស្រែកឱ្យគេជួយផងដែរ។

ក្នុងនោះម្តាយក្មេងស្រីនេះបានស្រែកថា៖

«ជួយហៅឡានពេទ្យផង! អ្នកណាក៏បានដែរ សូមជួយហៅឡានពេទ្យផង!»

ក្រោយមក ជនរងគ្រោះក៏ត្រូវបានរថយន្តសង្រ្គោះនាំទៅមន្ទីរពេទ្យ។ ប៉ុន្តែជាអកុសល គ្រូពេទ្យមិនអាចជួយសង្រ្គោះជីវិតនាងបានទេ។

បន្ថែមពីនេះទៀត សមត្ថកិច្ចក៏បានបង្ហើបឱ្យដឹងថា ក៏មានភ្ញៀវទេសចរ ៤នាក់ផ្សេងទៀត រងរបួសផងដែរនៅក្នុងឧប្បត្តិហេតុដួលរលំស្លាយទឹករអិលនេះ ប៉ុន្តែរបួសពួកគេពុំសូវធ្ងន់ធ្ងរនោះទេ។

យ៉ាងណាមិញ យើងពុំទាន់ដឹងពីមូលហេតុដែលបណ្តាលឱ្យស្លាយទឹកដ៏ធំបែបនេះដួលរលំនោះទេ ប៉ុន្តែយោងតាមសម្តីបុគ្គលិកស្រីនៅទីនោះ (សូមមិនបញ្ចេញឈ្មោះ) បានឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យមានឧប្បត្តិហេតុនេះកើតឡើង គឺមកពីមានមនុស្សឡើងជិះវាច្រើនពេក។

ម្យ៉ាងវិញទៀត យើងពុំទាន់ដឹងច្បាស់ថាតើមានមនុស្សប៉ុន្មាននាក់បានឡើងជិះស្លាយទឹករអិលនេះ នៅគ្រាដែលវាបាក់រលំនោះទេ។ បច្ចុប្បន្ន សមត្ថកិច្ចក៏កំពុងតែស៊ើបអង្កេតបន្ថែមទៀត ពាក់ព័ន្ធជាមួយនឹងករណីនេះផងដែរ៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ