ប្រិ​ម​ប្រិ​យ ជួប​គូស្នេហ៍​ថ្មី​ហើយ តើ​ជា​នរណា?

រាជធានី​ភ្នំពេញ​៖ តារា​កំប្លែង​សម្បូរ​ពាក្យពេចន៍​ឲ្យ​អ្នក​មើល​សើច​សប្បាយ​អ្នក​នាង​ម៉ក់ សុ​គ​ន្ឋ​ដា​និច្ច ហៅ​ប្រិមប្រិយ ខក​ស្នេហ៍​ច្រើន​លើក​ច្រើន​សា​មក​ហើយ ប៉ុន្តែ​ពេល​នេះ​បាន​ជួប​ស្នេហ៍​ចុង​ក្រោយ និង​លេចឮ​ថា​ត្រៀម​នឹង​ចូល​រោងការ​ទៀត​ផង ។ តើ​បុរស​នោះ​ជា​នរណា?

ក្នុងអំឡុងពេល​នេះ​លេចឮ​ព័ត៌មាន​ថា​តារា​កំប្លែង​នាង​ប្រិមប្រិយ ប្រហែល​ដល់​គូ​មែនទែន​ហើយ ដោយ​បុរស​នោះ​សម​តាម​អ្វី​ដែល​នាង​ប្រាថ្នា ហើយ​ពួក​គេ​នឹង​ចូល​រោងការ​នា​ពេល​ខាង​មុខ​ប្រសិនបើ​ក្ដី​ស្នេហ៍​ដែល​សាង​ឡើង​នេះ​កាន់តែ​ប្រសើរ​ឡើង។

នៅ​ពេល​លេចឮ​ថា​ប្រិមប្រិយ​ជួប​ស្នេហា​ម្តងទៀត​ហើយ​នា​ពេល​នេះ មិត្ត​ជិតដិត​បាន​ជូនពរ​នាង​ឲ្យ​ជួប​តែ​សុភមង្គល ជា​ស្នេហ៍​អមតៈ​តទៅ កុំ​ឲ្យ​បែកបាក់​ទៀត ។ បុរស​ដែល​ប្រិមប្រិយ​ស្ម័គ្រ​ស្នេហ៍​នោះ​ឈ្មោះ​«​សុ​ន​ដៃ​អក​»​ជា​តន្ត្រីករ​ប្រគំ​នៅ​តាម​ស្ថានីយទូរទស្សន៍​មួយ​ចំនួន ។ មិនដឹង​ថា​ពួក​គេ​ឆក់​បេះដូង​គ្នា​តាំង​តែ​ពី​ពេល​ណា​នោះ​ទេ តែ​មាន​ប្រភព​ទម្លាយ​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ពួក​គេ​អាច​នឹង​រៀប​ការ​នៅ​ដើមឆ្នាំ​២០២០​ខាង​មុខ​នេះ។

ទោះជា​យ៉ាងណា​ក្ដី​ប្រិមប្រិយ មិន​ទាន់​បើក​បង្ហាញ​គូស្នេហ៍​នេះ​ទេ ទាំង​តាម​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ក៏​មិនឃើញ​បង្ហាញ​រូបភាព​ផ្អែមល្ហែម​នឹង​គ្នា ដូច​គូស្នេហ៍​កន្លង​មក​ទេ ។ ដូច្នេះ​ហើយ​រឿង​ស្នេហ៍​របស់​ប្រិមប្រិយ​នឹង​បុរស​នោះ វា​មិន​ទាន់​ច្បាស់លាស់​នៅឡើយ។

អតីតកាល​របស់​តារា​កំប្លែង​នាង​ប្រិមប្រិយ​គឺ​នាង​ជួប​ស្នេហា​ទី​១​ក្រោយ​សម្រេចចិត្ត​ចូល​ក្រុម​កំប្លែង​ដ៏​លេចធ្លោ​មួយ​មុន​ពេល​ងាក​ទៅ​ក្រុម​នាយ​កុយ ។ អំឡុង​ពេល​នោះ​នាង​បាន​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​តារា​កំប្លែង​ម្នាក់​ដែល​មានឈ្មោះ​ល្បី ។ ពួក​គេ​មានកូន​ស្រី​ម្នាក់​ជាមួយ​គ្នា ប៉ុន្តែ​ស្នេហ៍​នេះ​បាន​ដល់​ផ្លូវបំបែក​ជា​យូរ​មក​ហើយ ។ ដូច្នេះ​ហើយ​ប្រិមប្រិយ តស៊ូ​រក​លុយ​ចិញ្ចឹម​កូនស្រី​ដោយ​ប្រកាន់​យក​អាជីព​សិល្បៈ​ជា​ធំ។

បន្ទាប់​ពី​ចូល​ជា​សមាជិក​ក្រុម​កំប្លែង​នាយ​កុយ មក សន្ទុះ​កេរ្តិ៍ឈ្មោះ​នាង​ប្រិមប្រិយ​កាន់តែ​ល្បី​ឡើង ព្រោះ​នាង​មាន​សម្រស់​ស្រស់​ស្អាត​គួប​ផ្សំ​ជាមួយ​ការ​មាន​ទេព​កោសល្យ​សិល្បៈ​កំប្លែង​ផង។

ប្រវត្តិ​ស្នេហ៍​ថ្មី​មួយទៀត​របស់​នាង​ប្រិមប្រិយ​គឺ​កើតឡើង​ពេល​នាង​ទៅ​សម្តែង​នៅ​អា​មេ​រិ​ក​ជាមួយ​នាយ​ក្រិន រយៈពេល​៦​ខែ កាលពី​ជិត​២​ឆ្នាំ​មុន ។ នាង​បាន​សាង​ស្នេហ៍​នឹង​បុរស​វ័យក្មេង​ម្នាក់​ដែល​ជា​អ្នកចម្រៀង​ដែរ ។ បុរស​កូន​ខ្មែរ​នៅ​អា​មេ​រិ​ក​នោះ គឺ​លោក​នី​ត​អតីត​បេក្ខជន​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​ជាតិ​ជា​សាកល។

បាន​ប៉ុន្មាន​ខែ​ក្រោយមក បុរស​នោះ​មក​ភ្ជាប់ពាក្យ​ជាមួយ​នាង​ប្រិមប្រិយ ធ្វើ​ឲ្យ​មហាជន និង​អ្នកសិល្បៈ​រួម​អាជីព យល់​ថា​ប្រិមប្រិយ នឹង​បាន​ចូល​រោងការ​សាង​ជីវិត​គូ​ជាមួយ​បុរស​នោះ​ហើយ ។ ទោះជា​យ៉ាងណា​ក្ដី​វា​មិន​ដូ​ច្នោះ​ទេ ពួក​គេ​កើត​ភាព​មិន​ចុះសម្រុង ហើយ​ក៏​ចែកផ្លូវ​គ្នា។

ជួប​ស្នេហ៍​មិន​សមប្រកប​ម្ដង​ហើយ​ម្ដងទៀត​នា​ពេល​កន្លង​មក​បែប​នេះ​ធ្វើ​ឲ្យ​មិត្តភក្តិ​អ្នកសិល្បៈ​ចាត់​ទុក​ថា​ប្រិមប្រិយ ជានា​រី​អភ័ព្វ​ស្នេហ៍ តែ​ស្នេហ៍​ថ្មី​នេះ​នឹង​លុប​ពាក្យ​នេះ​ពី​ជីវិត​នាង បើ​បាន​សមប្រកប រៀប​ការ​រួមរស់​នឹង​គ្នា​តរៀង​ទៅ៕