ទីបំផុត ហ្វេសប៊ុកត្រូវតុលាការពិន័យប្រាក់ដល់ទៅ ៥ពាន់លានដុល្លារ ចំពោះការគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់មិនបានត្រឹមត្រូវ

អាមេរិក៖ បន្ទាប់ពីមានពាក្យចចាមអារ៉ាមអស់រយៈពេលរាប់ខែមក នៅទីបំផុតហ្វេសប៊ុកត្រូវបានតុលាការពិន័យប្រាក់ជាផ្លូវការដល់ទៅ ៥ពាន់លានដុល្លារ កាលពីព្រឹកថ្ងៃពុធម្សិលមិញនេះ។

នេះគឺជាការផាកពិន័យដ៏ច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តអាមេរិក ហើយមូលហេតុដែលគណៈកម្មការសហព័ន្ធពាណិជ្ជកម្មអាមេរិក (FTC) ធ្វើការផាកពិន័យប្រាក់ច្រើនលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ គឺដោយសារតែហ្វេសប៊ុកបានយកទិន្នន័យរបស់អ្នកប្រើប្រាស់ យកទៅប្រើប្រាស់ដោយពុំបានត្រឹមត្រូវ។

នៅក្នុងសេចក្តីប្រកាសរបស់ FTC បានឱ្យដឹងថា ការផាកពិន័យនេះត្រូវបានធ្វើឡើងដោយចោទប្រកាន់ក្រុមហ៊ុនហ្វេសប៊ុកបានរំលោភលើបទបញ្ជារបស់ FTC ឆ្នាំ២០១២ ដោយលើកហេតុផលថា ហ្វេសប៊ុកបានបោកបញ្ឆោតអ្នកប្រើប្រាស់ទាក់ទិនទៅនឹងសមត្ថភាពក្នុងការគ្រប់គ្រងភាពជាឯកជននៃព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ។

ដូច្នេះតើលុយចំនួន ៥ពាន់លានដុល្លារបានទៅលើអ្នកណា?

ចម្លើយនោះគឺ មិនមែនបានទៅលើអ្នកដែលត្រូវហ្វេសប៊ុកបោកយកទិន្នន័យនោះទេ ផ្ទុយទៅវិញលុយទាំងអស់នោះត្រូវបានធ្លាក់ចូលក្នុងរដ្ឋាភិបាលអាមេរិក ដោយចាត់ទុកលុយទាំងនោះគឺជាទ្រព្យសម្បត្តិជាតិ។ នេះបើយោងតាមប្រភពសារព័ត៌មានច្បាស់ការណ៍មួយលើកឡើង៕

គណៈកម្មការសហព័ន្ធពាណិជ្ជកម្មអាមេរិក (FTC)
រូបតំណាង