សាហាវមែន! បាញ់សម្លាប់ប្រពន្ធហើយ រត់បីនាងទៅមន្ទីរពេទ្យ ដើម្បីឲ្យពេទ្យជួយសង្គ្រោះ.... (មានវីដេអូ)

  • សុក្រ ២៦ កក្តដា, ២០១៩ ១៥:៤៥

ប្រេស៊ីល៖ ពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល នឹកស្មានមិនដល់ ដែលបុរសជាប្តីវ័យក្មេងសញ្ជាតិប្រេស៊ីលម្នាក់ បានបាញ់សម្លាប់ប្រពន្ធខ្លួនឯង ហើយបែរជារត់បីនាងទៅកាន់មន្ទីរពេទ្យ ដើម្បីឲ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ។

លោក Martins រត់បីប្រពន្ធចូលពេទ្យ

បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានចក្រភពអង់គ្លេស ដេលីម៉ែល ថ្ងៃទី២៥ កក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ បានឲ្យដឹងថា បុរសជាប្តីត្រូវបានគេស្គាល់ឈ្មោះថា លោក Nathan Chaves Martins មានអាយុ២១ឆ្នាំ។ ចំណែកឯ នារីរងគ្រោះជាប្រពន្ធមានឈ្មោះ Gabriella Custodio Silva អាយុ២០ឆ្នាំ។

លោក Martins ត្រូវបានរងការចោទប្រកាន់ពីបទបាញ់សម្លាប់ប្រពន្ធរបស់ខ្លួន ដោយសារតែ លោកគឺជាមនុស្សតែម្នាក់គត់ដែលគ្រប់គ្រងនូវរឿងមួយនេះ។

ជាក់ស្ដែង ផ្អែកតាមរយៈរូបភាពពីកាមេរ៉ាសុវត្ថិភាពនៅក្នុងមន្ទីរពេទ្យ Bethesda Hospital គេឃើញថា ដំបូងឡើយ លោក Martins បានរត់ចូលមន្ទីរពេទ្យទាំងស្លន់ស្លោ ដើម្បីប្រាប់ផ្នែកបុគ្គលិកទទួលភ្ញៀវនៅតុមុខ ពីហេតុការណ៍របស់លោក។

ក្រោយមក ភ្លាមៗនោះ លោក Martins ក៏បានរត់ចេញទៅក្រៅវិញ ដើម្បីទៅបីយកប្រពន្ធរបស់ខ្លួន ចេញពីគូទឡាន ហើយបន្តរត់ឆ្ពោះទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យតែម្តង។ ខណៈដែលរូបលោកក៏បានព្យាយាមធ្វើធម្មតាដោយមិនឲ្យគេដឹងថា ខ្លួនគឺជាអ្នកបាញ់ប្រពន្ធនោះឡើយ។ ព្រោះថាលោកថែមទាំងបានធ្វើឯកសារពេទ្យយ៉ាងត្រឹមត្រូវ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ និងសង្ស័យនោះ លោក Martins បានចាកចេញ និងពុំបានត្រលប់មកកាន់មន្ទីរពេទ្យវិញឡើយ។

លោក Martins រត់បីប្រពន្ធចូលពេទ្យ

នាង Silva ដែលត្រូវជាប្រពន្ធ ត្រូវបានគេរាយការណ៍ថា ទទួលរងនូវស្នាមរបួសដោយគ្រាប់កាំភ្លើងចំដើមទ្រូង ទាំងស្ថិតក្នុងសភាពធ្ងន់ធ្ងរបំផុត។ បើទោះបីជាយ៉ាងណាក្តី ជាអកុសលនាងបានស្លាប់បាត់បង់ជីវិត ក្រោយក្រុមគ្រូពេទ្យបានចំណាយពេលអស់ជាង ២០នាទី ដើម្បីជួយសង្គ្រោះជីវិតនាង។

ប្រភពបានឲ្យដឹងទៀតថា ក្រុមអ្នកស៊ើបអង្កេត(ប៉ូលិស)លើករណីមួយនេះ គឺបានដាក់ការសង្ស័យយ៉ាងខ្ពស់បំផុតទៅលើលោក Martins ថាជាឃាតកដែលបានបាញ់សម្លាប់ប្រពន្ធរបស់ខ្លួន នៅក្នុងផ្ទះម្តាយរបស់លោក កាលពីថ្ងៃអង្គារកន្លងទៅនេះ បន្ទាប់មកលោកបានដឹកយកនាងទៅទុកចោលនៅមន្ទីរពេទ្យ។

ព្រោះជាក់ស្ដែង ក្រោយឆ្លងកាត់តាមរយៈការស្រាវជ្រាវ ស្រ្តីជាម្តាយរបស់លោក Martins បានប្រាប់ប៉ូលិសថា នៅក្នុងថ្ងៃកើតហេតុនោះ រូបគាត់បានឮស្នូរបាញ់កាំភ្លើងនៅក្នុងផ្ទះ។ ប៉ុន្តែនៅពេលដែលគាត់ដើររកមើល ដូចជាមិនឃើញមានអ្វីកើតឡើងនោះទេ ព្រោះថាក្រោយឮស្នូរកាំភ្លើង កូនប្រុសនិងប្រពន្ធរបស់គេ ក៏បានបាត់ស្រមោលឈឹងដូចគ្នា។

គួរឲ្យដឹងផងដែរថា ជុំវិញនឹងករណីនេះ បច្ចុប្បន្នប៉ូលិសក៏កំពុងតែបើកការស៊ើបអង្កេតបន្ថែម និងតាមស្វែងរកលោក Martins ផងដែរ ដើម្បីនាំខ្លួនមកសួរនាំ ព្រោះក្រោយកើតហេតុ គឺលោកបានរត់គេចខ្លួនបាត់តែម្តង៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

លោក Martins និងនាង Silva
នាង Silva