និយាយគ្នាបាន!! កីឡាករម្នាក់អន់ចិត្តក្រោយ Barcelona ឲ្យលេខ 21 ទៅ De Jong

  • សុក្រ ២៦ កក្តដា, ២០១៩ ០៩:០៨

ជប៉ុន៖ ខ្សែបម្រើរបស់ Barcelona កីឡាករ Carles Alena បានបង្ហើបឲ្យដឹងថា ក្លិបបានសន្យាឲ្យលេខ ២១ ដែលជាលេខរបស់ខ្លួនទៅឲ្យ De Jong ដោយមិនបានពិភាក្សាជាមួយគេជុំវិញរឿងដោះដូរលេខនេះទេ។ 

កីឡាករ Carles Alena

Alena បានពាក់អាវលេខ ២១ ជាមួយក្លិបអ្នកមានបុណ្យ Barcelona កាលពីរដូវកាលមុន បន្ទាប់ពីការចាកចេញរបស់ Andre Gomes ទៅចូលរួមជាមួយក្លិបអង់គ្លេស Everton។ ប៉ុន្តែនៅរដូវកាលថ្មីខាងមុខនេះ លេខ ២១ នឹងត្រូវពាក់ដោយកីឡាករចំណូលថ្មី De Jong នឹងបានធ្វើឲ្យ Alena បង្ហាញអារម្មណ៍មិនសូវសប្បាយចិត្ត។

កីឡាករ Carles Alena និង De Jong

“ការផ្ដល់លេខ ២១ ទៅ De Jong គឺជារឿងរវាងគេនឹងខ្ញុំ។ ខ្ញុំគួរតែទទួលបានការជូនដំណឹង ពីព្រោះក្លិបសន្យាជាមួយគេដោយមិនបានប្រាប់ខ្ញុំនោះទេ។ វាគឺជារឿងមួយដែលមិនល្អ។” Alena ប្រាប់អ្នកកាសែតអំឡុងការធ្វើដំណើរទៅប្រកួតមិត្តភាពនៅប្រទេសជប៉ុន។ 

កីឡាករ Carles Alena

ជុំវិញការដោះដូរលេខ ២១ នេះក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់បានផ្ដល់លេខ ១៩ ទៅឲ្យ Alena សម្រាប់រដូវកាលថ្មី។ ប៉ុន្តែមិនថាលេខណានោះទេសំខាន់លើការបង្ហាញទម្រង់លេខនោះ ជាក់ស្ដែង Messi ក៏ធ្លាប់ពាក់លេខ ១៩ នេះពីររដូវកាលផងដែរគឺចន្លោះឆ្នាំ ២០០៦ ដល់ ២០០៨។

Messi ពាក់លេខ ១៩

សូមបញ្ជាក់ផងដែរថា ខ្សែបម្រើដែលមានកំណើតកើតជានៅតំបន់កាតាឡាន់ Alena បង្ហាញខ្លួនឲ្យ Barcelona ចំនួន ១៧ប្រកួតកាលពីរដូវកាលមុន នៅក្នុងក្របខណ្ឌ La Liga ហើយពេលនេះរូបគេក៏នឹងកំពុងតែរួមដំណើរជាមួយក្រុម សម្រាប់ការប្រកួតមិត្តភាព Pre-Season ផងដែរ៕