កុំចេះតែហ៊ាន! Vlogger ម្នាក់ ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្រោយថត Live ក្លាហានហូបសត្វក្អែប និងតុកកែទាំងរស់

  • ព្រហស្បតិ៍ ២៥ កក្តដា, ២០១៩ ១៣:១៩

ចិន៖ បុរសជនជាតិចិន ដែលត្រូវបានគេស្គាល់ថាជា Vlogger មួយរូប បានស្លាប់បាត់បង់ជីវិតយ៉ាងណោចអាធ័ម ក្រោយថត Live វីដេអូ ក្លាហានហូបសត្វក្អែប តុកកែ រួមនឹងសត្វល្អិតផ្សេងទៀតទាំងរស់។

លោក Sun

បុរសរងគ្រោះខាងលើមានឈ្មោះថា លោក Sun មានអាយុ៣៥ឆ្នាំ ត្រូវបានប្រទះឃើញស្លាប់ដោយមិត្តស្រីរបស់លោក នៅក្នុងបន្ទប់ផ្ទះល្វែងរបស់លោក ក្នុងទីក្រុង Hefei ខេត្ត Aunhui ប្រទេសចិន កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ។

បើយោងតាមប្រភពសារព័ត៌មាន បានរាយការណ៍ឲ្យដឹងថា លោក Sun គឺជា Vlogger មួយរូប ដែលតែងតែធ្វើការថត Live នូវវីដេអូសកម្មភាពប្លែកៗរបស់ខ្លួនជារៀងរាល់យប់ នៅលើបណ្តាញសង្គមចិន DouYu ។ គណនីរបស់លោក Sun គឺទទួលបានអ្នកគាំទ្រ ឬ Follower ជាង ១៥,០០០នាក់។

ជាក់ស្តែង នៅក្នុងថ្ងៃកើតហេតុនោះ ពោលគឺរយៈពេល២យប់ចុងក្រោយមុនថ្ងៃស្លាប់នេះ លោក Sun បានថតវីដេអូ Live ពីសកម្មភាពដែលរូបលោកកំពុងតែផឹកស្រា ដោយក្លែមសុទ្ធសឹងតែសត្វមានជីវិត និងគួរឲ្យខ្ពើមរអើមដូចជា សត្វក្អែប សត្វតុកកែក និងដង្កូវសជាដើម។ ដោយនៅក្នុងគោលបំណង ចង់កើបយកនូវប្រជាប្រិយភាព និងចំនួនអ្នក Follower ឲ្យបានកាន់តែច្រើន។

លោក Sun
រូបភាពតំណាង

នៅក្នុងនោះដែរ លោក Sun ក៏បានបង្កើតជាកងបង្វិលមួយ ដោយមានរៀបរាប់ឈ្មោះសត្វផ្សេងៗជាច្រើន ហើយក្នុងករណីលោកបង្វិលកងនោះ ឈប់ចំឈ្មោះសត្វណាមួយនោះ លោកនឹងផឹកស្រាហើយហូប ឬក្លែមសត្វនោះទាំងរស់នៅមុខកាមេរ៉ា ដែលកំពុងតែ Live ផ្ទាល់ ដើម្បីឲ្យអ្នកគាំទ្ររបស់លោកបានទស្សនាតែម្តង។

យ៉ាងណាមិញ ជុំវិញនឹងការស្លាប់របស់លោក Sun ប៉ូលិសក៏បានព្យាយាមរកមើលវត្ថុតាងផ្សេងទៀត ដើម្បីឲ្យលម្អិតនៃការស្លាប់មួយនេះ ប៉ុន្តែពុំបានរកឃើញសញ្ញាសម្គាល់ណាមួយនោះឡើយ។ អ្វីដែលគេរកឃើញនោះ កុំព្យូទ័ររបស់លោក Sun គឺនៅជាប់ Live-stream និងរួមមានអាហារផ្សេងៗ ដូចជាសត្វមានជីវិតដាក់នៅលើតុក្នុងបន្ទប់របស់លោក ដែលលោក Sun រៀបចំសម្រាប់ការថត Live នោះតែប៉ុណ្ណោះ។

រូបភាពតំណាង

បើទោះបីជាយ៉ាងណាក្តី អាជ្ញាធរមានសមត្ថកិច្ចក៏ពុំទាន់សន្និដ្ឋានឲ្យប្រាកដនូវការស្លាប់របស់លោក Sun នោះឡើយ ដោយបន្តធ្វើការស៊ើបអង្កេតបន្ថែម ដើម្បីឲ្យរឹតតែលម្អិតពីមូលហេតុនៃការស្លាប់នេះ។ ចំណែកឯ វីដេអូរបស់លោក Sun ក៏ត្រូវបានគេលុបចេញពីបណ្តាញសង្គម DouYu ផងដែរ៕ 

រូបភាពតំណាង