ដាក់ទោសស្រ្តីម្នាក់ឱ្យជាប់ពន្ធនាគារចំនួន ២០ឆ្នាំពីបទឆបោកដោយសំបកក្រៅធ្វើពុតជាចិត្តល្អ បើកមជ្ឈមណ្ឌលកុមារកំព្រាជួយចិញ្ចឹមក្មេង១០០នាក់

  • សុក្រ ២៦ កក្តដា, ២០១៩ ១៣:៣៧

ចិន៖ ស្រ្តីជនជាតិចិនម្នាក់ត្រូវបានគេចាត់ទុកថាជាសប្បុរសជន ដែលបានទទួលចិញ្ចឹមកុមារជាង ១០០នាក់នៅក្នុងមណ្ឌលកុមារកំព្រារបស់នាងឈ្មោះ «Love Village ឬភូមិនៃសេចក្តីស្រលាញ់» ហើយឥឡូវនេះត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន២០ឆ្នាំពីបទឆបោកដោយសំបកក្រៅធ្វើពុតជាចិត្តល្អយកក្មេងទៅចិញ្ចឹម។

ក្រៅពីទោសជាប់ពន្ធនាគារចំនួន២០ឆ្នាំហើយ នាង Li Yanxia ក៏ត្រូវបានពិន័យប្រាក់ចំនួន ២,៦៧លានយ័ន ឬស្មើនឹង ៣៨៧,៩០០ដុល្លារ ក្រោយការកាត់ទោសជាសាធារណៈនាពេលថ្មីៗនេះ រួមជាមួយនឹងមនុស្ស ១៥នាក់ផ្សេងទៀត រួមទាំងមិត្តប្រុសរបស់នាងឈ្មោះ Xu Qi ផងដែរ។

នាង Li Yanxia ឈ្មោះក្រៅហៅ Li Lijuan អាយុ៥៤ឆ្នាំ ត្រូវបានឃុំឃាំងកាលពីឆ្នាំមុនចំពេលមានការចោទប្រកាន់ថានាងបានទទួលប្រាក់បរិច្ចាគយ៉ាងច្រើនក្នុងរយៈពេល ២១ឆ្នាំមកនេះ។ ចំនួនទឹកប្រាក់នេះត្រូវបានគេរាយការណ៍ថា នាងបានយកវាទៅប្រើប្រាស់សម្រាប់សេចក្តីសុខខ្លួនឯងទៅវិញ។

នាង Li Yanxia
នាង Li Yanxia និងកុមារកំព្រា

យោងតាមសេចក្តីថ្លែងការណ៍របស់តុលាការកំពូលនៃប្រទេសចិនបានឱ្យដឹងថា នាង Li ត្រូវបានជាប់ទោសពីបទឆបោកដោយប្រើប្រាស់មជ្ឈមណ្ឌលកុមារកំព្រារបស់នាង សម្រាប់ប្រព្រឹត្តឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងការក្លែងបន្លំនិងឧក្រិដ្ឋកម្មជាច្រើនផ្សេងទៀត។

បច្ចុប្បន្នមជ្ឈមណ្ឌលកុមារកំព្រារបស់នាង ដែលមានទីតាំងនៅក្នុងទីក្រុង Wu’an ខេត្តហឺប៉ី ត្រូវបានគ្រប់គ្រងដោយមជ្ឈមណ្ឌលកុមារកំព្រាដទៃទៀត។

ដោយឡែក ចំពោះមិត្តប្រុសនាងឈ្មោះ Xu Qi វិញត្រូវទទួលទោសដោយជាប់ពន្ធនាគារចំនួន ១២ឆ្នាំ និងពិន័យប្រាក់ដល់ទៅ ១,២លានយ័ន (១៧៤,៦០០ដុល្លារ) ពីបទរំខានសណ្តាប់ធ្នាប់សង្គម ការជំរិតយកប្រាក់ ការលួចបន្លំ និងការបង្កឱ្យអ្នកដទៃរងរបួសដោយចេតនា។ ចំណែក អ្នករួមគំនិតដទៃទៀតត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចាប់ពី ១ឆ្នាំទៅ ៤ឆ្នាំ។ អ្នកខ្លះក៏ត្រូវបានពិន័យជាសាច់ប្រាក់ផងដែរ។

លើសពីនេះទៀត រឿងរ៉ាវរបស់នាង Li Yanxia វិញក៏បាននិងកំពុងតែល្បីពេញបណ្តាញសង្គមចិនផងដែរ។ មនុស្សម្នាជាច្រើននាក់សុទ្ធសឹងតែមិនពេញចិត្តចំពោះនាងជាខ្លាំង៕