កម្លាំងអាវុធហត្ថ បើកប្រតិបត្តិការតាមចាប់មុខសញ្ញា គប់កញ្ចក់រថយន្តលើដងផ្លូវជាតិលេខ១ និងឆក់តាមដងផ្លូវក្នុងភូមិសាស្រ្តស្រុកកៀនស្វាយ ខេត្តកណ្តាល និងរាជធានីភ្នំពេញ

  • ព្រហស្បតិ៍ ២៥ កក្តដា, ២០១៩ ០៨:៣០

(កណ្តាល)៖ អនុវត្តនូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ពិសេសប្រសាសន៍ដឹកនាំ ព្រមទាំងការយកចិត្តទុកដាក់ខ្ពស់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលតែងតែយកចិត្តទុក ដាក់ដាស់តឿនក្រើនរម្លឹកដល់ មេបញ្ជាការគ្រប់ជាន់ថ្នាក់ និងកម្លាំងទាំងអស់ ត្រូវពង្រឹងការយកចិត្តទុកដាក់បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជួយសង្ក្រោះប្រជាពលរដ្ឋ បង្ការ និងបង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទពិសេសបទល្មើសគ្រឿងញៀន បទល្មើសលួចឆក់ ប្លន់ ឃាតកម្មជាដើម។

ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល និងដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីអយ្យការអមសាលាដំបូងខេត្ត ព្រមទាំងមានកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋាន នៅពេលនេះមុខសញ្ញា គប់កញ្ចក់រថយន្តលើដងផ្លូវជាតិលេខ១ និងឆក់តាមដងផ្លូវក្នុងភូមិសាស្រ្តស្រុកកៀនស្វាយ ខេត្តកណ្តាល និងរាជធានីភ្នំពេញ ត្រូវបានបង្ក្រាបបានហើយ។

ជាក់ស្តែង ករណីគប់កញ្ចក់ឡាន (កុងទីនរ័) ម៉ាក HYUNDAI ពណ៍ស ប្រភេទ V1 បណ្តាលឲ្យបែកក្បាលតៃកុង កាលពីវេលាម៉ោង ០០៖៣៥នាទី រំលងអធ្រាត្រថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចមុខវត្តមុន្នីសុវណ្ណនិមល (តមល់) ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ និងគប់កញ្ចក់រថយន្តកន្លែងផ្សេងៗទៀត នៅតាមដងផ្លូវជាតិលេខ១ ក្នុងភូមិសាស្រ្តស្រុកកៀនស្វាយ ព្រមទាំងធ្វើសកម្មភាពឆក់តាមដងផ្លូវជាហូរហែនៅស្រុកកៀនស្វាយ និងរាជធានីភ្នំពេញ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកកៀនស្វាយ និងជំនាញខេត្តកណ្តាល ចុះស្រាវជ្រាវ ល្បាតចលត័ ពួនស្ទាក់ជាប្រចាំ រហូតឃាត់ខ្លួនក្រុមមុខសញ្ញាជនល្មើសខាងលើនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០១៩ នេះជាបន្តបន្ទាប់។

នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល ក្រុមជនសង្សយ័ទាំង ០៥នាក់បានឆ្លើយសារភាពដូចខាងក្រោម៖

*ទី១៖ ឈ្មោះ ភាព សុថា អាយុ១៦ឆ្នាំ មុខរបរជួយលក់ដូរឥវ៉ាន់បង រស់នៅភូមិពពាលខែល២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ធ្លាប់ធ្វើសកម្មភាពគប់កញ្ចក់រថយន្តចំនួន ០២លើក (មុខវត្តស្លាកែត មុខវត្តខ្សុំ) ចូលរួមឆក់០១លើក នៅចំណុចមុខវត្តស្លាកែត(ឃាត់ខ្លួន)

*ទី២៖ ឈ្មោះ ហេង សុផាត ហៅក្តិប អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ធ្លាប់ធ្វើសកម្មភាព ឆក់ទូរស័ព្ទ៤លើក (ផ្លូវថ្មីឃុំដីឥដ្ឋ មុខវត្តកោះ ឃុំគគីរ មុខវត្តតមល់ឃុំគគីរ ផ្សារដីហុយភ្នំពេញ និងគប់កញ្ចក់រថយន្ត ០៣លើក (ឃុំដីឥដ្ឋ មុខវត្តតមលឃុំគគីរគ នៅមុខវត្តកោះឃុំគគីរ និងប្រើប្រាស់គ្រឿងញៀន (ឃាត់ខ្លួន)។

*ទី៣៖ ឈ្មោះ លី ដាវិន អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ធ្លាប់ធ្វើសកម្មភាព ឆក់ទូរស័ព្ទចំនួន ០១លើក នៅចំណុចវត្តស្លាកែត និងគប់កញ្ចក់រថយន្ត ០១លើក នៅចំណុចមុខវត្តក្រៅ និងប្រើប្រាស់សារធាតុញៀន (ឃាត់ខ្លួន)។

*ទី៤៖ ឈ្មោះ សែម ដាវីត អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ធ្លាប់ធ្វើសកម្មភាព ឆក់ទូរស័ព្ទ ០១លើកនៅភ្នំពេញ និង មានដីកាបង្គាប់ឲ្យចាប់ខ្លួនករណីហិង្សាដោយចេតនា(ឃាត់ខ្លួន)។

*ទី៥៖ ឈ្មោះ ផល្លី ដារ៉ា អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ធ្លាប់ធ្វើសកម្មភាពទទួលផលចោរកម្មពីក្រុមឆក់ខាងលើ និងប្រើប្រាស់គ្រឿងញៀន (ឃាត់ខ្លួន)។

*ទី៦៖ ឈ្មោះ វ៉េង វិសាល អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ធ្លាប់ធ្វើសកម្មភាព ឆក់ទូរស័ព្ទ ០១លើក នៅមុខវត្តស្លាកែត ឃុំគគីរ និងគប់កញ្ចក់រថយន្ត ០១លើក នៅមុខវត្តក្រៅ (គេចខ្លួនកំពុងតាមចាប់)។

*ទី៧៖ ឈ្មោះ ខេង មុខរបរមិនពិតប្រាកដ រស់នៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ធ្លាប់រួមគំនិតធ្វើសកម្មភាពឆក់ និងគប់រថយន្ត (គេចខ្លួនកំពុងតាមចាប់)។

វត្ថុតាងដែលកម្លាំងអាវុធហត្ថដកហូតរួមមាន៖

*ម៉ូតូហុងដាម៉ាកប៊ីត០១គ្រឿង ពណ៌ខៀវលាយ ស ផ្លាកលេខកណ្តាល 1AE-9832

*ម៉ូតូម៉ាកស្កុបពី០១គ្រឿង ពណ៌ស ពាក់ផ្លាកលេខកណ្តាល 1Z-8961

*ទូរសព្ទ័ដៃ ០៤គ្រឿង។

ក្រុមក្មេងទំនើងទាំងនេះ តែងតែធ្វើសកម្មភាពអុកឡុក កាប់ចាក់ វាយតប់គ្នា បង្កភាពអនាធិបតេយ្យ អសន្តិសុខ ក្នុងមូលដ្ឋាន នាំឲ្យប្រជាពលរដ្ឋមានការភយ័ខ្លាច។ ជាក់ស្តែង មានជនរងគ្រោះឈ្មោះ ថេង សេងហួរ អាយុ២០ឆ្នាំ ស្នាក់នៅភូមិព្រែកផ្អាវ ឃុំកំពុងកុង ស្រុកកោះធំ ខេត្តកណ្តាល រងរបួសបែកក្បាល (ថ្ងាស់ខាងឆ្វេង) និងជនរងគ្រោះជាច្រើននាក់ ព្រមទាំងរថយន្ត ជាច្រើនគ្រឿងផ្សេងទៀត ដែលធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិសាស្រ្តស្រុកៀនស្វាយ ស្រុកលើកដែក ធ្លាប់ត្រូវបានក្រុមនេះគប់បង្កឲ្យបែកកញ្ចក់ និងរងរបួសជាហូហែរ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល កសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕