បុរសម្នាក់ធ្លាក់ស្លាប់ និងជាប់នៅចន្លោះជញ្ជាំងបាំងទូរទឹកកកនៅផ្សារទំនើប.. ១០ឆ្នាំក្រោយទើបរកឃើញគ្រោងឆ្អឹងសាកសព (មានវីដេអូ)

  • ព្រហស្បតិ៍ ២៥ កក្តដា, ២០១៩ ១០:៣៣

អាមេរិក៖ ផ្ទុះការភ្ញាក់ផ្អើល ក្រោយប្រទះឃើញគ្រោងឆ្អឹងសាកសពបុរសម្នាក់ដែលបានស្លាប់អស់រយៈពេលជាង ១០ឆ្នាំនៅអតីតផ្សារទំនើប No Frill Supermarket ក្នុងទីក្រុង Council Bluffs រដ្ឋអាយអូវ៉ា បន្ទាប់ពីកម្មករបានទៅដកធ្នើរ និងទូរទឹកកកចោលពីផ្សារទំនើបនេះ។

យោងតាមប្រភព CNN បានឱ្យដឹងថា គ្រោងឆ្អឹងសាកសពនេះត្រូវបានគេស្គាល់ថាឈ្មោះ Larry Ely Murillo-Moncada ជាអតីតបុគ្គលិកផ្សារទំនើប ដែលត្រូវបានរាយការណ៍ថាបានបាត់ខ្លួនកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០០៩។ សមត្ថកិច្ចបានបញ្ជាក់ថា គ្រោងឆ្អឹងសាកសពនេះពិតជារបស់ Larry ពិតប្រាកដមែន ដោយសារតែវាស៊ីគ្នាជាមួយនឹង DNA ឪពុកម្តាយគេ និងសំលៀកបំពាក់ដែលគេបានពាក់ កាលពីគេបាត់ខ្លួន។

Larry
ការប្រកាសស្វែងរក Larry ក្នុងឆ្នាំ២០០៩

ក្នុងឆ្នាំ២០០៩ ឪពុកម្តាយ Larry បានប្រាប់ប៉ូលិសថា កូនប្រុសវ័យ ២៥ឆ្នាំរបស់ពួកគេ មានការអន់ចិត្ត រួចក៏បែកគំនិត រត់ចេញពីផ្ទះយកតែម្តង។ គ្រានោះ សកម្មភាពរបស់គេពិតជាចម្លែក មិនប្រក្រតីនោះទេ ប្រហែលអាចមកពីថ្នាំដែលគេលេបក៏ថាបានដែរ។

នៅពេល Larry ត្រូវបានរាយការណ៍ថាបានបាត់ខ្លួន ប៉ូលិសនៅក្នុងតំបន់បានព្យាយាមស្វែងរកគេដែរ ប៉ុន្តែគ្មានអ្នកណាម្នាក់ដឹងថាគេនៅទីណានោះទេ។

ដូច្នេះ នៅពេលគ្រោងឆ្អឹងសាកសពរបស់គេត្រូវរកឃើញ ១០ឆ្នាំក្រោយមក សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា នៅគ្រានោះ Larry បានទៅផ្សារទំនើបដែលជាកន្លែងគេធ្វើការនៅឆ្នាំ២០០៩ ហើយគេក៏បានឡើងទៅធ្នើរខាងក្រោយទូរទឹកកកដ៏ធំ ដែលជាកន្លែងបុគ្គលិកលួចខ្ជិល។ ប៉ុន្តែមិនបានប្រយ័ត្នដ៏ ធ្លាក់នៅពី គាបជាប់ជញ្ជាំង ហើយបាំងទូរទឹកកក។ អ្វីដែលសំខាន់ទៀតនោះគឺថា ព្រោះតែសំលេងរំខានពីទូរទឹកកដ៏ធំនោះ ទោះជា Larry ស្រែកឱ្យគេជួយ ក៏គ្មានអ្នកណាម្នាក់ឮផងដែរ។

បន្ថែមពីនេះទៀត សមត្ថកិច្ចបានធ្វើកោសល្យវិច័យ ហើយបានរកឃើញថា គ្មានសញ្ញាណនៃការប៉ះទង្គិចណាមួយនោះទេ។ ដូច្នេះករណីនេះត្រូវបានចាត់ទុកថាជាការស្លាប់ដោយចៃដន្យ។

លើសពីនេះទៅទៀត ប្រភពដដែលបានឱ្យដឹងថា ផ្សារទំនើប No Frill Supermarket នេះបានបិទទ្វារកាលពីឆ្នាំ២០១៦ ហើយនេះក៏ជាមូលហេតុដែលពន្យល់ថាហេតុអ្វីបានជាសាកសពរបស់ Larry ទើបតែត្រូវបានរកឃើញកាលពីពេលថ្មីៗនេះ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

Larry
ផ្សារទំនើប No Frill Supermarket
ផ្សារទំនើប No Frill Supermarket