មានផ្ទៃពោះ ក្លៀកប្រែជាខ្មៅ នេះជាវិធីដោះស្រាយ!

  • ព្រហស្បតិ៍ ២៥ កក្តដា, ២០១៩ ១០:២២

ស្រីៗ​មួយ​ចំនួន​ធំ​មាន​ការ​ប្រែប្រួល​ស្បែក​នៅ​ពេល​មាន​ផ្ទៃ​ពោះ ដោយ​អ្នក​ខ្លះ​ឡើង​មុន ស្បែក​ស្ងួត កញ្ចឹងក ក្បាលពោះ​ខ្មៅ ហើយ​បញ្ហា​ធ្ងន់​បំផុត​នោះ គឺ​ខ្មៅ​ក្លៀក​តែម្ដង។ បញ្ហា​ទាំងនោះ​ជា​រឿង​ធម្មតា​សម្រាប់​អ្នក​មាន​ផ្ទៃពោះ ដែល​នោះ​មកពី​ការ​ប្រែប្រួល​អ័រម៉ូន ហើយ​ស្នាម​ទាំង​នោះ​អាច​បាត់​ទៅ​វិញ​ក្រោយ​សម្រាល​កូន​រួច តែ​ខ្លះ​ទៀត​ក៏​មិន​បាត់​ដែរ ប្រសិនបើ​យើង​មិន​មាន​វិធី​កម្ចាត់​វា​នឹង​នៅ​ជាប់​យូរអង្វែង។ ដូចនេះ​អាច​មក​សាក​ជាមួយ​រូបមន្ត​ដែល​ចែករំលែក​ដោយ​អ្នក​ម៉ាក់ ៤ រូប​ខាងក្រោម៖

១- ចៀសវាង​សម្លៀកបំពាក់​តឹង​ៗ

បើ​តាម​អ្នក​ស្រី ម៉ម សុជាតា ដែល​មាន​កូន ៣ នាក់​រួច​មក​ហើយ​នោះ បាន​ឲ្យ​ដំបូន្មាន​ដល់​ស្ត្រី​កំពុង​ពពោះ​ហើយ​មាន​បញ្ហា​ក្លៀក​ខ្មៅ​ស្រអាប់​ខ្លាំង​ថា បញ្ហា​នេះ​គាត់​ពេល​មាន​កូន​ទាំង​ស្រី​ទាំង​ប្រុស ហើយ​ជំហាន​ដំបូង គឺ​ត្រូវ​ប្រយ័ត្ន​ចំពោះ​សម្លៀកបំពាក់ ដោយ​អាវ​ត្រូវ​ពាក់​ប្រភេទ​សាច់​ទន់​ៗ និង​រលុង​ៗ ហើយ​មិន​ជក់​ញើស ដើម្បី​កុំឲ្យ​ជាតិ​ពុល​ប្រមូលផ្ដុំ​ក្រោម​ក្លៀក។ មួយ​វិញ​ទៀត​ការ​ជ្រើសរើស​អាវ​ទ្រនាប់​ក៏​ដូចគ្នា គឺ​មិន​អាច​ជា​ប្រភេទ​ស្បៃ​ដែល​អាច​កកិត​ប៉ះពាល់​កន្លែង​មាន​ស្នាម​ខ្មៅ​ស្រាប់​នោះ​ទេ។ អ្នក​នៅ​ស្រុក​គង​ពិសី ខេត្ត​កំពង់ស្ពឺ​បាន​បន្ថែម​ទៀត​ថា ពេល​ងូត​ទឹក​យើង​អាច​យក​សាច់ជូរ ឬ​ក្រូចឆ្មារ​មក​ដុស​ថើៗ​ជាប្រចាំ នោះ​អាច​រលុប​បាន​ខ្លះ​ៗ ហើយ​បន្ត​ធ្វើ​រហូត​ដល់​ក្រោយ​ឆ្លងទន្លេ។

២- កុំ​ដក​រោម​ក្លៀក តែ​កោរ​វិញ​ល្អ​ជាង

នេះ​ជា​ការ​ចែករំលែក​របស់​អ្នកនាង តែ ចាន់ហេង ជា​ម៉ាក់​ៗ​កូន ២ នាក់ ដែល​មាន​ស្រុក​កំណើត​នៅ​បាត់ដំបង។ ជាង​កាត់​សម្លៀកបំពាក់​រូបនេះ​បាន​បន្ថែម​ទៀត​ថា ស្បែក​ក្រោម​ក្លៀក​មាន​សភាព​ស្ដើង អ៊ីចឹង​ហើយ​ការ​ដក​អាច​បណ្ដាល​ឲ្យ​ក្លៀក​កាន់តែ​យារ។

៣- លាយ​ម្សៅ​រមៀត ទឹកឃ្មុំ និង​យ៉ាអួ

តាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាង កាន សុចិត្រា បាន​ឲ្យ​ដឹង​ថា រូបមន្ត​មួយ​នេះ​ត្រូវ​បាន​គេ​ប្រើ​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​ចំពោះ​បញ្ហា​ស្បែក​ខ្មៅ និង​ក្រិន ហើយ​សម្រាប់​អ្នក​មាន​បញ្ហា​ក្លៀក​ខ្មៅ​វិញ​ក៏​បាន​ផល​ដូចគ្នា។ បុគ្គលិក​ធ្វើការ​នៅ​ធនាគារ​បាន​រៀបរាប់​ពី​វិធី​ធ្វើ ដោយ​ដាក់​ម្សៅ​រមៀត​១​ស្លាបព្រា​បាយ ទឹកឃ្មុំ​១ ស្លាបព្រា និង​យ៉ាអួ ១ ស្លាបព្រា កូរ​ឲ្យ​សព្វ រួច​លាង​ក្លៀក​ជាមួយ​ទឹក​ធម្មតា ហើយ​យក​មក​មក​ត្រដុស​ជុំវិញ​ក្លៀក ២ នាទី បន្ទាប់មក​ទុក​ចោល ១០-១៥ នាទី​សឹម​លាង​សម្អាត​ជា​ការ​ស្រេច។ ធ្វើ ៣ ដង​/សប្ដាហ៍ នោះ​យើង​នឹង​រឹតតែ​ឃើញ​ប្រសិទ្ធិភាព។

៤- ក្រូចឆ្មារ និង​ស្ករ​ស

ម៉ាក់​ៗ​មាន​ទម្ងន់​ខ្លះ មាន​សភាព​ខ្មៅ​ឡើង​ជាំ ហើយ​វិធី​នេះ​មាន​ប្រសិទ្ធិភាព​ខ្ពស់​បំផុត។ នេះ​ជា​ការ​ផ្ដាំផ្ញើ​របស់​អ្នកនាង ទេព បុប្ផា ដែល​ខ្លួន​គាត់​ជួប​បញ្ហា​ឈឺក្បាល ហើយ​ប្រើ​ផលិតផល​អស់​ជាច្រើន​ក៏​គ្មាន​បាន​ការ។ អ្នក​លក់​ដូរ​ឥវ៉ាន់​នៅ​ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់​កណ្ដាល បាន​រៀបរាប់​វិធី​ធ្វើ​គឺ​មិន​ពិបាក​ទេ គ្រាន់តែ​យក​ក្រូចឆ្មារ ២ ផ្លែ រួច​ជា​២ ចំណិត រួច​ច្របាច់​យក​ទឹក​ដាក់​កូន​ចាន បន្ទាប់​មក​យក​ស្ករ​ស​២ ស្លាបព្រា​បាយ មក​លាយ​ចូលគ្នា​ឲ្យ​សព្វ។ បន្ទាប់​មក​លាង​សម្អាត​ក្លៀក​ជាមួយ​ទឹកក្ដៅឧណ្ហ៍ៗ និង​ជូត​ឲ្យ​ស្ងួត បន្ទាប់មក​យក​ល្បាយ​ដែល​លាយ​រួច​មក​ដុស​ជុំវិញ​កន្លែង​ខ្មៅ ៥ នាទី​និង​បន្ត​ទុក​ចោល ៥-១០ នាទី​ចាំ​លាង​សម្អាត​ចេញ​ជា​ការ​ស្រេច។ បើ​មាន​ពេល​អាច​ធ្វើ ២ ថ្ងៃ​ម្ដង​រហូត​ទាល់តែ​បាត់​អស់។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet