រន្ធត់​ណាស់​! វី​ដេ​អូ​ស្តែង​ៗ យោធា​២​នាក់​ជិះ​ម៉ូតូ​សុខ​ៗ​បាក់​ស្ពាន​លិច​បាត់ (មានវីដេអូ)

  • ព្រហស្បតិ៍ ២៥ កក្តដា, ២០១៩ ១០:៤៩

ខេត្តស្ទឹងត្រែង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បើ​តាម​សកម្មភាព​វី​ដេ​អូ​ស្តែង​ៗ​ពី​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ចំណុច​ភូមិសាស្ត្រ អូ​អាឡៃ ស្រុក​សៀម​ប៉ា​ង ដែល​ថត​បាន​នៅ​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ ខណៈ​យុវជន​រង​គ្រោះ​២​នាក់​ដែល​ជា​យោធា​នៅ​អង្គភាព​កងអនុសេនាធំ​ទី​៣ វរ​សេនា​តូច​កាំភ្លើង​ធំ យោធភូមិ​ភាគ​ទី​១ បាន​ធ្វើ​ដំណើរ​ឆ្លងកាត់ស្ពាន​ឆ្លង​អូរ​ដែល​ទុក​សម្រាប់​ធ្វើការ​ដំណើរ​បណ្តោះ​អាសន្ន នៅ​ចំណុច​ស្ពាន​អូរ​ម៉ា ក្នុងភូមិ​សាស្ត្រ​អូរ​អាឡៃ ព្រំដែន​កម្ពុជា​-​ឡាវ ស្រាប់តែ​បាក់​ស្រុត​ដី​លិច​ជន​រង​គ្រោះ​ទាំង​២​នាក់​បាត់​តែ​ម្តង ។

សេចក្តីរាយការណ៍​បឋម​បន្ត​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​នេះ ម្នាក់​ឈ្មោះ សុខ វណ្ណ​ឌី និង​ប្អូនប្រុស ឈ្មោះ ភី នី​ដា​លិ ជា​យោធា​នៅ​អង្គភាព កងអនុសេនាធំ​ទី​៣ វរ​សេនា​តូច កាំភ្លើង​ធំ យោធភូមិ​ភាគ​ទី​១ (​ប្រចាំការ​នៅ​ភូមិសាស្ត្រ​អូរ​អាឡៃ​) ។

តាម​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះជា​យោធា​ទាំង​ពីរ​នាក់​ខាងលើ​នេះ បាន​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ឆ្លងកាត់ស្ពាន​ឆ្លង​អូរ​ដែល​ទុកសម្រាប់​​ធ្វើដំណើរ​បណ្តោះ​អាសន្នដែល​ជា​កន្លែង​កើតហេតុនោះ​ ស្រាប់តែ​បាក់​ស្រុត​ដី​ធ្លាក់​ជន​រង​គ្រោះ​ទាំង​២​នាក់​ចូល​ក្នុង​ទឹកតែ​ម្តង ខណៈ​ដែល​ទឹក​កំពុង​តែ​ហូរ​យ៉ាង​ខ្លាំង បណ្តាល​ឱ្យ​ទាំង​មនុស្ស និង​ម៉ូតូ​ហូរ​ទៅ​តាម​ខ្សែទឹក​បាត់ លុះ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​25 ខែកក្កដា ឆ្នាំ​2019​នេះ ជន​រង​គ្រោះជា​យោធា​ទាំង​ពីរ​ខាងលើ នៅ​មិន​ទាន់​រក​ឃើញ​នៅ​ឡើង​ទេ ។

បើ​យោង​តាម​អធិការនគរបាល​​ស្រុក​សៀម​ប៉ាង បាន​ឱ្យ​ដឹង​​នៅ​ព្រឹក​ថ្ងៃទី​២៥​នេះ​ថា មូល​ហេតុ​ដែល​បណ្តាល​ឱ្យ​​ជនរងគ្រោះទាំង​២​នាក់​ធ្លាក់​ទឹក​ខាងលើ​នោះ គឺ​បណ្តាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំងធ្វើ​ឱ្យ​អូរ​ហូរ​ច្រក​ទឹកស្ពាន​ ខណៈ​​ពេល​​ស្ពាន​ថ្មី​ធ្វើ​មិនទាន់​រួច​រាល់ ចំណែក​ស្ពានឆ្លង​អូរជាកន្លែង​កើតហេតុ​នេះ ដែល​គេធ្វើ​ឱ្យ​​​មាន​​ទឹក​ហូរ​ខ្លះ​ច​នៅ​​ខាងក្រោម​​ស្ពាន​សម្រាប់​ទុក​ឱ្យ​​​គេ​ធ្វើ​​ដំណើរ​ការ​បណ្តោះ​អាសន្ន​នោះ​ ​គឺ​ជា​ផ្លូវ​វាង​ស្ពាន ប៉ុន្តែ​យុវជន​ទាំង​២​នាក់​ខាងលើនេះ ខណៈ​ជិះ​មក​ដល់​កន្លែង​កើតហេតុ ហើយ​មើល​ឃើញ​ស្ថាន​ភាព​ខាង​លើ​ស្ពាន​មាន​ដីខ្លះ​ពី​​លើ​ស្ពាន​ ដែល​គេ​អាច​ទៅបាន​ខ្លះនោះ យុវជន​ទាំង​២​នាក់​ក៏​ធ្វើ​ដំណើរ​ឆ្លង​ស្ពាន​នោះ ខណៈ​ធ្វើ​ដំណើរ​ជិត​ផុត​ទៅហើយ ស្រាប់តែ​បាក់​ស្រុត​ស្ពាន​នោះ បណ្តាល​ឱ្យ​លិចបាត់​តែម្តង ។

លោកអធិការ​បន្តទៀតថា រហូត​មក​ដល់​ពេល​នេះជនរងគ្រោះទាំង​២​នាក់​ខាង​លើ​នៅ​មិនទាន់​រក​ឃើញ​នៅ​ឡើយទេ ខណៈ​ពេល​សមត្ថកិច្ច​នៅ​កំពុង​តែ​​រុក​រក​ជន​រង​គ្រោះទាំង​២​នាក់​នៅ​ឡើយ ហើយ​ជនរងគ្រោះ​ទាំង​២​នាក់​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ​ប៉ុណ្ណោះ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះសន្តិភាព