តោះ!! មកស្គាល់កីឡាករដែលថ្លៃបំផុតទាំង ១០ ក្នុងប្រវត្តិសាស្រ្តរបស់ Barcelona

  • អាទិត្យ ២៨ កក្តដា, ២០១៩ ០៨:៣២

អេស្ប៉ាញ៖ ក្លិប Barcelona ដែលមានរហស្សនាមអ្នកមានបុណ្យ គឺជាក្លិបមួយដែលជោគជ័យខ្លាំងនៅអេស្ប៉ាញ និងជាគូប្រជែងដ៏ស្វិតស្វាញជាមួយនឹងក្លិប Real Madrid។ រដូវកាលមុន ក្របខណ្ឌកំពូលរបស់អេស្ប៉ាញ La Liga ត្រូវបានគ្រងតំណែងជើងឯកដោយក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់មួយនេះ។

ជាមួយនឹងភាពជោគជ័យ Barcelona ក៏បាននាំចូលកីឡាករល្អពីក្លិបផ្សេងៗទៀតផងដែរ។ ដោយថ្ងៃនេះ ខ្មែរឡូត នឹងនាំប្រិយមិត្តទៅស្គាល់កីឡាករទាំង ១០ រូបដែល Barcelona ទិញចូលថ្លៃជាងគេក្នុងប្រវត្តិសាស្រ្តរបស់ក្លិប៖

១. Philippe Coutinho 

កីឡាករ Philippe Coutinho

អតីតខ្សែប្រយុទ្ធរបស់ហង្សក្រហម Liverpool ត្រូវបានក្លិបអ្នកមានបុណ្យ Barcelona ទិញមកក្នុងតម្លៃថ្លៃបំផុត សម្រាប់ប្រវត្តិសាស្រ្តក្លិបគឺ ១៤៥លានអឺរ៉ូ កាលពីខែមករា ឆ្នាំ២០១៨។ យ៉ាងណាមិញ វត្តមានរបស់ខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីលរូបនេះ នៅកីឡដ្ឋាន Camp Nou ហាក់មិនសូវទទួលបានភាពជោគជ័យនោះទេ ដោយនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ Barcelona មានបំណងចង់លក់រូបគេចេញផងដែរ។

២. Ousmane Dembele 

កីឡាករ Ousmane Dembele

ក្រោយការចាកចេញរបស់ Neymar ក្លិប Barcelona បានចុះហត្ថលេខាខ្សែប្រយុទ្ធវ័យក្មេង ជម្រើសជាតិបារាំង Ousmane Demble ពីក្លិបអាល្លឺម៉ង់ Borussia Dortmund ជាមួយតម្លៃខ្លួន ១២៥លានអឹរ៉ូ កាលពីរដូវកាល ២០១៧-២០១៨។ មិនខុសពី Coutinho ខ្សែប្រយុទ្ធស្បែកខ្មៅ Dembele ក៏មិនអាចបង្ហាញនូវទម្រង់លេងអស្ចារ្យនៅ Barcelona នោះទេ។

៣. Antoine Griezmann 

កីឡាករ Antoine Griezmann

Barcelona បានចំណាយប្រាក់ ១២០លានអឺរ៉ូ ក្នុងការទិញយកខ្សែប្រយុទ្ធដែលជួយឲ្យបារាំងឈ្នះពាន World Cup កីឡាករ Griezmann ពី Atletico Madrid កាលពីពេលថ្មីៗនេះ សម្រាប់ត្រៀមរដូវកាលថ្មី ២០១៩-២០២០។ ជាមួយតម្លៃខ្លួន ១២០លានអឺរ៉ូ បានធ្វើឲ្យ Greizmann កំពុងឈរឈ្មោះទី ៣ ជាកីឡាករដែលថ្លៃបំផុតនៅក្នុងប្រវត្តិសាស្រ្តក្លិប។ រង់ចាំមើលទាំងអស់គ្នាថា តើ Greizmann អាចបង្ហាញនូវទម្រង់លេងឲ្យសមស្របទៅនឹងតម្លៃខ្លួននៅ Barcelona បានទេ?

៤. Neymar 

កីឡាករ Neymar

ប្រិយមិត្តភាគច្រើនច្បាស់ជាស្គាល់ច្បាស់ Neymar ដែលជាកីឡាករមានតម្លៃខ្លួនថ្លៃជាងគេបំផុតនៅលើលោក ពោលគឺ ២២២លានអឺរ៉ូ បន្ទាប់ពីផ្លាស់ពី Barcelona ទៅចូលរួមជាមួយជើងឯកបារាំង Paris Saint-Germain កាលពីឆ្នាំ ២០១៧។ ប៉ុន្តែ Barcelona ចំណាយប្រាក់ត្រឹមតែ ៨៨.២ លានអឺរ៉ូប៉ុណ្ណោះ ក្នុងការនាំយករូបគេមករួមក្រុមកាលពីរដូវកាល ២០១៣-២០១៤។

៥. Luis Suarez 

កីឡាករ Luis Suarez

ម្ចាស់អាវលេខ ៩ របស់ Barcelona ខ្សែប្រយុទ្ធ Luis Suarez កំពុងតែឈរឈ្មោះជាកីឡាករទី ៥ ដែល Barcelona ទិញចូលថ្លៃបំផុត។ ខ្សែប្រយុទ្ធជម្រើសជាតិអ៊ុយរ៉ាហ្គាយរូបនេះ បានមកចូលរួមជាមួយ Barcelona កាលពីរដូវកាល ២០១៤-២០១៥ ក្នុងតម្លៃខ្លួន ៨១.៧២លានអឺរ៉ូ ក្រោយផ្លាស់មកពីកីឡដ្ឋាន Anfield របស់ Liverpool។

៦.Frenkie de Jong 

កីឡាករ Frenkie de Jong

ក្រោយបង្ហាញភាពលេចធ្លោជាមួយ Ajax កាលពីរដូវកាលមុន ខ្សែបម្រើកណ្ដាល Frenkie de Jong ត្រូវបានក្លិប Barcelona ទិញយករួមក្រុមសម្រាប់រដូវកាលថ្មី(២០១៩-២០២០) ជាមួយតម្លៃខ្លួន ៧៥លានអឺរ៉ូ។ យើងនឹងរង់ចាំមើលទាំងអស់គ្នាថាខ្សែបម្រើជម្រើសជាតិហូឡង់រូបនេះ លេងបានល្អកម្រិតណាជាមួយ Barcelona?

៧. Zlatan Ibrahimovic 

កីឡាករ Zlatan Ibrahimovic

Zlatan Ibrahimovic គឺជាកីឡាករមួយរូបដែលមានឈ្មោះបោះសំលេងនៅលើពិភពលោក។ ខ្សែប្រយុទ្ធជម្រើសជាតិស៊ុយអែត រូបនេះបានផ្លាស់ពីក្លិបនៅអ៊ីតាលី Inter Milan មកចូលរួមជាមួយ Barcelona ក្នុងតម្លៃខ្លួន ៦៩.៥លានអឺរ៉ូ កាលពីរដូវកាល ២០០៩-២០១០ ដែលបានធ្វើឲ្យគេជាប់ឈ្មោះជាកីឡាករលេខរៀង ទី៧ ដែលមានតម្លៃខ្លួនថ្លៃសម្រាប់ក្លិប Barcelona។

៨. Malcom 

កីឡាករ Malcom

Barcelona បាននាំចូលស្លាបស្ដាំ Brazil កីឡាករ Malcom ពីក្លិបនៅ Ligue1 Bordeaux កាលពីរដូវកាលមុននេះ ក្នុងតម្លៃខ្លួន ៤១លានអឺរ៉ូ។ ចំណាយរយៈពេលមួយរដូវកាលជាមួយក្លិបអ្នកមានបុណ្យ ពេលនេះអនាគតរបស់ Malcom កំពុងតែស្ថិតនៅចំណុចរសើបដោយក្លិបមានចេតនាក្នុងការលក់រូបគេចេញវិញ។

៩. David Villa 

កីឡាករ David Villa

បងប្អូនប្រិយមិត្ត ច្បាស់ជាស្គាល់នូវអតីតកំពូលខ្សែប្រយុទ្ធកណ្ដាលរបស់ ជម្រើសជាតិអេស្ប៉ាញ កីឡាករ David Villa។ Villa គឺជាតួអង្គសំខាន់មួយក្នុងការជួយក្រុមជម្រើសជាតិអេស្ប៉ាញឲ្យឈ្នះពាន World Cup 2010 នៅប្រទេសអាហ្វ្រិកខាងត្បូង។ ជាមួយគ្នានេះបច្ចុប្បន្ន David Villa កំពុងតែជាប់ឈ្មោះជាកីឡាករថ្លៃទី៩ សម្រាប់ Barcelona ក្រោយក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់ទិញរូបគេពី Sevilla ក្នុងតម្លៃខ្លួន ៤០លានអឺរ៉ូ កាលពីរដូវកាល ២០១០-២០១១។

១០. Paulinho  

កីឡាករ Paulinho

ក្រោយបង្ហាញទម្រង់លេងបានយ៉ាងល្អជាមួយក្លិបចិន Guangzhou Evergrande Taobao ខ្សែបម្រើកណ្ដាលសញ្ជាតិប្រេស៊ីលត្រូវបាន Barcelona ទិញយកមកលេងនៅទឹកដីអេស្ប៉ាញក្នុងរដូវកាល ២០១៧-២០១៨ ជាមួយតម្លៃខ្លួនដូចគ្នាទៅនឹង David Villa ដែរគឺ ៤០លានអឺរ៉ូ។ ប៉ុន្តែអ្វីៗត្រូវបានខុសពីការរំពឹងទុក ក្រោយចំណាយរយៈពេលមួយរដូវកាលនៅលើទឹកដីអេស្ប៉ាញ Paulinho បានត្រឡប់ទៅចូលរួមជាមួយក្លិបចិនវិញ ក្រោយបង្ហាញទម្រង់លេងមិនសូវជាបានល្អ៕