ក្លិបធំចំនួន ៣ កំពុងអន្ទងចង់បានខ្សែបម្រើ Ivan Rakitic ពី Barcelona

  • សុក្រ ២៦ កក្តដា, ២០១៩ ១៣:៤៣

អេស្ប៉ាញ៖ ខ្សែបម្រើរបស់ជម្រើសជាតិក្រូអាត និងក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Ivan Rakitic ទំនងអាចនឹងចាកចេញពីក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់ក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ។

កីឡាករ Ivan Rakitic

បើតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ AS បានឲ្យដឹងថាម្ចាស់អាវលេខ ៤ នៅ Barcelona ជិតនឹងចាកចេញពីក្លិបហើយ ខណៈក្លិបបិសាចក្រហម Manchester United, ក្លិបអ្នកមាននៅបារាំង Paris Saint-Germain និង Inter Milan សុទ្ធតែរាយការណ៍មកថាកំពុងចង់បានកីឡាកររូបនេះ។

កីឡាករ Ivan Rakitic

អ្នកចាត់ការទូទៅរបស់ Barcelona លោក Ernesto Valverde បាននាំយកជម្រើសហូឡង់ Frenkie de Jong ពី Ajax សម្រាប់ត្រៀមរដូវកាលថ្មីនេះ ហើយលោកក៏មានបំណងផ្ដល់ឱកាសដល់ Sergi Roberto លើទីលានឲ្យបានច្រើន ដែលហេតុផលទាំងនេះអាចនឹងធ្វើឲ្យ Rakitic មានឱកាសស្ដួចស្ដើងក្នុងការបង្ហាញខ្លួនលើទីលាន បើសិនជាគេនៅបន្ត។

លោក Ernesto Valverde

Rakitic នៅសល់កុងត្រាជាមួយ Barcelona រហូតដល់ឆ្នាំ ២០២១ ប៉ុន្តែក្រោយការទិញបានខ្សែប្រយុទ្ធ Antoine Greizmann ក្នុងតម្លៃខ្លួន ១០៨លានផោន ក្លិបទំនងនឹងបើកទ្វារឲ្យកីឡាករដែលជួយក្រូអាតឡើងវគ្គផ្ដាច់ព្រ័ត្រ FIFA World Cup 2018 រូបនេះចាកចេញពីក្លិបដើម្បីទទួលបានលុយខ្លះមកវិញ។

កីឡាករ Ivan Rakitic

យ៉ាងណាមិញ ក្រោយការទាត់បាល់បញ្ចូលទីក្នុងជំនួបមិត្តភាពជាមួយក្លិបតោខៀវ Chelsea កីឡាករ Rakitic បាននិយាយថា គេនឹងបន្តរួមរស់ជាមួយក្លិបបន្តទៀត។

“ខ្ញុំបានទៅនិយាយជាមួយក្លិប និងគ្រូបង្វឹករួចហើយ ពួកយើងមានការគិតដូចគ្នា គឺខ្ញុំនៅបន្តជាមួយ Barca។” សម្ដីរបស់ Rakitic។ 

កីឡាករ Ivan Rakitic បង្ហាញខ្លួនក្នុងការប្រកួតជាមួយ Chelsea

គួរបញ្ជាក់ដែរថា Rakitic បានមកចូលរួមជាមួយ Barcelona ក្នុងឆ្នាំ ២០១៤ ក្រោយផ្លាស់មកពីក្លិបរួមលីគ Sevilla ដោយគិតមកទល់ពេលនេះ ខ្សែបម្រើរូបនេះបង្ហាញខ្លួនឲ្យ Barcelona លើសពី ២៥០ប្រកួត៕