ទឹកចិត្តឪពុក! នៅថ្ងៃមង្គលការរបស់កូនស្រី ឪពុកនិយាយពាក្យមួយម៉ាត់សោះ ធ្វើឲ្យមនុស្សគ្រប់គ្នាសឹងតែស្រក់ទឹកភ្នែក

  • ព្រហស្បតិ៍ ២៥ កក្តដា, ២០១៩ ០៩:៥៩

តៃវ៉ាន់៖ ពាក្យស្លោករបស់ជនជាតិចិនបាននិយាយថា “កូនស្រីគឺជាគូស្នេហ៍របស់ឪពុកកាលពីជាតិមុន”។ ថ្មីៗកន្លងទៅនេះ ឪពុកម្នាក់បានស្រក់ទឹកភ្នែក នៅថ្ងៃមង្គលការរបស់កូនស្រីដោយសារមិនដាច់អាល័យ ធ្វើឲ្យភ្ញៀវដែលបានចូលរួមសឹងតែទប់ទឹកភ្នែកមិនបាន។

យោងតាមប្រភពបានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែកក្កដា នារីម្នាក់បានចែករំលែករឿងរ៉ាវនៃថ្ងៃមង្គលការរបស់នាងនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ នាងបានសរសេររៀបរាប់ថា «ពេលព្រឹកនៃថ្ងៃមង្គលការ ខ្ញុំនិងស្វាមីបានលុតជង្គង់នៅចំពីមុខប៉ាម៉ាក់ដើម្បីធ្វើពិធីទទួលពរជ័យ។ នៅពេលដែលពិធីសុំពរជ័យបញ្ចប់ ប៉ារបស់ខ្ញុំក៏បានស្រក់ទឹកភ្នែក ហើយក្រោកឈរនិយាយថា “កុំទៅអី!” មកកាន់ខ្ញុំ។ ពាក្យមួយម៉ាត់នេះធ្វើឲ្យខ្ញុំនិងមនុស្សនៅជុំវិញនោះសឹងតែទប់ទឹកភ្នែកមិនបាន។ ដោយភាពក្ដុកក្ដួលក្នុងអារម្មណ៍ ប៉ារបស់ខ្ញុំបានអង្គុយទៅលើសាឡុងវិញ និងយកដៃបិទមុខព្យាយាមទប់ទឹកភ្នែក។ ខ្ញុំពិតជាសោកសៅណាស់នៅពេលដែលឃើញទឹកភ្នែករបស់ប៉ាស្រក់ ហើយនេះជាលើកទីមួយដែលឃើញប៉ាយំ។»

ឪពុកកំពុងយំ

ប្រភពបានបន្ដ ជាចុងក្រោយ ឪពុកក៏បានសម្រួលអារម្មណ៍ល្អឡើងវិញហើយនិយាយទៅកាន់កូនស្រីថា «ប៉ាសង្ឃឹមថាកូននឹងមានសេចក្ដីសុខជាមួយស្វាមីរបស់កូន»

បន្ទាប់ពីបានបង្ហោះសារខាងលើនេះមក មានមតិខ្លះបាននិយាយថា ឪពុកដែលមានកូនស្រីរៀបការនិងត្រូវចេញទៅរស់នៅផ្ទះផ្សេងនឹងយល់អារម្មណ៍មួយនេះ។ ការស្រលាញ់របស់ឪពុកពិតជាធំធេងណាស់សម្រាប់កូនៗ៕

ពិធីសុំពរជ័យ
ឪពុកកំពុងអោបកូនស្រី