អាណិតណាស់! ទារកម្នាក់ត្រូវម្ដាយយកមកប្លុងចោល ជាមួយក្រដាសមួយសន្លឹកសរសេរប្រាប់ដំណើរដើមទង

  • ព្រហស្បតិ៍ ២៥ កក្តដា, ២០១៩ ១៣:៤៧

អាមេរិក៖ ថ្មីៗកន្លងទៅនេះ ទារកទើបតែនឹងកើតបាន១ថ្ងៃ ត្រូវបានម្ដាយយកមកប្លុងចោលពីមុខផ្ទះស្រ្តីម្នាក់ ដោយមានក្រដាសសរសេរមួយសន្លឹកផងដែរ។

ហេតុការណ៍នេះត្រូវបានកើតឡើងថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០១៩កន្លងទៅនេះ នៅក្នុងទីក្រុងOrlando រដ្ឋផ្លររីដា។ 

ទារកដែលត្រូវម្ដាយយកមកប្លុងចោល

យោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា ទារករុំដោយអាវយឺតត្រូវបានប្រទះឃើញនៅពីមុខមាត់ទ្វារផ្ទះរបស់ស្រ្តីម្នាក់។ នៅជាប់នឹងខ្លួនរបស់ទារកមានក្រដាសមួយសន្លឹកដោយសរសេរថា «ខ្ញុំបានបង្កើតកូនប្រុសនេះនៅក្នុងបន្ទប់ទឹកដោយខ្លួនឯង នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩។ ប្ដីរបស់ខ្ញុំព្យាយាមសម្លាប់ពួកយើងទាំងពីរនាក់ម្ដាយកូន។ សូមជួយយកកូនប្រុសខ្ញុំទៅមន្ទីរពេទ្យនិងមើលថែរក្សាជាការសម្ងាត់ផង។ ប្ដីរបស់ខ្ញុំសាហាវខ្លាំងណាស់។ ខ្ញុំសុំទោសផង ខ្ញុំបានព្យាយាមសម្អាត និងបំប៉ៅកូននេះហើយ។»

ក្រដាសដែលនៅជាប់ទារក

ស្ត្រីដែលជាម្ចាស់ផ្ទះបានប្រាប់ប្រភពឲ្យដឹងថា អំឡុងពេលនោះ នាងកំពុងនៅក្នុងផ្ទះចម្អិនអាហារពេលព្រឹក នាងក៏បានលឺសូរសំឡេងទារកស្រែកយំ។ នាងក៏បានដើរទៅរកសំឡេង នៅពេលបើកទ្វារក៏ឃើញទារកកំពុងដេកយំនៅចំពីមុខមាត់ទ្វារផ្ទះ។ នាងក៏បានទាក់ទងទៅខាងប៉ូលិសភ្លាមៗ ដើម្បីមកដល់កន្លែងកើតហេតុ។

មាត់ទ្វារដែលទារកត្រូវម្ដាយយកមកទុកចោល

ប៉ូលិសបានបញ្ជូនទារកនោះទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យសុខភាព។ ក្រោយពីបានពិនិត្យរួចមក ទារកគឺមានសុខភាពល្អ។ ប៉ូលិសកំពុងធ្វើការស៊ើបអង្កេតស្វែងរកម្ដាយរបស់ទារកនោះ។

ប្រភពបានបន្ដថា នៅក្នុងរដ្ឋផ្លររីដា អ្នកដែលបង្កើតកូនរួចប៉ុន្ដែមិនត្រូវការកូន អាចយកទៅដាក់នៅមន្ទីរពេទ្យឬស្ថានីយ៍ពន្លត់អគ្គីភ័យបាន គឺមិនមានទោសនោះទេ។ ដោយស្រ្តីជាម្ដាយរបស់ទារកខាងលើល្មើសច្បាប់ យកកូនទៅទុកចោលនៅពីមុខផ្ទះអ្នកដ៏ទៃ ដូច្នេះនាងនឹងប្រឈមមុខជាមួយនឹងច្បាប់៕